កីឡាករបាល់ទាត់ខ្សែប្រយុទ្ធ ដាន៊ែល ស្ទឺរិជ ត្រឡប់មកជួយក្រុមវិញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធដែលមានល្បឿនលឿន ដាន៊ែល ស្ទឺរិជ (Daniel Sturridge) បានប្រកាសថា គាត់ ត្រៀមខ្លូនរួចហើយ ដើម្បីក្លាយជាកីឡាករជំរើសដំបូងរបស់ក្រុមលីវើភូល (Liverpool) ក្នុងការ ប្រកួតព្រីមែលីក (Premier League) ជាមួយនឹងក្រុម ស្វានស៊ី ស៊ីធី (Swansea City) នៅថ្ងៃអាទិត្យនេះ ហើយវត្តមានរបស់គាត់នឹងអាចបន្ថែមឥទ្ធិពលដល់ក្រុម បន្ទាប់ពីពួកគេរងការឈឺចាប់ ដោយចាញ់ជាបន្តបន្ទាប់ ក្នុងកំឡុងពេលគាត់កំពុងព្យាបាលរបួស។
កីឡាករខ្សែប្រយុទ្ធ ដែលមានល្បឿនលឿន ដាន៊ែល ស្ទឺរិជ។
លោកប្រិនដាន រ៉ដចឺ (Brendan Rodgers) គ្រូបង្វឹករបស់ក្រុមលីវើភូល បានយល់ព្រមឲ្យខ្សែប្រយុទ្ធ ដែលទើបតែទិញមកពីក្រុមឆែលស៊ី (Chelsea) កាលពីខែមករានេះ ត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីរូបគេខកខានប្រកួតកាលពីថ្ងៃច័ន្ទ ដែលចាញ់ក្រុម វេស្ត ប្រូមវិជ អាល់ប៊ែន (West Bromwich Albion) ដោយសារតែបញ្ហារបួសភ្លៅ។
ក្រុមលីវើភូលបានចាញ់ក្នុងការប្រកួតនោះក្នុងលទ្ធផល ២-០ ហើយបន្ទាប់មកចាញ់ចំនួនគ្រាប់ដូចគ្នា ក្នុងការប្រកួតអ៊ឺរ៉ូប៉ាលីក (Europa League) វគ្គ៣២ក្រុម ជាមួយនឹងក្រុម ហ្សីនីត អេសធី ផិតធឺស្បឺក (Zenit St Petersburg) និងជាការប្រកួតដែលកីឡាករស្ទឺរិជ ខកខានមិនបានប្រកួត ដូចគ្នា។
ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញពីឥទ្ធិពលរបស់ខ្លួនភ្លាមៗ សំរាប់ក្រុមលីវើភូល ដោយបានរកគ្រាប់បាល់បញ្ចូលទី បានចំនួន៤គ្រាប់ ក្នុងការប្រកួតដំបូង ៦លើករបស់គាត់។
លោករ៉ដចឺ បានប្រាប់កាលពីថ្ងៃសុក្រថា «ដាន៊ែល មកចូលរួមជាមួយក្រុម ហើយគាត់លេង បានយ៉ាងល្អ។ គាត់ជាកីឡាករដែលអស្ចារ្យម្នាក់ ហើយនឹងអាចចូលលេងនៅចុងសប្តាហ៏នេះ»។
កីឡាករ ហ្វីលីប ខូធីញ៉ូ (Philippe Coutinho) របស់ក្រុមលីវើភូលទី២ ដែលទើបតែទិញក្នុង កំឡុងខែមករានេះដែរនោះ ក៏នឹងអាចចូលលេងជាជម្រើសដំបូងបានដែរ បន្ទាប់ពីចូលលេង លើកដំបូងរបស់ខ្លួន ស្ថិតជាកីឡាករបម្រុង ហើយទាត់ចាញ់ក្រុមវេស្ត ប្រូម។
លោករ៉ដចឺបានបន្ថែម «គាត់ជាកីឡាករសំខាន់ ក្នុងការគិតរបស់ខ្ញុំ។ អ្នកអាចឃើញពី សមត្ថភាពរបស់គាត់កាលពីនៅក្មេង ហើយគាត់ជាកីឡាករវ័យក្មេងដែលមានបទពិសោធ ច្រើន។ សំរាប់ថ្ងៃអាទិត្យនេះ គាត់ពិតជាយល់ពី កិច្ចការដែលខ្ញុំធ្វើ ហើយគាត់ពិតជាមាន សមត្ថភាពដែលអាចចូលលេងបាន និងអាចជួយបង្កើនសមត្ថភាពក្រុមបន្ថែមទៀត៕»
----------------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ