កម្ពុជា៖ តំបន់ខ្មែរក្រហមអន្លង់វែង ជាតំបន់ទេសចរណ៍

នៅក្រោមដំបូលប្រក់សង្កសី មានកំពូកដុំដីមួយដុំ ព័ទ្ធជុំដោយដបកែវជាច្រើន ដែលភាគច្រើន បានកប់ទៅក្នុងដីពាក់ កណ្ដាល។ ទីនេះជាទីបច្ឆាសិប្បនិមិត្ត ដែលសាកសពប៉ុលពត ត្រូវបានគេដុតបូជា នៅឆ្នាំ១៩៩៨ នឹងជាទីកន្លែងមួយ ដែលរដ្ឋាភិបាលមានគំរោងចង់ «អភិរក្ស និងអភិវឌ្ឍន៍» ក្នុងចំណោមគំរោងទាំងអស់ ចំនួន១៤កន្លែង នៃជំរកចុងក្រោយ របស់ពួកខ្មែរក្រហម នៅក្នុងតំបន់ជាយដែន ខាងជើងប្រទេស ជាប់នឹងប្រទេសថៃ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអ្នកចង់ទៅឃើញ ផ្នូរកប់សាកសពរបស់ «ប៉ុល ពត» បងធំទីមួយ នៃរប​បខ្មែរក្រហម ឬក៏លោកអ្នកចង់ទៅមើល គេហដ្ឋានរបស់ «តាម៉ុក»? សូមអញ្ជើញមកកាន់ អន្លង់វែង ដើម្បីទស្សនាទីកន្លែងអស់ទាំងនេះ។ អន្លង់វែង ជាឈ្មោះរបស់ ស្រុកមួយ ក្នុងខេត្តឧត្តរមានជ័យ ជាតំបន់ ដែលអតីត មេដឹកនាំខ្មែរក្រហមទាំងនេះ ធ្លាប់រស់នៅ ហើយកំពុងតែប្រែក្លាយ បន្តិចម្ដងៗ ទៅជាតំបន់ទាក់ទាញទេសចរណ៍។


បច្ឆាសិប្បនិមិត្ត ដែលដុតសាកសពប៉ុលពត។ រូបថត kanikakeng.blogspot.fr

នៅក្រោមដំបូលប្រក់សង្កសី មានកំពូកដុំដីមួយដុំ ព័ទ្ធជុំដោយដបកែវជាច្រើន ដែលភាគច្រើន បានកប់ទៅក្នុងដីពាក់ កណ្ដាល។ ទីនេះជាទីបច្ឆាសិប្បនិមិត្ត ដែលសាកសពប៉ុលពត ត្រូវបានគេដុតបូជា នៅឆ្នាំ១៩៩៨ នឹងជាទីកន្លែងមួយ ដែលរដ្ឋាភិបាលមានគំរោងចង់ «អភិរក្ស និងអភិវឌ្ឍន៍» ក្នុងចំណោមគំរោងទាំងអស់ ចំនួន១៤កន្លែង នៃជំរកចុងក្រោយ របស់ពួកខ្មែរក្រហម នៅក្នុងតំបន់ជាយដែន ខាងជើងប្រទេស ជាប់នឹងប្រទេសថៃ។

តែក្នុងពេលបច្ចុប្បន្ន សំរាប់អ្នកទេសចរណ៍ ដែលបានធ្វើដំណើរជាឯកជន ទៅកាន់ទីនោះ គេនៅមិនទាន់ទទួលបាន ពត៌មានអ្វីសំខាន់នៅឡើយ។

ប្រវត្តិសាស្រ្ដ ដែលមិនត្រូវដាក់លក់ ដូចជាទំនិញ

គួររំលឺកថា ប្រជាជនខ្មែរ ជាង២លាននាក់បានស្លាប់ ដោយសារទារុណកម្ម ការបាក់កំលាំង ឬដោយសារការស្រេកឃ្លាន នៅក្នុងរបបកម្មុយនិស ម៉ៅនិយម របស់ពួកខ្មែរក្រហម នៅចន្លោះពីឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ បំណងដែលធ្វើអោយ អ្នកទេសចរណ៍ មកឃើញ ស្គាល់ និងយល់ពីរបបវាលពិឃាតនេះ មិនមែនជារឿង ដែលថ្មីនោះទេ នៅប្រទេសកម្ពុជា។ កន្លែងដែល ពួកអ្នកទេសចរណ៍ធ្លាប់បានទៅច្រើនជាងគេ មានដូចជា ពន្ធធានាគារ ទួលស្លែង ឬមន្ទីរសន្តិសុខ ស២១ របស់របបនេះ នៅកណ្ដាលទីក្រុងភ្នំពេញ​ និងទីវាលពិឃាត នៅបឹងជើងឯក ស្ថិតនៅជាយក្រុង ប៉ែកនារតីនៃទីក្រុងនេះ។ មន្ទីរសន្តិសុខ ស២១ ធ្លាប់ទទួលអ្នកទោស ចំនួនប្រមាណជា ១៥ ០០០ យកមកធ្វើទារុណកម្ម មុននឹងយកទៅសម្លាប់ នៅវាលពិឃាត បឹងជើងឯក។


ស្ថានីយ៍វិទ្យុចល័ត របស់ប៉ុលពត ដែលសព្វថ្ងៃ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ រូបថត kanikakeng.blogspot.fr

តែទីកន្លែងទាំងនេះ នៅទីក្រុងភ្នំពេញ ហាក់ដូចជាបានធ្វើ សំរាប់តែរំលឹកឡើងវិញ ពីជនរងគ្រោះតែប៉ុណ្ណោះ។ តែបើគេ ចង់ដឹង ថាតើមេដឹកនាំកំពូលៗ របស់របបនេះ ធ្លាប់រស់នៅយ៉ាងដូចម្ដេចនោះ គេគួរតែទៅកាន់ ស្រុក អន្លង់វែង នៅឯ ជាយដែនឯណោះវិញ។ ប្រជាជន ដែលរស់នៅក្នុងតំបន់នោះសព្វថ្ងៃ សុទ្ធតែធ្លាប់ ជាអតីតកម្មាភិបាល របស់ក្រុមខ្មែរ ក្រហម ដែលពួកគេបានធ្វើសមាហរណកម្មចុះចូល មកក្នុងសង្គមជាតិវិញ។

ក្នុងគោលបំណងបញ្ជៀស មិនអោយទីកន្លែង ដែលមានរូបភាពអាប់អួរស្រាប់ នៅក្នុងប្រវត្តិសាស្ត្រនេះ ក្លាយជាតំបន់ កំសាន្ដ ដែលគ្មានអត្ថន័យ ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានធ្វើការជាប់ជាមួយ មជ្ឈមណ្ឌលឯកសារកម្ពុជា ដែល មានឯកទេសខាងការរុករក ស្រាវជ្រាវពីសម័យកាលនោះ។ លោក ឆាង យុ នាយកមជ្ឈមណ្ឌល បានលើកឡើងថា «ការ ទទួលខុសត្រូវរបស់យើង ត្រូវធានាថា អន្លង់វែង ជាតំបន់ប្រវត្តិសាស្រ្ត ដ៏សំខាន់មួយ ក្នុងការពន្យល់ទៅសាធារណជន។» លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលរបស់លោក ត្រូវបង្ហាត់ ក្រុមអ្នកមគ្គុទេសសំរាប់តំបន់នោះ ហើយបានអះអាងដោយ ម៉ឺងម៉ាត់ថា «ប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជា មិនត្រូវដាក់លក់ ដូចជាទំនិញនោះទេ។»

ឧត្តមសេនីយ៍ដ៏ល្អម្នាក់ ដែលបានសាងសង់ ស្ពាន មន្ទីរពេទ្យ និងសាលារៀន?

ពួកខ្មែរក្រហមត្រូវបាន បណ្ដេញចេញពីអំណាច នៅឆ្នាំ១៩៧៩ ដោយការវាយទន្ទ្រានពីសំណាក់ កងទ័ពរបស់ប្រទេស វៀតណាម តែពួកនេះ ជាពិសេសក្រុមមេដឹកនាំ បានបន្តធ្វើសង្គ្រាមរាំងជល់ នៅក្នុងប្រទេស រហូតដល់ឆ្នាំ១៩៩៨ ជាឆ្នាំ ចុងក្រោយ ដែលសម្បុករបស់ពួកគេ នៅអន្លង់វែងនេះ បានដួលរលំ។


ផ្ទះរបស់តាម៉ុក។ រូបថត kanikakeng.blogspot.fr

នៅសព្វថ្ងៃនេះ កន្លែងដែលគេបានអភិរក្សបានល្អជាងគេ នៅទីនោះ គឺជាផ្ទះរបស់ តាម៉ុក។ ផ្ទុយពីការចោទដែលថា គាត់ មានបាទដៃប្រឡាក់ឈាម តាម៉ុក ត្រូវបានប្រជាជន នៅក្នុងតំបន់និយាយសរសើរថា គាត់ធ្លាប់ជា ឧត្តមសេនីយ៍ដ៏ល្អម្នាក់ ដែលបានសាងសង់ ស្ពាន មន្ទីរពេទ្យ និងសាលារៀន។ តាម៉ុកបានផ្ដួល ប៉ុលពត ឬសាឡុតសរ នៅឆ្នាំ១៩៩៧ ហើយក្នុង ពេលបន្ទាប់មក បានឡើងក្ដាប់អំណាច នៅទីនោះ។ នៅក្នុងព្រឹត្តិការណ៍បន្តបន្ទាប់ និងក្រោយការស្លាប់របស់ ប៉ុលពត ក្នុង ឆ្នាំ១៩៩៨ តាម៉ុកគឺជាមេដឹកនាំខ្មែរក្រហមតែមួយគត់ ដែលបានបដិសេធ មិនព្រមធ្វើសមាហរណកម្ម ឬចរចារជាមួយ នឹង រដ្ឋាភិបាលខ្មែរនៅពេលនោះ។ គាត់ត្រូវបានចាប់ខ្លួន នៅឆ្នាំ១៩៩៩ ហើយបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង នៅឆ្នាំ២០០៦ មុនពេលដែលគាត់ ត្រូវបានតុលាការខ្មែរក្រហមកាត់ទោស។

អតីតទាហ៊ានខ្មែរក្រហមម្នាក់ ឈ្មោះ សាន រឿង ដែលនៅយាមផ្ទះតាម៉ុក បានបកស្រាយថា នៅលើជញ្ជាំងផ្ទះរបស់ តាម៉ុក មានព្យួររូបគំនូរប្រាសាទ និងផែនទី នៃប្រទេសកម្ពុជា ដែលបញ្ជាក់ពី ទឹកចិត្តស្នេហាជាតិ យ៉ាងមុតមាំ របស់អតីត នាយទាហ៊ានខ្មែរក្រហមរូបនេះ។ សាន រឿង ដែលធ្លាប់បានសាងសង់ចម្រឹងដែក សំរាប់ឃុំឃាំងអ្នកទោសរបស់ តាម៉ុក បានបន្ថែមថា «មនុស្សជាច្រើននៅទីនេះ ស្រឡាញ់តាម៉ុក។»


គុកដែក ដែលតាម៉ុក បញ្ជាអោយគេធ្វើ សំរាប់ឃុំឃាំងអ្នកទោសរបស់គាត់។ រូបថត kongkea.blogspot.fr

ម៉ាស៊ីនថតឃាតករ

អភិបាលស្រុករង លោក ញឹម អង់ សង្ឃឹមថា គាត់នឹងអាចបើក សារមន្ទីរឯកជនមួយ ដើម្បីដាក់តាំងបង្ហាញពី វត្ថុមិនអាច កាត់ថ្លៃបាន ដែលគាត់ប្រមែប្រមូលបាន មានដូចជា ស្បែកជើងរបស់ប៉ុលពតជាដើម។ ក្រោមរបបប៉ុលពត គាត់ធ្លាប់ជា អតីតអ្នកថតរូប នៅមន្ទីរសន្តិសុខ ស២១​ទួលស្លែង ដើម្បីថតយក រូបមុខនិងភិនភាគរបស់អ្នកទោស ដែលមកដល់ដំបូង។ លោក ញឹម អង់ បាននិយាយថា «បើខ្ញុំដាក់ម៉ាស៊ីនថតរូបនេះ នៅក្នុងសារមន្ទីនោះ ខ្ញុំនឹងដាក់ឈ្មោះ អោយវាថា ជា ម៉ាស៊ីនថតឃាតករ។ ពីព្រោះ មនុស្សដែលធ្លាប់នៅអង្គុយពីមុខវា បានស្លាប់ទាំងអស់។» តែលោកបាននិយាយការពារ ខ្លួនថា លោកធ្វើតាមបញ្ជារបស់គេ និងខ្វល់តែនឹងការងាររបស់ខ្លួនប៉ុណ្ណោះ។

មកទល់នឹងថ្ងៃនេះ ក្នុងចំណាមមេដឹកនាំរបស់ពួកខ្មែរក្រហម ដែលបានចាប់ យកទៅកាត់ទោសទាំងអស់ មានតែ«ឌុច» មេពន្ធធនាគារទួលស្លែង តែម្នាក់ប៉ុណ្ណោះ​តែត្រូវបាន តុលាការកូនកាត់រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិ កាត់ទោសអោយជាប់គុកអស់មួយជីវិត។ ឆ្លើយតបនឹងសំនួរ​ ដែលសួរពីការកាត់ទោសនេះ លោក ញឹម អង់ ហាក់មិនបាន ចាប់អារម្មណ៍អ្វីនោះទេ។ គាត់សុខចិត្ត ស្រមើស្រមៃ ពីទេសចរណ ដែលនឹងមកលេង អន្លង់វែង ក្នុងថ្ងៃអនាគតទៅវិញ។ លោកបញ្ជាក់ថា «ខ្ញុំធ្វើនេះដើម្បីពិភពលោក យល់កាន់តែច្បាស់ ពីរបបខ្មែរក្រហម។ ហើយខ្ញុំគិតថា អន្លង់វែងនឹងមិនវិល បកថយក្រោយវិញនោះទេ៕»

សូមទស្សនាវីដេអូ ដែលជាបទយកការណ៍របស់ ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ ​ដូចតទៅ៖

--------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...