ស្តេចស្រីអង់គ្លេសហៀបត្រូវបានសម្លាប់ ដោយអង្គរក្សផ្ទាល់
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៥ មករា ២០១៧
- កែប្រែចុងក្រោយ: January 05, 2017
- ប្រធានបទ: រាជបល្ល័ង្គអង់គ្លេស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺទស្សនាវដ្ដី «The Times» របស់ចក្រភពអង់គ្លេស ជាអ្នកទម្លាយឲ្យដឹងរឿងវ៉ាវនេះ ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់ថា ហេតុការណ៍បានកើតឡើង នៅពេលណាឡើយ។ ហើយវាជាដំណឹងមួយ បង្កភាពញាប់ញ័រ អស់ទាំងបណ្ដាប្រជានុរាស្ត្រ ដែលជ្រកក្រោមព្រះរាជបល្ល័ង្គ (រាប់ទាំងប្រទេសអង់គ្លេស និងប្រទេសរាប់សិបផ្សេងទៀត ដែលបានចាត់ទុកព្រះមហាក្សត្រអង់គ្លេស គឺជាព្រះប្រមុខរដ្ឋរបស់ពួកគេ) ដ៏ធំ និងដ៏ចាស់ជាងគេមួយនេះ នៅក្នុងពិភពលោក។
ដំណឹងនោះ បានទម្លាយឲ្យដឹងថា ព្រះមហាក្សត្រីយានី អេលីហ្សាបែត ទីពីរ (Elizabeth II) សឹងតែត្រូវបានសម្លាប់ ដោយកងរក្សាព្រះអង្គ។ ព្រះរាជវត្តមាន នៅក្នុងយប់មួយ វេលាម៉ោងប្រមាណជា ៣ទាបភ្លឺ ដើម្បីយាងក្រសាល ក្នុងសួនច្បារនៃព្រះបរមរាជវាំង ប៊េកឃីងហ្គាម (Buckingham) បានបង្កការភ្ញាក់ផ្អើល ទៅដល់កងរក្សាព្រះអង្គមួយរូប ដែលកំពុងឈរយាម នៅទីនោះ។
នៅក្នុងភាពងងឹតសូន្យសុង ភ្នាក់ងារកងរក្សាព្រះអង្គរូបនោះ មិនបានឃើញថា នោះជាព្រះមហាក្សត្រីយានីរបស់ខ្លួនទេ តែបានគិតថា ជាការឈ្លបចូល របស់ជនណាម្នាក់ផ្សេង។ ភ្នាក់ងារបានអនុវត្តន៍ តាមតួនាទីរបស់ខ្លួន ដោយបានយកកាំភ្លើង មកត្រៀមកេះកៃ ហើយភ្ជង់ទៅម្ចាស់ស្រមោល។ ភ្នាក់ងារបានស្រែកគម្រាមថា នឹងផ្ទុះអាវុធ ប្រសិនបើម្ចាស់ស្រមោល មិនបង្ហាញខ្លួន។ រំពេចនោះ កងរក្សាព្រះអង្គបានភ្ញាក់ខ្លួនព្រើត បន្ទាប់ពីឮសម្លេង របស់ព្រះមហាក្សត្រីយានីបន្លឺឡើង។
កិច្ចសន្ទនាដ៏ខ្លីមួយ បានកើតឡើង រវាងស្តេចស្រី និងភ្នាក់ងាររក្សាសន្តិសុខ របស់ព្រះរាជបល្ល័ង្គ។ ព្រះមហាក្សត្រីយានីបានមានបន្ទូលថា ព្រះអង្គចង់ចេញមកយកខ្យល់អាកាសបន្តិច បន្ទាប់ពីទ្រង់ផ្ទុំមិនលក់។ កងអង្គរក្សរូបនោះ បានទូលទៅព្រះអង្គវិលថា ខ្លួនហៀបនឹងផ្ទុះអាវុធ បាញ់ព្រះមហាក្សត្រខ្លួនឯង។ ព្រះមហាក្សត្រីយានី អេលីហ្សាបែត ទីពីរ បានបន្តព្រះរាជឱង្កា បែបរាងចំអកវិញថា៖ «លើកក្រោយ ខ្ញុំនឹងឲ្យសញ្ញាជាមុន នៅពេលខ្ញុំចង់ចេញក្រៅ ដើម្បីកុំឲ្យអ្នកឯងបាញ់សម្លាប់ខ្ញុំ»៕