ប្រតិកម្ម​ជុំ​វិញ​ការ​តែង​តាំង ញឹក ប៊ុនឆៃ ជាទីប្រឹក្សា​ថ្មី​របស់​រដ្ឋាភិបាល

អគ្គលេខាធិការគណបក្សហ្វ៊ុន ស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ត្រូវបានព្រះមហាក្សត្រនៃប្រទេសកកម្ពុជា បានតែងតាំង​ជា​ទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី។ ភ្លាមៗបន្ទាប់មានការតែងតាំងបែបនេះ អ្នកវិភាគ សង្គម​ស៊ីវិល និងមន្រ្តីបក្សប្រឆំាង បានបញ្ចេញទស្សនៈផ្សេងៗគ្នា អំពីមូលហេតុដែលនាំឲ្យរដ្ឋាភិបាលតែងតាំងលោក ញឹក ប៊ុនឆៃ ក្នុងជួរដ្ឋាភិបាលនេះ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គលេខាធិការគណបក្សហ្វ៊ុន ស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ត្រូវបានព្រះមហាក្សត្រនៃប្រទេសកកម្ពុជា បានតែងតាំង​ជា​ទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី។ ភ្លាមៗបន្ទាប់មានការតែងតាំងបែបនេះ អ្នកវិភាគ សង្គម​ស៊ីវិល និងមន្រ្តីបក្សប្រឆំាង បានបញ្ចេញទស្សនៈផ្សេងៗគ្នា អំពីមូលហេតុដែលនាំឲ្យរដ្ឋាភិបាលតែងតាំងលោក ញឹក ប៊ុនឆៃ ក្នុងជួរដ្ឋាភិបាលនេះ។


លោក ញឹក ប៊ុនឆៃ នៅក្នុងវេទិកាមួយ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១០ ក្នុងខេត្តបន្ទាយមានជ័យ។ (រូបថត CCHR)

រាជធានីភ្នំពេញ - ដំបូងឡើយគ្រប់គ្នាគិតថា មន្រ្តីកំពូលៗគណបក្សហ្វុន ស៊ិនប៉ិច នៅក្នុងអាណត្តិថ្មីនេះ ទំនងជាបានបង់​ដំណែងអស់ហើយ ជាមួយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្ទាប់ពីគណបក្សរាជានិយម ហ្វុន ស៊ិនប៉ិច មួយនេះ​បាន​ទទួលបរាជ័យ​យ៉ាង​ជូចត់ជាប្រវត្តិសាស្រ្ត ដោយមិនទទួលបានមួយកៅអីទាល់តែសោះ នៅក្នុងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាល​ទី ៥ នេះ។ មន្រ្តីកំពូលៗនៅក្នុងគណបក្សនេះ មានជាអាទិ៍លោក ញឹម ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស លោក កែវ ពុទ្ធរស្មី ត្រូវជាស្វាមីសម្ដេចព្រះអនុជ នរោត្តម អារុណរស្មី និងលោក សៅ រ៉ានី អតីតមន្រ្តីគណបក្ស​នរោត្តម ឬណរិទ្ធ ដែលបានចុះ​ចូលជាមួយគណបក្សហ្វុន ស៊ិន ប៉ិច សុទ្ធតែត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន តែងតាំង​ឲ្យមានតួនាទីខ្ពស់ៗនៅក្នុងអណត្តិថ្មីនេះ។

នៅក្នុងចំណោមមន្រ្តីកំពូលៗបក្សរាជានិយមទាំងនោះ តួអង្គសំខាន់បំផុត ដែលគេចាប់អារម្មណ៍ជាងគេនោះគឺ លោក ញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្រ្តី ដែលជាអ្នកមានមុខម៉ាត់គ្រាន់បើដែរនោះ នៅក្នុងរដ្ឋាភិបាល លោក ហ៊ុន សែន កាលពី​អាណត្តិមុនៗ។ លោក ញឹក ប៊ុនឆៃ ដែលកាលពីពេលថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រ បានចេញព្រះរាជសារតែងតាំង​ឲ្យ​ក្លាយជាទីប្រឹក្សារបស់លោក ហ៊ុន សែន ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី នៅក្នុងអាណត្តិទី ៥ នេះ។ ជុំវិញការ​តែងតាំងលោក ញឹក ប៊ុនឆៃ នេះ បានធ្វើឲ្យមានការបកស្រាយខុសៗគ្នា ថាតើមានមូលហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជា នៅតែតែងតាំងលោក ញឹម ប៊ុនឆៃ ឲ្យមានដំណែងខ្ពស់បែបនេះ ខណៈពេលដែលមន្រ្តីគណបក្សហ្វ៊ុន ស៊ិនប៉ិចមួយ​ចំនួន​ទៀត ដែលធ្លាប់មានតួនាទីខ្ពស់ៗដែរនោះ ទំនងជាត្រូវបាត់បង់ដំណែងអស់ ដោយសារតែគណបក្សនេះចាញ់ឆ្នោត?

អ្នកវិភាគព្រឹត្តិការណ៍សង្គមនៅកម្ពុជា លោក បណ្ឌិត កែម ឡី បានធ្វើអត្ថាធិប្បាយប្រាប់​ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃនេះថា មូលហេតុដែលលោក ហ៊ុន សែន នៅតែឲ្យលោក ញឹក ប៊ុនឆៃ មានតួនាទីជាន់ខ្ពស់ ដោយសារតែលោក ញឹក ប៊ុនឆៃ មានថវិកាច្រើន ពីព្រោះលោកមានដំណែងជាអគ្គលេខាធិការបក្ស ដែលក្តោបក្តាប់ថវិកា និងអាចជួយ​ដល់គណបក្ស​ប្រជាជនកម្ពុជាផងដែរ។ អ្នកវិភាគរូបនេះ បានមើលឃើញសេនារីយោមួយផ្សេងទៀត គឺលោក ញឹក ប៊ុនឆៃ ក៏មាន​ប្រជា​ប្រិយភាពច្រើនទៅលើកងទាហាន ជាពិសេសនៅខេត្តបន្ទាយមានជ័យ ដែលមានទាហានមួយចំនួន​លោកធ្លាប់​ថែរក្សា ធ្លាប់តស៊ូជាមួយ ធ្លាប់ដឹកនាំ ដែលជាហេតុធ្វើឲ្យក្រុមទាហានទាំងនោះ នៅតែគោរពស្ម័គ្រស្មោះនឹងលោក ញឹក ប៊ុន ឆៃ និងធ្វើឲ្យរដ្ឋាភិបាលមិនអាចដោះដៃចោលលោក ញឹម ប៊ុនឆៃ និងគណបក្សហ្វ៊ុន ស៊ិនប៉ិច បាននោះទេ។

រីឯលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានយល់ឃើញថា មូលហេតុដែលលោក ហ៊ុន សែន យកលោក ញឹក ប៊ុនឆៃ ជាទីប្រក្សានេះ គឺចង់បង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តសហប្រតិបត្តិការជាមួយគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ជាពិសេសជាមួយរូបលោក ញឹក ប៊ុនឆៃ តែម្តង ដែលលោក គល់ បញ្ញា អះអាងថា មានរឿងស៊ីជម្រៅនៅក្នុងហ្នឹង ដែលគេមិនបានដឹង។ លោក បញ្ញា បន្តថា តាមផ្លូវច្បាប់ បើទោះបីជាលោក ញឹក ប៊ុនឆៃ មានតួនាទីជាទីប្រឹក្សា ដែលមាន​ឋានៈស្មើឧបនាយករដ្ឋមន្រ្តីក៏ដោយ ក៏លោក ញឹក ប៊ុនឆៃ មិនអាចមានសមាសភាពជាសមាជិករដ្ឋាភិបាលឡើយ ពីព្រោះ​តែគណបក្សហ្វ៊ុន ស៊ិនប៉ិច មិនទទួលបានអាសនៈនៅក្នុងសភា។

«ក្បាលធំខ្លួនតូច»

ចំណែកលោក  ញ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានហៅការតែងតាំងនេះថា ជាការអត់ប្រយោជន៍​នោះ​ទេ ដែលធ្វើឲ្យចំណាយថវិកាជាតិច្រើនមិនចំទិសដៅ។ លោក ប៉ុញ្ញាឫទ្ធិ បានហៅរដ្ឋាភិបាលបច្ចុប្បន្ននេះថា ជារដ្ឋាភិបាល​«ក្បាលធំខ្លួនតូច» ដោយលោកទទូចឲ្យមានការកំណែទម្រង់ ដូចជាការអះអាងរបស់លោក ហ៊ុន សែន កាលពីពេល​កន្លង​ទៅ។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ។ តែលោក ញឹក ប៊ុនឆៃ ដែលជាតួអង្គ ត្រូវបាន​ព្រះមហាក្សត្រតែងតាំងនោះបានអះអាងថា លោកមានការសប្បាយចិត្តណាស់ ដែលរដ្ឋាភិបាលសម្រេចយក​លោក​ឲ្យធ្វើ​ជាទីប្រឹក្សា ដើម្បីមានឧិកាសរួមចំណែក នៅក្នុងការកសាងប្រទេសជាតិជាមួយរដ្ឋាភិបាលជាថ្មីទៀត។

លោក ញឹក ប៊ុនឆៃ ដំបូងឡើយត្រូវបានគេស្គាល់ថា ធ្លាប់ជាមនុស្សជំនិតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំ ៥-៦កក្កដា ឆ្នាំ១៩៩៧ នៅពេលដែលការផ្ទះអាវុធ ដាក់គ្នា​រវាង​ខ្មែរនឹង​ខ្មែរ​គ្នាឯង ឬអ្នកខ្លះហៅថា ជារដ្ឋប្របហារទម្លាក់ទ្រង់រណរិទ្ធ ពីដំណែងជានាយករដ្ឋមន្រ្តីទី ១ នោះ លោក ញឹក ប៊ុនឆៃ នេះ​ហើយ ជាអ្នកកាន់កងទ័ពខាងសម្តេចក្រុមព្រះ ប្រយុទ្ធជាមួយនឹងកងទ័ពលោក ហ៊ុន សែន។ តែក្រោយៗមកលោក ញឹក ប៊ុនឆៃ បានបែកបាក់គ្នាជាមួយទ្រង់ រណរិទ្ធ  និងបានចុះចូលជាមួយលោក ហ៊ុន សែន ព្រមទាំងត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន តែងតាំងជាឧបកនាយករដ្ឋមន្រ្តីចាប់តាំពីឆ្នាំ ២០០៤ មក។ ទើបតែ២០១៣ នេះទេ ដែលលោក ញឹក ប៊ុនឆៃ ត្រូវបានលោក ហ៊ុន សែន យកមកធ្វើជាទីប្រឹក្សា ដែលគ្រាន់តែមានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។

គួរកត់សម្គាល់ថា លោក ញឹក ប៊ុនឆៃ ធ្លាប់បានក្លាយជាប្រមុខរដ្ឋស្តីទីម្តង កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០០៤ ដោយ​បាន​ចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលមាន៧ មាត្រា ដើម្បីធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ ហើយ​បញ្ហាជាប់គាំងខាង នយោបាយត្រូវបានដោះស្រាយជាប្រក្រតីឡើងវិញ។ ការចុះហត្ថលេខាលើច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម ក្នុងនាមជាប្រមុខរដ្ឋស្តីទីនេះ ត្រូវគេដឹងថា គឺដោយសារតែអតីតព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ទ្រង់មិនចង់​ឡាយ​ព្រះហស្ថ ពីព្រោះច្បាប់នោះបង្កភាពចំណេញ ឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា៕

---------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...