កម្ពុជា៖ អតីតបងធំទីពីរនៃរបបខ្មែរក្រហម ទទួលកំហុសជាលើកដំបូង
ក្រោយពីត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៧ និងកំពុងត្រូវបានជំនុំជម្រះ ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះ អតីតបងធំទីពីរនៃរបបខ្មែរក្រហម លោក នួន ជា អាយុ៨៦ឆ្នាំ បានទទួលកំហុសជាលើកដំបូង នៅក្នុងសកម្មភាពបោសសម្អាតប្រទេស ក្នុងអំឡុងរយៈពេលនៃការកាន់អំណាចរបស់ក្រុមលោក ពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩ ដែលបានបង្កឲ្យប្រជាជនកម្ពុជាស្លាប់ជិត២លាននាក់។
អតីតសមមិត្តនួន ជា បងធំទីពីរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាការកាត់ក្ដី។
«ខ្ញុំមិនស្វែងរក ការបញ្ឈៀសការទទួលខុសត្រូវរបស់ខ្ញុំទេ» នេះជាសម្ដីប្រកាសរបស់បុរសចំណាស់រូបនេះ នៅក្នុងសវនាការកាត់ក្ដីនៃអង្គជំនុំជម្រះ របស់សាលាក្ដីអន្តរជាតិនៅរាជធានីភ្នំពេញ។ លោកនួន ជា ជាអតីតមេដឹកនាំមនោគមវិជ្ជា របស់របបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ មិនដែលទទួលស្គាល់ការជាប់ទាក់ទិនរបស់លោក នៅក្នុងការស្លាប់ដ៏រង្គាលរបស់ប្រជាជនខ្មែររាប់លាននាក់ ហើយថែមទាំងបានច្រានចោល រាល់ការចោទប្រកាន់មកលើរូបលោក ថែមទៀតផង។
«ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំត្រូវដឹងពីការទទួលខុសត្រូវរបស់ខ្ញុំ នៅក្នុងរឿងដ៏សោកសៅដែលកើតមាននៅក្នុងប្រទេសរបស់ខ្ញុំ ជាពិសេសនៅចំពោះគ្រោះថ្នាក់។» លោកបានសម្ដែងនូវ «មរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត» ទៅកាន់សាក្សីនិងបណ្ដាជន ដែលបានបាត់បង់ញាតិសន្ដានរបស់ខ្លួន ក្នុងរបបអាវខ្មៅដ៏រន្ធត់នៃពួកខ្មែរក្រហម។
តែអតីតបងធំទីពីរ បានបង្រួមការជាប់ទាក់ទងរបស់លោក ទៅក្នុងកំហុសដ៏មិនអាចប៉ាន់ប្រមាណនេះ ថាលោកគ្រានតែជាអ្នកទទួលខុសត្រូវ «ផ្នែកមនោគមន៍វិជ្ជា និងខាងការអប់រំ»ប៉ុណ្ណោះ។ លោកបានអះអាងថា «នៅលើផែនការកម្ទេច (ក្រោមបញ្ជារបស់អតីតមេដឹកនាំប៉ុលពត) ខ្ញុំគ្មានអំណាចអ្វីទាំងអស់។ អញ្ចឹង អ្វីដែលកើតឡើងនៅក្នុងរបបនោះ មានរឿងខ្លះដែលខ្ញុំដឹង និងខ្លះទៀតខ្ញុំមិនបានដឹងទេ។»
នៅក្នុងសវនាការដដែល លោកនួន ជា បានសម្ដែងនូវ«វិប្បដិសារី» បើ«ទោះឧក្រិដ្ឋកម្មនោះដោយចេតនាឬអចេតនាក្ដី និងទោះជាលោកដឹងឬមិនដឹងក្ដី»។ ជនរងគ្រោះជាច្រើន បានស្វាគមន៍ការប្រកាសនេះ ក្នុងនោះជនរងគ្រោះម្នាក់ បាននិយាយថា «ជារឿងល្អមួយ។ គាត់បានស្គាល់ ពីការទទួលខុសត្រូវរបស់គាត់។» អតីតអ្នកទោសគុកទួលស្លែងមួយរូប ដែលបានរួចផុតជីវិតពីផែនការកម្ទេចចុងក្រោយរបស់ពួកខ្មែរក្រហម ក៏បានថ្លែងបញ្ជាក់ដែរថា «ខ្ញុំសប្បាយរីករាយណាស់។ ទីបំផុតទៅ គាត់បានស្គាល់ពីការកាប់សម្លាប់ និងពីទោសកំហុសរបស់គាត់។»
ជាមួយនិងខៀវ សំផង អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ លោកនួនជា ជាមេដឹកនាំចុងក្រោយបង្អស់នៃរបបនេះ ដែលត្រូវប្រឈមនឹងការជំនុំជម្រះរបស់សាលាក្ដីកូនកាត់រវាង រដ្ឋាភិបាលក្រុងភ្នំពេញសព្វថ្ងៃ និងអង្គការសហប្រជាជាតិ។ តាំងពីចាប់កំណើតមក សាលាក្ដីខ្មែរក្រហមមួយនេះ បានចេញសាលក្រមតែមួយប៉ុណ្ណោះ ដែលដាក់ទោសកាំង ហ្គេចអៀវ ហៅឌុច មេគុកទួលស្លែងឲ្យជាប់ពន្ទនាគារអស់មួយជីវិត។
ឯលោកខៀវ សំផន ឯណោះវិញ ក៏បានសម្ដែងការសុំខមាលទោស យ៉ាងជ្រាលជ្រៅរបស់លោកដែរ នៅចំពោះមុខជនរងគ្រោះទាំងឡាយនៅថ្ងៃព្រហស្បត្តិ៍។ ប៉ុន្តែលោកបានអះអាងថា លោកមិនបានដឹងពីការឈឺចាប់របស់ប្រជាជនកម្ពុជា ហើយបានថ្កោលទោសអំពើជួរជាតិទាំងនេះ ដែលបានកើតមាននៅក្នុងរបបដែលលោកបានគ្រប់គ្រង៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ