នាយករដ្ឋមន្រ្តីជប៉ុន៖ ទីក្រុងតូក្យូ «គួរជាម្ចាស់ផ្ទះ» កីឡាអូឡាំពិកឆ្នាំ២០២០
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនលោក ស្ស៊ីនស្ស៊ូ អាបេ (Shinzo Abe) បាននិយាយថា ទីក្រុងតូក្យូ (Tokyo) គួរតែត្រូវបានត្រៀមទទួលភ្ញៀវ កីឡាអូឡាំពិកឆ្នាំ ២០២០។ ដូច្នេះពួកគេអាចបង្ហាញពិភពលោក ឲ្យឃើញពីទិដ្ឋភាព នៃការស្ថាបនាឡើងវិញរបស់ប្រទេសនេះ ដែលទើបតែរួចផុតពីការរញ្ជួយដីនៅឆ្នាំ ២០១១ ព្យុះស៊ូណាមី (tsunami) និងបញ្ហានុយក្លេអ៊ែ ក្នុងពេលថ្មីៗនេះ។
លោក ស្ស៊ីនស្ស៊ូ អាបេ (ខាងស្ដាំ) ពេលប្រកាសជាផ្លូវការបេក្ខភាព របស់ទីក្រុងតូក្យូ។
ក្នុងឱកាសទទួលទានអាហារពេលល្ងាច ជាមួយនឹងគណះកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ដែលក្នុងបំណងធ្វើកិច្ចពិភាក្សា និងវាយតម្លៃទៅលើទីក្រុងតូក្យូ ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអូឡាំពិក នាឆ្នាំ ២០២០នោះ លោក អាបេ បាននិយាយថា «តូក្យូជាទីក្រុងដ៏ស្រស់ស្អាត និងមានចំណុចទាក់ទាញជាច្រើន ហើយវាជាមូលហេតុ ដែលធ្វើឲ្យយើងសង្ឃឹមថា វានឹងត្រូវបានគេជ្រើសរើស»។
គាត់បាននិយាយបន្តថា «វាជាគ្រោះមហន្តរាយ ដែលធ្វើឲ្យកើតមាន ការរញ្ជួយដី រលកយក្សស៊ូណាមី និងបញ្ហានុយក្លេអ៊ែ។ ប៉ុន្តែវាជាការរស់ឡើងវិញផងដែរ»។
លោក អាបេ វ័យ៥៨ឆ្នាំ ដែលបានចាកចេញពីដំណែងនាយករដ្ឋមន្រ្តី នៅឆ្នាំ២០០៧ ដោយសារតែបញ្ហាសុខភាពរបស់គាត់នោះបានឈរឈ្មោះ បោះឆ្នោតម្តងទៀត កាលពីខែធ្នូរឆ្នាំមុន ហើយបានជោគជ័យ និងកាន់អំណាចឡើងវិញ។
លោក បានបន្តទៀតថា «សេចក្តីមេត្តាធម៌ ភាពក្លាហាន និងភាពស្ងប់ស្ងាត់នៃគ្រោះមហន្តរាយទាំងនោះ បានធ្វើឲ្យខ្ញុំក្រោកឈរម្តងទៀត។ ក្តីសង្ឃឹមរបស់ខ្ញុំ គឺធ្វើយ៉ាងឲ្យមានភាពប្រសើរឡើង ហើយយើងចង់មានឱកាសស្រោចស្រង់ឡើងវិញ។ វាជាសារដ៏មានឥទ្ធិពលមួយ បើសិនជាទីក្រុងតូក្យូបានធ្វើជាម្ចាស់ផ្ទះ នោះវានឹងបង្ហាញដល់ពិភពលោកទាំងមូល បានឃើញ»។
ក្នុងការពិភាក្សាកាលពីថ្ងៃពុធ កន្លងទៅ គណះកម្មាធិការកីឡានៃទីក្រុងតូក្យូបានប្រាប់ឲ្យដឹងថា «ផ្នែកខាងដឹកជញ្ជូន និងការធ្វើដំណើរ មានភាពល្អគ្រប់គ្រាន់ ក្នុងការប្រកួតអូឡាំពិក ឆ្នាំ២០២០»។
លោកវិស្វករ តាកាយូគី គីស្ស៊ី (Takayuki Kishii) បាននិយាយថា «យើងមិនសាងសង់អ្វីៗ សំរាប់តែការប្រកួតកីឡាអូឡាំពិកទេ។ យើងស្ថាបនាទៅតាមគម្រោង ដ៏វែងឆ្ងាយរបស់យើង ហើយធ្វើយ៉ាងណា ឲ្យមានប្រយោជន៏បម្រើដល់កីឡាអូឡាំពិកដែរ»។
គួររំឭកថា គណះកម្មាធិការកីឡាអូឡាំពិក បានផ្តល់សិទ្ធធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិកឆ្នាំ ២០១៦ ទៅអោយទីក្រុង រូយ៉ូ ដឺចេនេរ៉ូ (Rio de Janeiro) នៃប្រទេសប្រេស៊ីល ដែលជាការទទួលបានសិទ្ធមុនដំបូងគេបង្អស់ ក្នុងតំបន់អាមេរិកខាងត្បូង។ ប៉ុន្តែទីក្រុងមួយនេះ មានការស្ថាបនាយឺតយ៉ាវ ចំពោះគម្រោងរបស់អូឡាំពិក ទៅតាមការកំណត់។
ទីក្រុងតូក្យូ ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពទាំងបី ដែលប្រជែងគ្នា យកសិទ្ធធ្វើជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិក ឆ្នាំ២០២០។ ហើយទីក្រុងនៃប្រទេសជប៉ុនមួយនេះ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរួចម្តងមកហើយ កាលពីឆ្នាំ១៩៦៤។ រីឯទីក្រុងចំនួន២ទៀត ដែលត្រូវធ្វើការប្រជែងដែរនោះ គឺទីក្រុង ម៉ាឌ្រីដ (Madrid) របស់ប្រទេសអេស្ប៉ាញ និងទីក្រុង អ៊ីស្តេនប៊ុល (Istanbul) របស់ប្រទេសទូរគី៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ