បាល់ទាត់អង់គ្លេស៖ អ្នកគាំទ្រក្រុម«ស្តូកស៊ីធី» បង្ហាញបដាបណ្ដេញ«ហ្សូស»ចេញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកម៉ាក ហ្សូស (Mark Hughes) ជាបេក្ខជនមួយរូប ដែលក្រុមបាល់ទាត់អង់គ្លេសស្តូកស៊ីធី (Stoke City) បានប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី កាលពីយប់មិញ។ ប៉ុន្តែខណៈដែលគ្រូបង្វឹករូបនេះ មិនទាន់នឹងបានមកដល់ក្លឹបស្រួលបួលផងនោះ ស្រាប់តែអ្នកគាំទ្របង្ហាញពីការមិនពេញចិត្តមុនទៅហើយ។
លោកម៉ាក ហ្សូស ដែលទើបនឹងទទួលបានការតែងតាំងថ្មី។
អ្នកគាំទ្រក្រុមស្តូកម្នាក់ឈ្មោះខាល (Carl) សុខចិត្តចំណាយលុយផ្ទាល់ខ្លួន៧៥ដុល្លា ទៅឲ្យជាងគំនូរគូជាបដាដ៏ធំមួយដែលសរសេរថា «ហ្សូសចេញ» (Hughes Out!) មកដាក់លើរថយន្តរបស់គាត់។ ហើយគាត់បើករថយន្តនោះមកតាំងពីមុខកីឡាដ្ឋានប្រីតានៀ (Britannia៖ កីឡាដ្ឋានក្រុមស្តូកស៊ីធី) តែម្តង ដើម្បីសម្តែងនូវការមិនពេញចិត្តរបស់គាត់ ចំពោះគ្រូបង្វឹកថ្មីរូបនេះ។
លោកហ្សូស ដែលធ្លាប់ដឹកនាំក្រុមនៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ដូចជាក្រុមប្លែកបឺន រ៉ូវើស៏ (Blackburn Rovers), ម៉ែនឆេស្ទើ ស៊ីធី (Manchester City), ហ្វុលហេម (Fulham) និងក្រុមឃ្យូភីអរ (QPR) នោះ ប្រហែលជាមិនមែនជាបេក្ខជនដែលទទួលបានប្រជាប្រិយភាពនោះទេ ខណៈដែលគាត់ត្រូវមកជំនួសដំណែងលោកតូនី ភូលីស (Tony Pulis)។
គ្រូបង្វឹកចាស់លោកភូលីស បានប្រកាសចាកចេញពីក្លឹបកាលពីសប្តាហ៏មុន បន្ទាប់ពីចំណាយពេលអស់៧ឆ្នាំ។ គាត់បានជួយឲ្យក្រុមស្តូក ឡើងដល់វគ្គផ្តាច់ព្រ័ត្រអេហ្វអេខាប់ (FA Cup) ម្តង កាលពីឆ្នាំ២០១១ ហើយក៏ជាលើកដំបូងក្នុងប្រវត្តិ-សាស្ត្ររបស់ក្លឹបមួយនេះដែរ។ ក្រោមការដឹកនាំរបស់គាត់ ក្រុមស្តូកស៊ីធី មិនដែលស្ថិតនៅក្រោមចំណាត់ថ្នាក់លេខ១៤នោះទេ ដែលនេះជាហេតុផល ធ្វើឲ្យអ្នកគាំទ្រស្រលាញ់គាត់ខ្លាំង។
អ្នកគាំទ្រ (ខាល) បានប្រាប់ដល់កាសែតប៊ីប៊ីស៊ី (BBC) ថា «មិនមែនត្រឹមតែខ្ញុំនោះទេ ពោលគឺ៩០%នៃអ្នកគាំទ្រទាំងអស់ទៅហើយ ដែលមិនពេញចិត្តគាត់។ សន្តិសុខប្រាប់ខ្ញុំថា ឲ្យចេញទៅកន្លែងផ្សេង ដូច្នេះខ្ញុំមានតែបើកជុំវិញកីឡាដ្ឋាននេះតែម្តង។»
អ្នកគាំទ្រក្រុមស្តូកស៊ីធីរូបនេះដដែល បានបន្តថា «ខ្ញុំបានបើកបង្ហាញនៅតាមដងវិថីធំៗ ហើយមានអ្នកគាំទ្រជាច្រើននាក់ទៀត មានការគាំទ្រ និងធ្វើការថតនូវរូបភាព។ គ្រូបង្វឹករូបនេះមិនមែនជាគោលដៅរបស់យើងវែងឆ្ងាយនោះទេ ហើយប្រវត្តិរបស់គាត់ក៏មិនដែលនៅដឹកនាំក្រុមណាមួយ ឲ្យយូរអង្វែងដែរ។»
គាត់បន្ថែមថា «បើអ្នកសួរដល់មតិអ្នកគាំទ្រនោះ គ្មានអ្នកណាជ្រើសរើសយកលោកម៉ាក ហ្សូសនោះទេ។ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ម្ចាស់ក្លឹបហើយ យើងក៏គ្មានអ្វីត្រូវនិយាយទៀតដែរ។ យើងជឿជាក់ថា គ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះ នឹងធ្វើឲ្យយើងមានការខកចិត្តមិនខាន៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ