សេចក្ដីថ្លែងការណ៍​ដែល​ប្រែ​ក្លាយ​គណបក្ស​ប្រជាជន ជា​«មេមាន់»?

ទីបំផុតទៅ សេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជា ស្តីពីកំណែទម្រង់​ការបោះឆ្នោតខាងមុខ បានផ្សាយចេញជាសាធារណៈ ថាខ្លួននឹងសហការជាមួយគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការ​សង្គមស៊ីវិលជាតិ និងអន្តរជាតិក្នុងការកែទម្រង់ការបោះឆ្នោត ដើម្បីឲ្យស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ តើសេចក្ដីថ្លែងការណ៍នេះ មានអត្ថន័យស្មើ នឹងដើរជាន់កែងខ្លួនឯងឬយ៉ាងណា?
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីបំផុតទៅ សេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជា ស្តីពីកំណែទម្រង់​ការបោះឆ្នោតខាងមុខ បានផ្សាយចេញជាសាធារណៈ ថាខ្លួននឹងសហការជាមួយគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការ​សង្គមស៊ីវិលជាតិ និងអន្តរជាតិក្នុងការកែទម្រង់ការបោះឆ្នោត ដើម្បីឲ្យស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ តើសេចក្ដីថ្លែងការណ៍នេះ មានអត្ថន័យស្មើ នឹងដើរជាន់កែងខ្លួនឯងឬយ៉ាងណា?


កញ្ចាប់សុវត្ថិភាពនៃលទ្ធផលឆ្នោត ពីការិយាល័យមួយចំនួនក្នុងខេត្តសៀមរាប ដែលត្រូវយកមកបើកផ្ទៀងផ្ទាត់ឡើងវិញ។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ញ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ បានចំអកឲ្យគណបក្សកាន់អំណាចថា ចង់មិនចង់ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍នេះ មានន័យស្មើនឹងគាត់ទទួលស្គាល់ នូវរាល់ភាពមិនប្រក្រតី នៃការបោះឆ្នោតកន្លងមក។ ដូច្នេះគណបក្សប្រជាជនត្រូវតែ​មក​ជជែក ជាមួយបក្សសង្គ្រោះជាតិ ដើម្បីធ្វើកំណែទម្រង់ឲ្យមានការស៊ីជម្រៅពិតប្រាកដ ដែលមិនមែនជាឯកតោភាគី។

លោក ញ៉ែម ប៉ុញ្ញាឫទ្ធិ បានបន្ថែមទៀតថា «សេចក្តីថ្លែងការណ៍មានតែលើក្រដាស មិនទាន់មានយន្តការណា ធ្វើការ​គិត​គូរសិក្សាពិតប្រាកដ។ (...) ត្រូវជួបជជែកគ្នាលំអិត តើបង្កើតយន្តការត្រួតពិនិត្យយ៉ាងដូចម្តេច នោះទាល់តែមានតុល្យភាព​អំណាចយ៉ាងច្បាស់លាស់ ទើបអាចធ្វើការកំណែទម្រង់បានជោគជ័យបាន រួមនឹងការជឿជាក់ពីប្រជាពលរដ្ឋ និងគ្រប់​គណបក្សនយោបាយទាំងអស់។»

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងរិះគន់គណបក្សប្រជាជនទៀតថា រាល់យន្តការកំណែទម្រង់​ទាំងអស់​លើប្រព័ន្ធច្បាប់ទាំងអស់ ដោយឯកតោភាគគី ដោយមិនបានបង្កើតនូវយន្តការមួយ ធ្វើការសិក្សាលំអិត នោះរាល់ការ​សន្យាទាំងឡាយ នឹងមិនមានប្រយោជន៍ឥតបានការ ដោយសារតែច្រើនអាណត្តិមកហើយ ដែលលឺតែការសន្យា តែគ្មាន​ការអនុវត្តតាម។ អ្វីដែលសំខាន់នោះ រាល់ច្បាប់ទាំងអស់ អ្នកដែលគ្រប់គ្រងទាល់តែសភា ទើបមានសមត្ថកិច្ច​ទៅ​តាម​លក្ខខ័ណ្ណច្បាប់។ លោកបញ្ជាក់ទៀតថា រីឯ«គ.ជ.ប ដល់ពេលគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជម្រុញ ឲ្យធ្វើការកែទម្រង់ប្រពន័្ធគ្រប់គ្រង និងប្រព័ន្ធច្បាប់ទាក់ទងនឹងខ្លួន បែរជាស្ងាត់មាត់ដូចគេចុក»។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺបន្ថែមពីលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានទេដោយ​លោក​ពុំទទួលទូរស័ព្ទ។ តែក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីកន្លងមក លោកបានបញ្ជាក់ដោយខ្លីថា លោកធ្វើអ្វីៗទៅតាម​តែ​ច្បាប់ បើច្បាប់តម្រូវឲ្យធ្វើនោះ ទើបអាចធ្វើទៅបាន តែបើអ្វីដែលច្បាន់មិនបានលើកឡើងទេ នោះវាមិនមែនជាសមត្ថកិច្ច​របស់គ.ជ.ប ឡើយ។

តាមការអះអាងបន្ថែមរបស់មន្រ្តីម្នាក់ ស្និតនឹងគណបក្សសង្គ្រោះជាតិ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទស្សនាវដ្តីថា អ្វីដែលគណបក្សប្រជាជនបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍នេះ (វា) ជាចំណុចមួយក្នុងចំណោមចំណុចបីធំៗ ដែល​គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិបានជួបពិភាក្សាគ្នា ក្នុងពេលកន្លងមក។ មន្ត្រីលាក់ឈ្មោះរូបនោះ បានបន្តរ​ថានៅមាន​ពីរ​ចំណុចទៀតដូចជា ការកំណត់ការគ្រប់គ្រងក្រសួង-ស្ថាប័ន និងការធ្វើឲ្យមាននូវតុលល្យភាពអំណាច រវាង​គណបក្សធំៗ​ទាំងពីរ។ ចំណុចទាំងពីនេះ ជាអ្វីដែលគណបក្សប្រជាជន ត្រូវតែធ្វើជាបន្តរបន្ទាប់ទៀត។ លោកបន្តរថា នេះ​ជាទម្លាប់​ចាស់ របស់គណបក្សប្រជាជនកម្ពុជា ដែលយកតាមចរិក«មេមាន់»។

លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ក៏មិន​អាចទំនាក់ទំនង​បានដែរ ដោយលោកពុំទទួលទូរស័ព្ទដូចគ្នា។ តែទោះជាយ៉ាងណាក៏ដោយ ក៏ក្នុងសេចក្តីថ្លែងការណ៍​នោះ​បានបង្ហាញថា គណបក្ស​ប្រជាជនកម្ពុជា មានឆន្ទះ រួបរួមជាមួយគណបក្សប្រឆាំង (បក្សសង្រ្គោះជាតិ) និងទទួលយកនូវ​អនុសាសន៍នានារបស់ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។

ចំពោះបញ្ហាខាងលើ អង្គការសង្គមស៊ីវិលបានយល់ថា ជាចំណុចវិជ្ជមាននិងសំខាន់មួយ ដែលអាចជម្រុញឲ្យគណបក្ស​ឈ្នះឆ្នោតទាំងពីរធ្វើការងារទៅរកការជួបចចារគ្នាជាថ្មីតទៅមុខទៀត និងអាចរកឃើញលំអិតនូវចំណុច​ត្រូវគ្នា ដែលផ្តោត​លើកំណែទម្រង់ការបោះឆ្នោត និងការត្រួតពិនិត្យគ្នាក្នុងរដ្ឋសភា។ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី គាំទ្រចំពោះបញ្ហាធ្វើការកំណែទម្រង់លើប្រព័ន្ធច្បាប់ និងការបោះឆ្នោត តែត្រូវឈរលើ​យន្តការដែលអាចពង្រឹងការកំណែទម្រង់មួយច្បាស់លាស់ តាមរយៈការផ្តល់អំណាច ទៅឲ្យគណបក្សប្រឆាំង​បានគ្រប់​គ្រាន់ ក្នុងការជែកតវ៉ាដែលមានប្រសិទ្ធិភាព។

លោកបានបន្តរថាការកែទម្រង់នេះ ចាំបាច់ណាស់ចំពោះសម្លេងរបស់គណបក្សទាំងអស់ ដែលនឹងមានឈ្មោះ​ប្រកួត​ប្រជែង មិនត្រឹមតែគណបក្សដែលមានឈ្មោះក្នុងរដ្ឋសភាទេ។ តែគណបក្សមានឈ្មោះក្នុងរដ្ឋសភា (គណបក្ស​ប្រជាជន និងគណបក្សសង្គ្រោះជាតិ) ជាចំណុចសំខាន់ដែលត្រូវតែមានវត្តមាន តែបើធ្វើការកំណែទម្រង់​តែបក្សកាន់​អំណាច​តែ​ម្នាក់ឯងទេ នោះនៅតែគ្មានប្រយោជន៍ដដែល។ លោកបានលើកជាឧទាហរណ៍ថា «ការជ្រើសរើស គ.ជ.ប កាល​ពីអាណត្តិ​មុន ដែលគ្មានគណបក្សណាមួយចូលរួមក្នុងការពិនិត្យ និងជ្រើសរើសគ.ជ.ប ដែលកាលនោះ​មាន​គណបក្ស​ប្រជាជន​តែ​មួយ ដែលធ្វើឲ្យគេលែងជឿទុកចិត្ត»។ លោកថា ការចេញនូវសេចក្តីថ្លែងការណ៍នេះ ទំនងជាការទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋច្រើនជាង។

រាល់ការកែទម្រង់ប្រព័ន្ធច្បាប់ ឬច្បាប់សម្រាប់គ្រប់គ្រប់លើ គ.ជ.ប នោះជាការប្រសើរហើយចំពោះរដ្ឋាភិបាលថ្វីនេះ។ តែ​ទោះជាយ៉ាងណា រដ្ឋាភិបាលនេះត្រូវធ្វើការដោះស្រាយនូវបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋចំពោះមុខជាមុនសិន មុននឹងសម្រេចចិត្តធ្វើការពាក់ព័ន្ធនានាផ្សេងៗទៀត ដូចជាបញ្ហា«ដីធ្លី»ជាដើម។

លោក ពៅ បញ្ញា តំណាងប្រជាពលរដ្ឋ ដែលរងនូវការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ និងជាតំណាងឲ្យ​សហគមន៍​៣៤៧ ក៏ដូចជាសហគមន៍ផ្សេងៗទៀត ដែលរងនូវផលប៉ះពាល់លើសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន បានធ្វើការចាប់​អារម្មណ៍​ថា ស្ថាប័នគ.ជ.ប ត្រូវតែកែទម្រង់ តែទន្ទឹមនឹងនេះ រដ្ឋាភិបាលថ្មីដែលចាំ«ផ្ទះ» ឬរដ្ឋាភិបាលដែលមានតែ​គណបក្សប្រជាជន​នេះ ត្រូវយកចិត្តទុកដាក់ជាចំបងចំពោះ បញ្ហាដីធ្លី។ រដ្ឋាភិបាលថ្មីត្រូវធ្វើយ៉ាងណាដោះស្រាយ នូវបញ្ហាដែលបានបង្កឡើង​ដោយរដ្ឋាភិបាលចាស់ ទៅលើសិទ្ធិលំនៅដ្ឋាន និងសិទ្ធិដីធ្លី ដែលបានបណ្តេញប្រជាពលរដ្ឋចេញ នឹងនៅមិនទាន់មាន​ដំណោះ​ស្រាយនៅឡើយនោះ។ លោកបានចាត់ទុកថា «បញ្ហាដីធ្លី ជាបញ្ហាមួយចំបង និងក្តៅគគុកដែលបានជម្រុញ ឲ្យ​គណបក្សកាន់អំណាចមុនបាត់បង់អាសនៈ និងប្រជាប្រិយភាព។ (...) ការកែទម្រ់ស៊ីជម្រៅ គួផ្តោតសំខាន់លើ​ការ​ដោះ​ស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋទាំងក្នុងភ្នំពេញ និងតាមបណ្តាខេត្តនានា។»

ជាមួយគ្នានេះ លោក ពៅ បញ្ញា ក៏បានសំណូមពរថា ការចូលរួមគ្នានៃគណបក្សដែលឈ្នះឆ្នោតទាំងពីរនេះ រួមរួមគ្នា និង​ធ្វើការដោះស្រាយនូវបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះនៅគ្រប់មូលដ្ឋាន ឲ្យបាននូវយុត្តិធម៌តាមរយៈ បញ្ឈប់ការបណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋានក្រោមរូបភាពធ្វើការអភិវឌ្ឍន៍ និងត្រូវធ្វើការដោះស្រាយ​នូវបញ្ហាដីធ្លី​ទាំងនោះ ទៅតាមទីផ្សារសេរី (ធ្វើការដោះស្រាយឲ្យបានរួចរាល់ មុននឹងធ្វើការរុះរើ ឬអភិវឌ្ឍន៍) និងត្រូវការការដោះស្រាយ​ផ្ទាល់ពីអាជ្ញាធរថ្នាក់ជាតិ៕

----------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៦ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...