បាល់ទាត់ពិភពលោក៖ អ៊ុយរូហ្គាយឆ្លងវគ្គទាំងអួលអាក់ តែបានជម្រុះអារ៉ាប៊ីសាអ៊ូឌីត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 21, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចបានដាក់ នៅក្នុងចំណងជើង! បានឆ្លងវគ្គទាំងអួលអាក់ ដែលយកឈ្នះ ១-០ លើក្រុមអេហ្សីព នៅចុងម៉ោង កាលពីការប្រកួតជុំដំបូង ហើយក្រុមអ៊ុយរូហ្គាយដដែល បានយកឈ្នះលើក្រុម អារ៉ាប៊ីសាអ៊ូឌីត ជាមួយនឹងគ្រាប់បាល់ ដ៏ស្ដួចស្ដើងជាថ្មីទៀត នៅក្នុងការប្រកួតជុំទីពីរ ក្នុងល្ងាចថ្ងៃពុធនេះ។
កីឡាករ ល្វី ស្វារ៉េស (Luis Suarez) ជាអ្នករកគ្រាប់បាល់ បានតែមួយគត់ (នាទីទី២៣) នៅក្នុងការប្រកួតដ៏តឹងតែង ខណៈក្រុមអារ៉ាប៊ីសាអ៊ូឌីត បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីស្វែងរកក្ដីសង្ឃឹម ក្នុងការបន្តជីវិត នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឲ្យបានយូរតទៅទៀត។
ក្រុមអ្នកគាំទ្រ ច្បាស់ជាបានទន្ទឹង រង់ចាំមើលគ្រាប់បាល់បន្ថែម ពីសំណាក់ខ្សែប្រយុទ្ធ ដ៏ល្បីមួយរូបទៀត របស់ក្រុមអ៊ុយរូហ្គាយ គឺកីឡាករ អេឌីសុន កាវ៉ានី (Edilson Cavani)។ ប៉ុន្តែខ្សែប្រយុទ្ធ ដែលកំពុងទាត់ឲ្យក្រុម ប៉ារីស រូបនេះ មិនដែលមានឱកាសពិតប្រាកដ ដើម្បីអាចទាត់បញ្ចូលទីនោះទេ ដោយហេតុថាជានិច្ចកាល កីឡាករតែងហ៊ំព័ទ្ធ ដោយខ្សែការពាររបស់ក្រុម អារ៉ាប៊ីសាអ៊ូឌីត មិនតិចជាង២នាក់ឡើយ។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អ៊ុយរូហ្គាយ និងក្រុម អារ៉ាប៊ីសាអូឌីត៖
ក្រុម អ៊ុយរូហ្គាយ និងក្រុម រ៉ូស្ស៊ី ដែលដឹងខ្លួនរួចជាស្រេច ថាបានឆ្លងវគ្គនោះ នឹងប្រកួតគ្នានៅថ្ងៃចន្ទ ទី២៥ ខែមិថុនាខាងមុខ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់ទីមួយ នៅក្នុងពូល។ រីឯក្រុម អារ៉ាប៊ីសាអ៊ូឌីត និងក្រុម អេហ្ស៊ីព ដែលត្រូវបានផាត់ចេញជាស្ថាពរ ពីបាល់ទាត់ពិភពលោកហើយនោះ នឹងត្រូវជួបគ្នា ដើម្បីការប្រកួតជាកិត្តិយស សម្រាប់ញាត់ចូលក្នុងសំពាយ ស្ពាយត្រឡប់ទៅមាតុភូមិវិញ៕