ម៉ែន សំអន៖ «វៀតណាម​ជា​មហា​មិត្ត ដែល​បាន​ជួយ​កសាង​សន្តិភាព​ឲ្យ​កម្ពុជា»

ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងការទូត រវាងប្រទេសជិតខាងទាំងពីរ ឧបនាយករដ្ឋមន្ត្រីកម្ពុជា អ្នកស្រី ម៉ែន សំអន បានហៅប្រទេសវៀតណាម ថាជា«មហាមិត្ត» ដែលបានជួយកសាងសន្តិភាព ឲ្យកម្ពុជា និងបានបូជាជីវិត ដើម្បីជួយរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ 
ម៉ែន សំអន៖ «វៀតណាម​ជា​មហា​មិត្ត ដែល​បាន​ជួយ​កសាង​សន្តិភាព​ឲ្យ​កម្ពុជា»
អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 26, 2017
  • ប្រធានបទ: កម្ពុជា-វៀតណាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី» រវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-វៀតណាម មានរយៈពេលកន្លះសតវត្សន៍ហើយ។ ប្រសិនជាកម្ពុជាមានសន្តិភាព បានមកដល់សព្វថ្ងៃ នោះគឺដោយសារបាន«មហាមិត្ត»វៀតណាម ជាអ្នករួមចំណែក ជួយកសាងដ៏«ស្មោះស្ម័គ្រ»បំផុត។ នេះ បើតាមប្រសាសន៍ របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ដល់កិច្ចសម្ភាសន៍ ទៅឲ្យទីភ្នាក់ងារព័ត៌មាន​វៀតណាម ហៅកាត់ថា «VNA» ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងទាក់ទងការទូត រវាងប្រទេសទាំងពីរ។

អតីតសមមិត្តនារី ម៉ែន សំអន បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានកសាងរួមគ្នា នូវ«ប្រពៃណី» នៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជា«បងប្អូន រួមអាវុធ និងអ្នកជិតខាង» ហើយទទួលបាននូវលទ្ធផល «គួរជាទីគាប់ចិត្ត» សឹងតែនៅក្នុង«គ្រប់វិស័យ»។

បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ហើយក៏ជាប្រធានក្រុមតំណាងរាស្ត្រ នៃមិត្តភាពកម្ពុជា-វៀតណាមដែរនោះ អ្នកស្រី ម៉ែន សំអន បានរំលឹកឡើងវិញ ពីក្នុងសម័យសង្គ្រាម ដែលប្រទេសទាំងពីរ បានប្រយុទ្ធ«ស្មារប្រកៀកស្មារ» ប្រឆាំងនឹងសត្រូវរួម ដូចជា«អាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិក»ជាដើម។ អ្នកស្រីបានបន្តថា ប្រជាជនកម្ពុជាមិនភ្លេចឡើយ នូវ«គុណូបការៈ នៃប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម» ដែលបានបូជា «សាច់ស្រស់ ឈាមស្រស់» ដើម្បី«ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត​ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩»។

អ្នកស្រីឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា នៅក្នុងពេលបច្ចុប្បន្ន ដែលពោរពេញ ដោយ«សន្តិភាព» ប្រទេស«យើងទាំងពីរ កំពុងពង្រឹងនូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ជាពិសេសវិស័យការទូត ការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគទុន និងទេសចរណ៍»។ អ្នកស្រីបន្តថា៖ «យើងចាំបាច់ ត្រូវបន្តនិងថែរក្សាទំនាក់ទំនង របស់ប្រទេសយើងទាំងពីរ លើគ្រប់វិស័យទាំងអស់ ដោះស្រាយបញ្ហាទាំងឡាយ ដោយសន្តិវិធី ក្នុងភាពយោគយល់គ្នាទៅវិញទៅមក បញ្ជៀសការប្រឈមមុខដាក់គ្នា ដោយប្រើកម្លាំង និងពង្រឹងការយល់ដឹង ទៅដល់យុវជនជំនាន់ក្រោយ នៃប្រទេសទាំងពីរ ដោយការគោរពគ្នាទៅវិញទៅមក និងដោយការស្រេកឃ្លាន នូវសន្តិភាព»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...