ក្រសួងព័ត៌មាន៖ ផ្តល់ព័ត៌មានពិត នឹងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កត្តាទាំងឡាយ ដែលបណ្តាលឲ្យមានការប្រែប្រួលយ៉ាងដូចនេះ ដោយសារការបញ្ចេញឧស្ម័នផ្លាតពីផ្ទាំងកញ្ចក់នៃអាគារ ឬឧស្ម័នពុល ពីបណ្តាប្រទេសមានឧស្សាហកម្ម និងការអភិវឌ្ឍន៍ជឿនលឿន ដូចជាបណ្តាប្រទេសនៅសហភាពអឺរ៉ុប អាមេរិក និងនៅអាស៊ី ដូចជាប្រទេសប្រទេសជប៉ុន និងចិនជាដើម។
បម្រែបម្រួលនៃអាកាសធាតុ ក្នុងពិភពលោក កំពុងជួបប្រទះនូវបញ្ហាគួឲ្យព្រួយបារម្មណ៍ និងបង្កឲ្យមានគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត និងបង្កឲ្យមានបាតុភូតធម្មជាតិផ្សេងៗទៀតជាយថាហេតុ ដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់ សង្គមជាតិ សេដ្ឋកិច្ចជាតិ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ។ នេះជាការលើកឡើងរបស់ លោក ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង ការប្រែ-ប្រួលអាកាសធាតុ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ជំនាញសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣នេះ។
រដ្ឋមន្ត្រីរូបនេះបន្តរថា បច្ចុប្បន្នភាពនេះមានការទទួលស្គាល់ជាទូទៅ នូវការប្រែប្រួលអាការធាតុ ថាជា«បញ្ហាពិភពលោក»។ នេះជាការគំរាមកំហែងមួយ ដែលនាំឲ្យមានផលប៉ះពាល់ជា «អវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម» នៅគ្រប់បណ្តាប្រទេសទាំងអស់។
លោកបញ្ជាក់ថាសម្រាប់កម្ពុជា តាមការសិក្សា និងស្រាវជ្រាវរបស់ក្រសួងបរិស្ថាន បានបង្ហាញថា ការយល់ដឹងរបស់សាធារណជន អំពីការប្រែប្រូលអាកាសធាតុ នៅមានកម្រិតនៅឡើយ ដែលនេះជា«ឧបសគ្គ»ដ៏ធំមួយ ក្នុងការទាក់ទាញសាធារណជនឲ្យចូលរួមក្នុង សកម្មភាពឆ្លើយតបនឹង «ការប្រែប្រួលអាកាសធាតុដោយប្រសិទ្ធភាព»។ ប្រជាជនភាគច្រើនដែលបានទទួលព័ត៌មាននានា ក៏ដោយសារតាមរយៈបណ្តាញផ្សព្វផ្សាយ ដូចជាវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានជាដើម។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចង់ឲ្យក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការយកព័ត៌មាន និងការបញ្ចាញផ្សាយទៅវិញ នូវការពាក់ព័ន្ធ ទៅនឹងការប្រែប្រួលអាកាសធាតុនេះ ជូនសាធារណជន ឲ្យបានទាន់ពេលវេលា។
ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌មាន អំពីការប្រែប្រួលអាកាសធាតុ ក្រសួងពត៌មានបានសហការជាមួយដៃគូពាក់ព័ន្ធ បើកការបណ្តុះបណ្តាលអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នរដ្ឋចំនួនដប់ប្រាំនាក់ ឲ្យយល់ដឹងពីបញ្ហាបំរែបំរួលអាកាសធាតុ ដើម្បីផ្តល់ព័ត៌មានមួយច្បាស់លាស់ដល់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «ក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ តម្រូវឲ្យអ្នកសារព័ត៌មានសរសេរឲ្យបានត្រូវ។ (...) លោកថាយើងជាអ្នកកាសែត ត្រូវយល់ថាអ្វីទៅ ជាការប្រែប្រួលអាកាសធាតុ បណ្តាលមកពីអីខ្លះ? ដោយសារអ្វីខ្លះ?។ កាលណាយើងនិយាយច្បាស់ យើងចុះទៅមូលដ្ឋានមួយ គ្រាន់តែឃើញភ្លាម ដឹងថារឿងនោះមកពីប្រែប្រួលអាកាសធាតុ។»
លោកបន្តថា កម្ពុជាទទួលរងឥទ្ធិពលបំរែបំរួលអាកាសធាតុ គួរឲ្យព្រួយបារម្ភ ដូច្នេះមានតែការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ឲ្យយល់ដឹងអំពីបញ្ហានេះទេ ទើបអាចជួយដោះស្រាយបាន។ «នេះគឺជាវគ្គ ដើម្បីធ្វើការសាកល្បងពេលដែលរៀន យើងរៀនពីរថ្ងៃ បន្ទាប់មក ត្រូវធ្ចើការសាកការងាររយៈពេល បីខែ សិក្ខាកាមដែលបានចូលរៀននៅទីនេះ ត្រូវផលិតយ៉ាងហោច ៤៥អត្ថបទ ផ្សេងៗពីគ្នា ពាក់ព័ន្ធនឹងបំរែបំរួលអាកាសធាតុ។ ក្នុងមួយខែធ្វើយ៉ាងណាឲ្យបានដប់ប្រាំអត្ថបទ»។ បន្ទាប់ពីបញ្ចប់វគ្គនេះ ក្រសួងមានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលនេះ ដល់អ្នកសារព័ត៌មាន នៅក្នុងស្ថាប័នឯកជនបន្ថែមទៀត។
ចំណែកលោក ស្រី អាន ហូគ្លងដ៍ (Anne Hoglund) ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ របស់សម្ព័នភាពប្រែប្រួលអាកាសធាតុកម្ពុជា មានចំណាប់អារម្មណ៍ថា អ្នកសារព័ត៌មានកម្ពុជា អាចចូលរួមសកម្មភាពនេះ ដោយទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ តាមរយៈការសរសេរព័ត៌មានពិត ចែកជូនដល់ប្រជាពលរដ្ឋទូទៅ។
ក្នុងគោលបំណងបង្កើនការយល់ដឹង «អំពីការប្រែប្រួលអាកាសធាតុ» ទុកជាទុនសម្រាប់អ្នកសារព័ត៌មាន នៅក្នុងប្រទេសយើង ឲ្យយល់ដឹងកាន់តែច្បាស់និងស៊ីជម្រៅ ពីពាក្យបច្ចេកទេស និងបញ្ញតិ្តថ្មីៗ ទាក់ទងនឹងវិទ្យាសាស្ត្រ មូលហេតុ និងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាវិធានការឆ្លើយតបនានា ដើម្បីដោះដ្រាយបញ្ហាដ៏ប្រឈមទាំងនោះ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក្រោមជំនួយឧបត្តម្ភ របស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) លើគម្រោងចំនួន១៩ ពាក់ពន្ធ័នឹងការប្រែប្រួលអាកាសធាតុ ដែលត្រូវចំណាយប្រាក់ ប្រមាណជាបួនលានដុល្លាអាមេរិក សម្រាប់ការគាំទ្រ ការកសាងសមត្ថភាព ការផ្សព្វផ្សាយចំណេះដឹង របស់អ្នកសារព័ត៌មាន ឲ្យយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ពីពាក្យបច្ចេកទេស និងបញ្ញតិ្តថ្មីៗ ដែលទាក់ទងនឹងវិទ្យាសាស្ត្រ។ ដឹងពីមូលហេតុ និងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាវិធានការនានា ក្នុងការដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ រួមនឹងការផ្តល់ព័ត៌មានទាំងនេះដល់រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីអនុវត្តការងារ នៅតាមសហគមន៍របស់ខ្លួន។
-------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ