សកម្មនារី «Femen» ស្រាតស្វាគមន៍អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ពេលបោះឆ្នោត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 04, 2018
- ប្រធានបទ: បោះឆ្នោតអ៊ីតាលី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្ដាមេដឹកនាំ និងអ្នកទទួលខុសត្រូវអ៊ីតាលី បានទៅចូលរួមបោះឆ្នោត ដោយភាពស្ងប់ស្ងៀម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យទី៤ ខែមីនានេះ។ ដោយឡែក ចំពោះលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីវិញ ការបោះឆ្នោតរបស់លោក ត្រូវបានរំខានអុកឡុក ដោយសកម្មនារី មកពីបណ្ដាញ «Femen» មួយរូប។
នៅខណៈពេលដែលអតីតនាយករដ្ឋមន្ត្រី ដែលល្បីល្បាញ នៅក្នុងរឿងអាស្រូវជាច្រើន បានទម្លាក់សន្លឹកឆ្នោត ចូលទៅក្នុងហិបឆ្នោតទៅហើយនោះ យុវតីម្នាក់ដែលមានដើមទ្រូវ នៅកណ្ដាលវាល បានស្ទុះលោតឡើង ពីលើហិបឆ្នោត នៅចំពីមុខលោក ប៊ែរលូស្កូនី ដោយស្រែកឡើងខ្លាំងៗថា៖ «ប៊ែរលូស្កូនី! អ្នកឯងហួសសម័យហើយ!»។
សារដែលយុវតីស្រែកឡើងនេះ ក៏ត្រូវបានសរសេរ នៅលើដើមទ្រូងរបស់នាងដែរ។
ជាមួយនឹងទឹកមុខដ៏ភ្ញាក់ផ្អើល លោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី បានបែរខ្នង និងបានចាកចេញ ពីការិយាល័យបោះឆ្នោត ដោយមានការការពារ ពីក្រុមអង្គរក្សរបស់លោក ខណៈយុវតីសកម្មនារី នៅបន្តការស្រែករបស់ខ្លួន រហូតលុះត្រាមានកងសន្តិសុខ បានចូលមកចាប់បីយករូបនាងចេញទៅ។
ពលរដ្ឋអ៊ីតាលីច្រើនជាង ៤៦លាននាក់ ត្រូវបានអញ្ជើញឲ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃអាទិត្យនេះ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ ៦៣០នាក់ ឲ្យទៅអង្គុយនៅក្នុងរដ្ឋសភា។ បណ្ដាជនអ៊ីតាលី ដែលមានអាយុច្រើនជាង ២៥ឆ្នាំ ក៏ត្រូវបោះឆ្នោត ក្នុងថ្ងៃតែមួយនេះ ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលមានចំនួន ៣១៥នាក់ដែរ។
រហូតមកដល់វេលាថ្ងៃត្រង់នេះ ការចូលរួមបោះឆ្នោត ពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត មានចំនួនប្រមាណជា ១៩,៤%។ នេះ បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃអ៊ីតាលី។ យ៉ាងណា ពលរដ្ឋអ៊ីតាលីមានពេល រហូតដល់ម៉ោង ២៣ យប់ថ្ងៃអាទិត្យនេះ ដើម្បីបញ្ចេញឆន្ទះរបស់ពួកគេ៕
BERLUSCONI interrompu en plein vote par une militante du mouvement femen #Elezioni4Marzo2018 @franceinter @franceinfoplus pic.twitter.com/i9EWcgo9x6
— Olivier Poujade (@OlivPoujade) 4 mars 2018