សម រង្ស៊ី បន្តដុតរដ្ឋាភិបាល «ដៃភ្លើង ជើងមាន់»
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មករា ២០១៧
- កែប្រែចុងក្រោយ: January 04, 2017
- ប្រធានបទ: នយោបាយកម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមពាក្យសំដី របស់ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពេលកន្លងមក ដែលត្រូវបានអ្នកវិភាគនិយាយថា បានបង្កឧបសគ្គ ដល់ការដោះលែង សកម្មជនគណបក្ស និងសកម្មជនសិទ្ធិមនុស្ស ពីពន្ធនាគារនោះ នៅមិនទាន់ធន់ល្មមនៅឡើយ។ តែប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស ឯបរទេសរូបនេះ ហាក់បានបន្ថែមល្បឿនថ្មីទៀត ក្នុងការបញ្ឆេះរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានកំដៅឆេះជាភ្លើងឡើង។
ក្នុងព្រឹកថ្ងៃពុធនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី រូបភាពប្រៀបធៀបជាច្រើន ត្រូវបានបង្ហោះចេញ ជាមួយនឹងពាក្យហៅរដ្ឋាភិបាលកម្ពុជា ថាជារដ្ឋាភិបាល «ដៃភ្លើង ជើងមាន់» ជាមួយនឹងឃ្លា ជាភាសាអង់គ្លេសថា «A destructive government»។ រូបភាពប្រៀបធៀបទាំងនោះ មានបង្ហាញពីទិដ្ឋភាព ដែលទាក់ទងនឹងព្រឹត្តិការណ៍ធំៗ នាពេលកន្លងមក ដូចជា ការរំលោភយកដីធ្លី ផ្ទះសម្បែង (ដីក៏ប្លន់ - ដំណាំក៏ឈូស - ផ្ទះក៏ដុត) និងការបំផ្លិចបំផ្លាញ លើធនធានធម្មជាតិ (ព្រៃក៏កាប់ - ភ្នំក៏វ៉ៃ - ថ្មក៏ជើក - ខ្សាច់ក៏កាយ - បឹងក៏លប់) ជាដើម។
ការបង្ហោះនោះ មានសរសេរអមដូច្នេះថា៖ «ប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ ឲ្យវិនាសហិនហោច។ ដីក៏ប្លន់ ផ្ទះក៏ដុត ព្រៃក៏កាប់ ដំណាំក៏ឈូស បឹងក៏លុប ភ្នំក៏វ៉ៃ ថ្មក៏ជីក ខ្សាច់ក៏កាយ។ ប្រទេសជាតិអន្តរាយ រាស្ត្រវេទនា តែពួកគេបានធ្វើមហាសេដ្ឋី។»។
តាមរយៈវិទ្យុអន្តរជាតិបារាំង ពីរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១ ខែមករានេះ ប្រធានគណបក្សប្រឆាំង បានថ្លែងបញ្ឆិតបញ្ឆៀងដាក់លោក ហ៊ុន សែន ថាលោកនាយករដ្ឋមន្ត្រី កំពុងដេកយល់សប្ដិ ទាក់ទងនឹងសភាពការណ៍ចុងក្រោយ ដែលបង្កការជឿជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច កំពុងអនុវត្តន៍យុទ្ធវិធីបំបែកបំបាក់ រូបលោក ដែលជាប្រធានគណបក្ស ឲ្យចេញពីលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែការលើកឡើងខាងលើនេះ ត្រូវបានមន្ត្រីមួយចំនួន និងអ្នកគាំទ្រ របស់គណបក្សប្រជាជនកម្ពុជា ចំអកឲ្យលោក សម រង្ស៊ី វិញថា ប្រធានគណបក្សប្រឆាំងរូបនេះ កំពុងព្យាយាមសំដែងឫទ្ធិរបស់ខ្លួន ពីខាងក្រៅសៃវៀន ខណៈនៅក្នុងប្រទេស គ្មាននរណាចង់និយាយ ឬធ្វើការជាមួយលោកទៀតឡើយ។
សម្រាប់អ្នកតាមដានសភាពការណ៍កម្ពុជាវិញ បានពន្យល់ថា ការបន្ថែមល្បឿន របស់លោក សម រង្ស៊ី នៅក្នុងសង្គ្រាមពាក្យសំដីទាំងនេះ វាមានភាពចាំបាច់ណាស់ ដើម្បីរកសម្លេងឆ្នោត ជាពិសេសចំពោះការបោះឆ្នោត ដែលឈានមកដល់ ក្នុងពេលខាងមុខនេះ។ ប្រធានគណបក្សប្រឆាំង មានជំរើសតែពីរទេ ទីមួយ គឺត្រូវអង្វលោក ហ៊ុន សែន ដើម្បីបានចូល មកក្នុងប្រទេសវិញ និងទីពីរ ត្រូវស្វែងរកទំងន់ ទាំងនៅក្នុង ទាំងនៅក្រៅប្រទេស ដើម្បីទាមទារ ឲ្យរបបកាន់អំណាចសព្វថ្ងៃ បើកផ្លូវសម្រោប់លោក អាចវិលចូលមកក្នុងប្រទេសវិញ ឲ្យបានយ៉ាងហោចណាស់ មុនការបោះឆ្នោតសកល ឆ្នាំ២០១៨៕