យ៉ង់ គឹម អេង៖ រដ្ឋាភិបាលពុំទាន់មានសមត្ថភាពពេញ ដើម្បីសង្គ្រោះពលរដ្ឋពីទឹកជំនន់
ខណៈស្ថានភាពទឹកជំនន់ ដែលបានជនលិចបណ្តាខេត្តមួយចំនួន របស់កម្ពុជាកំពុងស្រកចុះទៅវិញបណ្តើរៗ ហើយនោះ តុល្យការចុងក្រោយដែលបញ្ចេញឲ្យដឹង ដោយមន្រ្តីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា ទឹកជំនន់ឆ្នាំ២០១៣នេះមានលក្ខណៈប្រហាក់ប្រហែលឆ្នាំ២០១១ ហើយយ៉ាងហោចណាស់ក៏មានមនុស្ស១២២នាក់បានស្លាប់ និងទឹកប្រាក់ច្រើនជាង៥០០លានដុល្លារសហរដ្ឋអាមេរិក អាចត្រូវខាតបង់ ពីគ្រោះទឹកជំនន់ ក្នុងឆ្នាំ២០១៣នេះ។
ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)
រាជធានីភ្នំពេញ - អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៣ បានឲ្យដឹងថាស្ថានភាពទឹកជំនន់នៅឆ្នាំ២០១៣នេះ ដែលភាគច្រើនបណ្តាលមកពីជំនន់ទឹកភ្លៀងនោះ មានលក្ខណៈស្ទើរតែប្រហាក់ប្រហែល ទៅនឹងស្ថានភាពទឹកជំនន់ក្នុងឆ្នាំ២០១១ តែចំនួនមនុស្សស្លាប់មានចំនួនតិចជាងឆ្នាំ២០១១។
ជនរងគ្រោះចំនួន ១២២នាក់ បានស្លាប់ និងខាងបង់ទឹកប្រាក់ច្រើនជាង ៥០០លានដុល្លារអាមេរិក
អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បន្តថា យោងតាមតុល្យការចុងក្រោយបានបង្ហាញថា មានជនរងគ្រោះចំនួន១២២នាក់ និងការខាតបង់គិតជាទឹកប្រាក់យ៉ាងតិច៥០០លានដុល្លារអាមេរិក ប៉ុន្តែចំនួននេះ វាគ្រាន់តែជាការព្យាករណ៍បណ្តោះអាសន្នប៉ុណ្ណោះ។
ចំពោះវិធានការជួយសង្រ្គោះលោក ញឹម វណ្ណដា បានធ្វើអះអាង ដោយយោងទៅលើអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានយន្តការជួយសង្រ្គោះផ្សេងៗ ក្នុងនោះរួមមាន ការជម្លៀសប្រជាពលរដ្ឋតាមរយៈ មធ្យោបាយធនធានមនុស្ស ទូកចម្លង កាណូត ទៅកាន់ទីសុវត្ថិភាព ឲ្យអស់ពីលទ្ធភាព ជៀសវាងការបាត់បង់ជីវិតប្រជាពលរដ្ឋ។
ទាក់បញ្ហានេះ លោក យ៉ង់ គឹមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា ស្របពេលប្រទេសកម្ពុជាកំពុងរងការលិចលង់ ដោយទឹកជំនន់ធ្ងន់ធ្ងរនោះ គេក៏ឃើញមានសកម្មភាពជួយសង្រោះ និងការផ្តល់ជំនួយច្រើន ពីគ្រប់មជ្ឈដ្ឋាន រាប់ទាំង រដ្ឋាភិបាល សង្គមស៊ីវិល គណបក្សនយោបាយ ប្រជាពលរដ្ឋដែលមានលទ្ធភាព និងដៃគូរផ្សេងៗទៀត ដែលវាជាការបង្ហាញថា សង្គមកម្ពុជាមានសាមគ្គីភាពជាមួយគ្នាបានល្អ ក្នុងគ្រាមានអាសន្ន។
តែនាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋរូបនេះ អះអាងថា រដ្ឋាភិបាលកម្ពុជាគួរពង្រឹង និងធ្វើឲ្យប្រសើរឡើង ចំពោះវិធានការជួយសង្រ្គោះ ប្រកបដោយប្រសិទ្ធិភាព ព្រោះក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា ពុំទាន់មានសមត្ថភាពពេញលេញក្នុងការជួយសង្រ្គោះ និងផ្តល់ជំនួយគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅឡើយទេ។
គួរម្លឹកថាគ្រោះទឹកជំនន់នៅកម្ពុជា កាលពីឆ្នាំ២០១១កន្លងទៅ បានបណ្តាលឲ្យស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋ២៤៧នាក់ មានប្រជាពលរដ្ឋច្រើនជាង១លាន៥សែននាក់រងផលប៉ះពាល់ និងដីស្រែជាង១លានហិកតាត្រូវបានលិចលង់ ខណៈទឹកប្រាក់៥២២លានដុលា្លរអាមេរិកត្រូវបានខាតបង់ ពីគ្រោះទឹកជំនន់។
លោក យ៉ង់ គឹមអេង បានលើកឡើងថា មូលហេតុដែលនាំឲ្យមានគ្រោះទឹកជំនន់ គឺដោយសារការគ្រប់គ្រងធនធានធម្មជាតិមិនបានល្អ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមិនបានត្រឹមត្រូវ រួមទាំងប្រព័ន្ធបង្ហូរទឹកទាំងនៅក្នុងទីក្រុង និងជនបទ។ ទន្ទឹមនឹងនេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ ធ្លាប់អះអាងថា បញ្ហាទាំងនេះគឺជាកំហុសរបស់រដ្ឋាភិបាល ដែលបណ្តោយឲ្យមានការកាប់ព្រៃឈើ និងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលជាមូលហេតុដែលនាំឲ្យមានគ្រោះទឹកជំនន់។ តែមូលហេតុនេះ បានត្រូវលោក ញឹម វណ្ណដា បានធ្វើការច្រានចោល និងថាគឺជារឿងមិនគួរឲ្យជឿ៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ