ជប៉ុនតម្លើងប្រព័ន្ធខែលប្រឆាំងកាំជ្រួច តបនឹងការគម្រាមរបស់កូរ៉េខាងជើង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៧
- កែប្រែចុងក្រោយ: August 15, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសជប៉ុន បានតម្លើងប្រព័ន្ធខែលប្រឆាំងកាំជ្រួច ប្រភេទ «PAC-3 (Patriot Advanced Capability 3)» ចំនួនបីគ្រឿង នៅតាមតំបន់ទាំងបី ស្ថិតនៅភាគខាងលិចប្រទេស បន្ទាប់ពីក្រុងព្យុងយ៉ាង បានព្រមានកាលពីប៉ុន្មានថ្ងៃមុន ថានឹងបាញ់កាំជ្រួចរំលង ពីលើប្រទេសរបស់ខ្លួន សំដៅទៅកោះអាមេរិក ឈ្មោះ «Guam» ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ នៃកងទ័ពអាមេរិកប្រចាំមហាសាគរប៉ាស៊ីភិច ភាគខាងជើង។
ទីភ្នាក់ងារព័ត៌មានជប៉ុន «Kyodo» បានស្រង់ប្រសាសន៍ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ មកបញ្ជាក់ថា៖ «ប្រទេសជប៉ុន នឹងធ្វើអ្វីគ្រប់យ៉ាង គ្រប់លទ្ធភាព ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិ នៃប្រជាជនរបស់ខ្លួន»។
សភាពការណ៍នៅក្នុងឧបទ្វីបកូរ៉េ បានឡើងកំដៅខ្លាំងក្លា និងបានបង្កក្ដីបារម្ភជាទូទៅ សម្រាប់សហគមន៍អន្តរជាតិ បន្ទាប់ពីការថ្លែងសារឆ្លើយឆ្លងគ្នា រវាងរដ្ឋបាលក្រុមវ៉ាស៊ីនតោន របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងរបបកុម្មុយនីស្ដក្រុងព្យុងយ៉ាង ដឹកនាំដោយលោក គីម ជុងអ៊ុន (Kim Jong-un)។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងអំពាវនាវ កាលពីថ្ងៃសៅរ៍ដែរថា ស្នើសុំប្រទេសកូរ៉េខាងជើង ជៀសវាងការបង្ករឿង ដែលអាចឲ្យមានភាពតានតឺង បន្ថែមទៀត។ លោក ម៉ាក្រុង បានថ្លែងបញ្ជាក់ថា៖ «សហគមន៍អន្តរជាតិ ត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ហើយសម្របសម្រួល ដើម្បីធ្វើយ៉ាងណា ឲ្យប្រទេសកូរ៉េខាងជើង វិលត្រឡប់មករក"ផ្លូវចរចា"ឡើងវិញ»។
ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសចិន ឈ្មោះ «Xinhua» បានរាយការណ៍ កាលពីព្រឹកថ្ងៃសៅរ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទូរស័ព្ទជួបនិយាយ ជាមួយលោក ដូណាល់ ត្រាំ និងបានស្នើសុំទៅប្រធានាធិបតីអាមេរិក ឲ្យជៀសវាង «ពាក្យសំដី និងសកម្មភាព» ដែលអាចបង្កើតឲ្យមានភាពតានតឹង ជាមួយរបបកុម្មយនីស្ដកូរ៉េ។ លោកប្រធានាធិបតីចិន បានអំពាវនាវឲ្យភាគីទាងពីរ សំដែងការអត់ធ្មត់ ឲ្យបានច្រើនបំផុត។
សម្រាប់សេតវិមានវិញ បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធភាពរបស់ខ្លួន បានត្រៀមខ្លួនជាស្រេច ក្នុងការចាត់វិធានការពេញលេញ រាប់ទាំងផ្នែកការទូត សេដ្ឋកិច្ច និងយោធា ដើម្បីបញ្ចប់ជាស្ថាពរ នូវការគម្រាមផ្នែកនុយក្លេអ៊ែរ របស់របបកូរ៉េខាងជើង។ សេចក្ដីប្រកាសព័ត៌មានមួយ របស់សេតវិមានបានចេញផ្សាយឲ្យដឹងថា៖ «ប្រធានាធិបតី ត្រាំ និងប្រធានាធិបតី ម៉ាក្រុង បានកំណត់នឹងធ្វើការរួមគ្នា រួមនឹងសម្ព័ន្ធរបស់ពួកគេ ដើម្បីអនុវត្តនូវទណ្ឌកម្មទាំងឡាយ ដែលសម្រេចឡើង ដោយអង្គការសហប្រជាជាតិ និងឈានដល់នៅទីបំផុត នូវការរំសាយអាវុធនុយក្លេអ៊ែរ ចេញពីប្រទេសកូរ៉េខាងជើង។»៕