ឯកត្តនាម ឬសមាមាត្រ? ខៀវ កាញារីទ្ធ ថា«កុំជោរ»
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 23, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ជាប្រព័ន្ធសមាមាត្រ បានសេចក្ដីថា អ្នកបោះឆ្នោតត្រូវបោះឆ្នោតឲ្យគណបក្ស ដើម្បីទទួលបានតំណាងរបស់ខ្លួន ដែលចេញពីការចាត់តាំង របស់គណបក្ស។ ប៉ុន្តែក៏មានការលើកឡើងដែរថា កម្ពុជាគប្បីជ្រើសរើសយកប្រព័ន្ធបោះឆ្នោត ជា«ឯកត្តនាម»វិញ ដើម្បីផ្ដល់សេរីភាព ទៅឲ្យតំណាងរាស្ត្រនីមួយៗ មិននៅក្រោមគំនាបរបស់គណបក្ស ឬពីមេដឹកនាំរបស់គណបក្ស។
នៅចំពោះការលើកឡើងនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានចម្លើយតបវិញ យ៉ាងពិសេស ដោយលើកយកឧទាហរណ៍ ក្នុងជីវិតជាក់ស្ដែង កាលពីសង្គមចាស់មកបញ្ជាក់ផង។ លោករដ្ឋមន្ត្រីបានសរសេរពីរឿងរ៉ាវនេះ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុនថា៖ «លោកម្នាក់និយាយថា បើគាត់ឈ្នះឆ្នោតមេឃុំ គាត់នឹងជំរុញអោយមានការបោះឆ្នោតតំណាងរាស្ត្រ តាមប្រព័ន្ធឯកត្តនាម គឺមិនបោះតាមបក្សទេ ដើម្បីអោយតំណាងរាស្ត្រនោះ មិននៅក្រោមគំនាបបក្ស ធ្វើតាមតែបក្សបញ្ជា តែគាត់អាចបោះឆ្នោត តាមមនសិការគាត់បាន»។
លោកបន្តថា៖ «ស្តាប់ទៅពិរោះ ថ្វីត្បិតតែមេឃុំ មិនមានអំណាចដល់ប៉ុណ្ណឹងក្តី»។
«តែខ្ញុំសូមនិយាយ ពីរឿងជាក់ស្តែងវិញម្តង។ ខ្ញុំធ្លាប់ធ្វើជា លេខាធិការផ្ទាល់ ឯកឧត្តម អុង ស៊ីម ប្រធានក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក (ក្រោយមកក្លាយជាព្រឹទ្ធសភា) ដែលមានលោកជំទាវ ដៀប ឌីណា ជាអគ្គលេខាធិការ នៅឆ្នាំ ១៩៧១ ហើយនៅចុងឆ្នាំ ១៩៧២ ពេលក្រុមប្រឹក្សាបានបិទទ្វារ បានមកធ្វើនៅផ្នែករដ្ឋបាលនៃរដ្ឋសភាធម្មនុញ្ញ ដែលមានលោកតា អ៊ិន តាំ ជាប្រធាន។ សម័យនោះ អ្នកតំណាងរាស្ត្រ ដែលបន្តពីសម័យសង្គមរាស្ត្រនិយម សុទ្ធតែឈរឈ្មោះ តាមប្រព័ន្ធឯកត្តនាមទាំងអស់។ តែពេលជាប់ជាតំណាងរាស្ត្រហើយ ជាង ៩០ ភាគរយហើយ រស់នឹង[ការ]ជំរិតតាមក្រសួង រត់ការអោយគេ។ ហើយនៅពេលបោះឆ្នោត [គាំទ្រ]រឿងសំខាន់មួយៗ[របស់រដ្ឋាភិបាល] បើគ្មានលុយទ្រនាប់ទេ ចាំតែ[តំណាងរាស្ត្រទាំងនោះ]បោះអោយទៅ។ រដ្ឋមន្ត្រីណាបែប«ឆ្មើង» ហៅមកគាបម៉ាខ្សោះទឹក។»
លោក កាញារីទ្ធ មិនបានបញ្ជាក់ពីឈ្មោះ ឬពីគណបក្សរបស់លោកម្នាក់នោះទេ។ ប៉ុន្តែបំណង ដែលចង់ប្ដូរប្រព័ន្ធបោះឆ្នោត ពីសមាមាត្រ មកឯកត្តនាមនេះ ធ្លាប់ត្រូវបានលោក កឹម សុខា (អតីតអនុ)ប្រធានគណបក្សសង្គ្រោះជាតិ លើកយកអះអាងម្ដងម្កាល កាលពីអំឡុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥។ ហើយនៅក្នុងយន្តការទី៨ របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា ក៏មានបញ្ជាក់ ពីគោលបំណងនេះដែរ។
នៅក្នុងគោលនយោបាយ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានគោលដៅមួយ ហៅថា«គោលដៅសុបិន្តរួម» ដែលសរសេរថា៖ «"មាតុភូមិមួយ ដែលពួកយើងរស់នៅដោយស្មើភាពគ្នា ក្នុងភាពជាម្ចាស់" ដែលនឹងត្រូវធ្វើឲ្យស្ដែងឡើង តាមរយៈការប្រែក្លាយយន្តការ៨ចំណុច ឲ្យទៅជាច្បាប់»។
រីឯយន្ដការទី៨ របស់គណបក្សនេះមានបញ្ជាក់ថា៖ «ប្រើប្រព័ន្ធឯកត្តនាម សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ» និងបានពន្យល់ថា «ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំង នូវឥទ្ធិពលរបស់មេបក្ស ទៅលើអ្នកតំណាងរាស្ត្រ (...) តំណាងរាស្ត្រមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធ ពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្ត្រនោះ អាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណា ដែលបម្រើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ»។
សម្រាប់លោក ខៀវ កាញារីទ្ធ វិញ បានបញ្ចប់ឃ្លាប្រយោគរបស់លោក យ៉ាងដូច្នេះថា៖ «កុំជោរ ។ ឯករាជ្យទាល់តែបាក់ពោះទៅ?»៕