អ៊ីតាលី៖ សាលក្រមចេញអោយប៊ែលូស្កូនី ជាប់ពន្ធនាគារមួយឆ្នាំ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតប្រធានក្រុមប្រឹក្សារដ្ឋអ៊ីតាលីរូបនេះ (ឬអាចនិយាយថា ជានាយករដ្ឋមន្ត្រី) បានច្រានចោលការដាក់ទោសនេះ ហើយអាចនឹងធ្វើឧទ្ទរណ៍...
លោកស៊ីវីយ៉ូ ប៊ែលូស្កូនី។
តុលាការនៅទីក្រុងមីឡង់ បានចេញសាលក្រម នៅថ្ងៃព្រហស្បត្តិ៍ទី០៧ខែមិនានេះ កំណត់ដាក់ទោស អតីតបុរសមានអំណាច លោកស៊ីវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) អោយជាប់ពន្ធនាគារ១ឆ្នាំ នៅក្នុងបទចោទពីការរំលោភ ការសម្ងាត់នៃស្ថាប័ន ដែលទាក់ទងនឹងរឿងអាស្រូវក្នុងធនាគារ កាលពីឆ្នាំ២០០៥។
លោកស៊ីវីយ៉ូ ប៊ែលូស្កូនី ដែលបដិសេធនៅគ្រប់ការចោទប្រកាន់ អាចនឹងធ្វើឧទ្ទរណ៍។ នៅចំពោះមុខច្បាប់របស់ប្រទេសអ៊ីតាលី ប្រធានគណបក្សកណ្ដាលនិយមស្ដាំមួយនេះ មិនអាចទទួល«ទោសរំលោះ»ណាមួយបានឡើយ បើការប្ដឹងឧទ្ទរណ៍នៅមិនទាន់ បានបញ្ចប់ផ្លូវរបស់វានោះ។ បានន័យថា ជនដែលសាលាដំបូងរកឃើញថាមានកំហុស អាចនៅក្រៅពន្ធនាគារ រហូតចប់ផ្លូវតវ៉ា។
សាលក្រមនេះ ជាសាលក្រមមួយ ដែលលោកប៊ែរលូស្កូនីរងចាំ ជាមួយនឹងសំនុំរឿងបីផ្សេងទៀត ដែលទាក់ទងនឹងការលួចបន្លំការបង់ពន្ធ ពេស្យាកម្ម និងសំនុំរឿងមួយទៀត ទាក់ទងការរំលោភសិទ្ធិអំណាច នៅពេលលោកកាន់តំណែងនៅឡើយ។
ប្អូនប្រុសរបស់លោក ជាប់ទោស ២ឆ្នាំ និងបីខែ
នៅក្នុងសំនុំរឿងនេះ អតីតប្រមុខរដ្ឋាភិបាលអ៊ីតាលី ត្រូវបានវិន្និច្ឆ័យទោស ពីបទថាបានផ្សាយដោយខុសច្បាប់ កាលពីឆ្នាំ២០០៥ នៅក្នុងសារព័ត៌មាន ដែលស្និតនឹងលោក ពីកិច្ចសន្ទនាតាមទូរស័ព្ទមួយ ដែលធ្វើរវាងប្រធានគណបក្សឆ្វេងនិយម ពីយ៉ែរូ ហ្វាស៊ីណូ (Piero Fassino) និងលោក ជីយ៉ូវ៉ានី កុងស៊តេ (Giovanni Consorte) នាយកក្រុមហ៊ុនធានារ៉ាប់រង យូនីប៉ូល (Unipol)។ ក្នុងពេលនោះ ក្រុមហ៊ុនធានារ៉ាប់រង បានបើកសេវាកម្មមួយ នៅលើធនាគារ ប៊េអ៊ិនអ៊ែល (BNL) និងនៅក្នុងកិច្ចសន្ទនា លោកពីយ៉េរូ ហ្វាស៊ីណូ បានប្រកាសថា «ឪឡូវនេះ យើងមានធនាគារមួយ»។
តាមការចោទប្រកាន់នេះ ការសម្រេចក្នុងការផ្សាយ «ការលួចស្ដាប់ទូរស័ព្ទ» ត្រូវបានធ្វើឡើង នៅពេលលោក ស៊ីវីយ៉ូ បានជួបប្អូនប្រុសលោក ប៉ាឡូ ប៊ែរលូស្កូនី (ម្ចាស់ក្រុមហ៊ុន សារព័ត៌មាន) នៅថ្ងៃទី២៤ ខែវិច្ឆិការឆ្នាំ២០០៥ នៅភូមិគ្រឹះរបស់លោកស៊ីវីយ៉ូ ក្នុងសង្កាត់អារគរ ខេត្តម៉ុងហ្សា របស់អ៊ីតាលី។ ខាងរដ្ឋអាជ្ញាបានទាមទារ អោយតុលាការដាក់ទោស ប្អូនប្រុសលោកស៊ីវីយ៉ូ ជាប់ពន្ធនាគារដល់ទៅ៣ឆ្នាំនិង៣ខែ ដែលនៅទីបំផុត កំណត់អោយជាប់តែ២ឆ្នាំ៣ខែប៉ុណ្ណោះ។
សវនាការលើកពេល
ការិយាល័យរបស់រដ្ឋអាជ្ញា បានបន្ថែមថា «សំនុំរឿង មិនស្ថិតនៅត្រឹមតែ ជាការពន្លិចព័ត៌មាន ចេញមកក្រៅ» ប៉ុណ្ណោះនោះទេ តែបាន«ធ្វើអោយខូចខាត»ដល់ ប្រធានគណបក្សប្រឆាំង លោកពីយ៉ែរ៉ូ ហ្វាស៊ីណូ ជាពិសេសនៅមុន ការបោះឆ្នោតពេលនោះបន្តិច។
សម្រាប់លោក ស៊ីវីយ៉ូ រដ្ឋអាជ្ញាអ៊ីតាលី បានទទូចអោយតុលាការដាក់ទោសលើអតីតប្រមុខរដ្ឋាភិបាលរូបនេះ ចំនួន១ឆ្នាំ កាលពីថ្ងៃ២០ខែធ្នូកន្លងទៅ។ សវនាការសម្រេចទោស ត្រូវបានកំណត់ធ្វើ កាលពីពាក់កណ្ដាលខែមករាមុន។ តែ ដោយហេតុលោកស៊ីវីយ៉ូ ប៊ែរលូស្កូនី ជាប់ប្រឡូកក្នុងការឃោសនាបោះឆ្នោតកាលពីចុងខែកុម្ភះនេះ មេធាវីបានសុំអោយតុលាការ លើកពេលសវនាការមកដើមខែមិនានេះ។
គេនឹងរងចាំមើល ថាតើលោកប៊ែរលូស្កូនី នឹងធ្វើឧទ្ទរណ៍ ឬលោកមានជម្រើសនយោបាយណាផ្សេង។ តែសម្រាប់ប្រទេសនៅអ៊ឺរ៉ុប ដំណោះស្រាយនយោបាយ ទំនងជាមិនអាចទៅរួច នៅចំពោះមុខច្បាប់ជាធរមាននោះទេ។ ផ្លូវតែមួយរបស់លោក គឺ«ឧទ្ទរណ៍»៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ