លីវើភូល ទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ បានជាផ្លូវការហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រកាសជាផ្លូវការថា ក្រុមបានទិញយកខ្សែប្រយុទ្ធរបស់ក្រុមស្សែលតា វីកូ (Celta Vigo) អៃកូ អាសប៉ាស (Iago Aspas) បានហើយ ដែលមានកិច្ចព្រមព្រាងគ្នា ក្នុងតម្លៃប្រមាណ ៧.៥លានផោន (១១.៧៧លានដុល្លា, ៨.៨២លានអ៊ឺរ៉ូ)។
កីឡាករ អៃកូ អាលប៉ាល របស់ក្រុមបាល់ទាត់ ស្សែលតា វីកូ។ (រូបថត AFP)
កីឡាករវ័យ២៥ឆ្នាំរូបនេះ បានក្លាយជាកីឡាករទី២ ដែលលោកប្រេនដិន រ៉ដចឺ (Brendan Rodgers) ទិញចូលក្នុងរដូវក្តៅនេះ បន្ទាប់ពីគ្រូបង្វឹករូបនោះបាននាំយកខ្សែការពារកណ្តាលពីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) ខូឡូ តូរ៉េ (Kolo Toure) រួចមក។
លីវើភូល បានទាក់ទងខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញយូរណាស់មកហើយ ប៉ុន្តែដោយសារតែមានបញ្ហាខាងឯកសាររត់ការ ទើបមានការពន្យាពេលចុះកិច្ចសន្យារហូតមកដល់ពេលបច្ចុប្បន្ន។
អាសប៉ាស ដែលរកគ្រាប់បាល់បញ្ចូលទីបាន ១២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៣៤លើកក្នុងរដូវកាលនេះ បានធ្វើដំណើរមកកាន់ទីក្រុងលីវើភូល កាលពីដើមសប្តាហ៏នេះ ដើម្បីធ្វើការពិនិត្យសុខភាព នឹងត្រៀមខ្លួនក្លាយជាសមាជិកថ្មីរបស់ក្រុមហង្សក្រហម។
ការប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌឡាលីកា (La Liga) របស់អេស្ប៉ាញ អាប៉ាសបានជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន១គ្រាប់ ហើយក៏ជាគ្រាប់ដ៏សំខាន់បំផុត ដែលជួយឲ្យក្រុមស្សែលតា បន្តជីវិតនៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញជាបន្តទៀតដែរ។
កីឡាកររូបនេះ អាចលេងក្នុងដំណែងជាខ្សែប្រយុទ្ធកណ្តាល ឬខ្សែបម្រើប្រយុទ្ធទាំងស្លាបឆ្វេង និងស្លាបស្តាំបានផងដែរ។ គាត់ក្លាយជាវីរបុរស សម្រាប់អ្នកគាំទ្រក្រុមស្សែលតា បន្ទាប់ពីបានលេងឲ្យក្លឹបនោះ តាំងតែពីវ័យកុម៉ា រហូតមកដល់បច្ចុប្បន្ន។
អាសប៉ាស បាននិយាយថា «នៅពេលដែលខ្ញុំដឹងថា លីវើភូលចាប់អារម្មណ៏ខ្ញុំ ខ្ញុំពុំមានការស្ទាក់ស្ទើរនោះទេ។ ខ្ញុំបានលុបចោលគម្រោងវិសមកាលរបស់ខ្ញុំទាំងអស់ ដើម្បីត្រៀមកិច្ចការក្នុងការប្តូរទៅកាន់ទឹកដីអង់គ្លេសនេះ។»
គាត់បបន្ថែមថា «លីវើភូល ជាក្លឹបធំបំផុតមួយលើពិភពលោក ហើយខ្ញុំក៏មានក្រុមមកពីប្រទេសអ៊ីតាលី ប្រទេសព័រទុយហ្គាល់ និងក្លឹបដទៃទៀតធ្វើការទាក់ទងដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្តអនាគតរបស់ខ្ញុំ ជាមួយលីវើភូលទៅហើយ។ ខ្ញុំរីករាយខ្លាំងណាស់ ហើយនេះជាជំហ៊ានដ៏ធំមួយសម្រាប់អាជីពរបស់ខ្ញុំ។»
ទោះបីជាយ៉ាងណា កីឡាកររូបនេះ មិនមែនមកជំនួសដំណែងកីឡាករល្វីស ស្វារែស (Luis Suarez) ដែលចង់ចាកចេញទៅចូលរួមជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid) នោះទេ ពោលគឺលោករ៉ដចឺ គ្រាន់តែចង់បន្ថែមនូវខ្សែប្រយុទ្ធរបស់គាត់បន្ថែមទៀត ខណៈដែលស្វារែស ជាប់ពិន័យ ៦ប្រកួតដំបូងនៅរដូវកាលថ្មី និងបារម្មណ៏ខ្លាចខ្សែប្រយុទ្ធសំខាន់ដទៃទៀត មានបញ្ហារបួសតែប៉ុណ្ណោះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ