«ចៅទួត»របស់ស្ដេចស្រីអង់គ្លេស បានប្រសូតចេញហើយ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាងខេត មីលើតុន (Kate Middleton) ដែលជាមហេសីរបស់ព្រះអង្គម្ចាស់វីល្លីយ៉ាម (William) ចៅប្រុសនៃព្រះមហាក្សត្រីយ៉ានី អេលីហ្សាបេដ ទី២ (Elizabeth II) នៃចក្រភពអង់គ្លេស ទើបនឹងប្រសូតបានបុត្រាមួយអង្គនៅរសៀលម៉ោង៤និង២៤នាទី ម៉ោងនៅរាជធានីឡុងដ៍ ថ្ងៃទី២២ខែកក្កដានេះ។
នាងខេត និងព្រះអង្គម្ចាស់វិល្លីយ៉ាម នៅក្នុងរទេះសេះ នៃពិធីចម្រើនព្រះជន្ម។ (រូបថត Kelly Lynch)
ដំណឹងនេះបានផ្សព្វផ្សាយភ្លាមៗ ដឹងពាសពេញពិភពលោក ដែលធ្វើឲ្យមានការអបអរសាទរយ៉ាងខ្លាំង ពីបណ្ដាជននានាក្នុងប្រទេសជាច្រើន ជាពិសេសប្រទេស ដែលធ្លាប់នៅក្រោមអាណានិគម នៃចក្រភពអង់គ្លេស និងបណ្ដាជនដែលស្រឡាញ់ចូលចិត្តគូស្វាមីភរិយាវ័យក្មេង វីល្លីយ៉ាម និងខេតនេះ។
សេចក្ដីប្រកាសព័ត៌មានជាផ្លូវការ បានធ្លាក់មកដល់នៅរាត្រីថ្ងៃដដែល ដោយបានបញ្ជាក់ថា ម្ដាយរបស់ទារក និងទារក មានសុខភាពល្អធម្មតា។
ទារកដ៏តូច ដែលមានសុខភាពល្អ បានក្លាយជារាជទាយាទទី៣ ដែលអាចនឹងទទួលស្នងរាជ្យសម្បត្តិនៅប្រទេសអង់គ្លេស បន្ទាប់ពីព្រះអង្គម្ចាស់ឆាល (Charles) ជាជីតា និងព្រះអង្គម្ចាស់វីល្លីយ៉ាម (William) ជាឪពុក។
ព្រះញាតិវង្សនៃរាជបល្ល័ង្គអង់គ្លេស បានថ្លែងថា មានសុភមង្គលណាស់ នឹងដំណឹងដ៏វិសេសវិសាលនេះ ជាពិសេសនឹងសមាជិកថ្មីម្នាក់ នៅក្នុងព្រះញាតិវង្សារបស់ពួកគេ។
នាង ខេត មីលើតុន បានចូលទៅកាន់មន្ទីរពេទ្យ សាំង ម៉ារី (St. Mary) កាលពីព្រឹកថ្ងៃច័ន្ទកន្លងមកនេះ ដើម្បីត្រៀមឆ្លងទន្លេ បន្ទាប់ពីម៉ោងការងាររដ្ឋបានចាប់ផ្ដើមបានបន្តិច។ តាំងពីជាងពីរសប្ដាហ៍មកហើយ ដែលប្រព័ន្ធផ្សព្វផ្សាយនានាក្នុងពិភពលោក បានមក«បោះជំរុំ» នៅពីមុខមន្ទីរពេទ្យនេះ ហើយនៅព្រឹកថ្ងៃច័ន្ត បន្ទាប់ពីទទួលដំណឹងថា ម្ដាយទារកបានចូលទៅកាន់មន្ទីរពេទ្យនោះ ភាពជ្រួលច្របល់ក៏បានកើតឡើងយ៉ាងខ្លាំងដែរ នៅក្នុងចំណោមពួកគេ។
រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ស្គាល់ព្រះនាមរបស់ ព្រះអង្គម្ចាស់តូចដែលមានអាយុទើបតែបាន៧-៨ម៉ោងនេះ ថាយ៉ាងដូចម្ដេចនោះនៅឡើយ។ តាមទម្លាប់របស់រាជវាំងអង់គ្លេស ព្រះនាមរបស់ទារក ទំនងជានឹងត្រូវឲ្យដឹង មិននៅក្នុងពេលឆាប់ៗនេះទេ។ ជាឧទាហរណ៍កន្លងមក ព្រះអង្គម្ចាស់វីល្លីយ៉ាម ត្រូវបានឲ្យដឹងក្នុងមួយអាទិត្យក្រោយ និងព្រះអង្គម្ចាស់ឆាល ក្នុងរយៈពេលរហូតដល់មួយខែក្រោយ។ ប៉ុន្តែព្រះអង្គម្ចាស់ និងមហេសី ជាឪពុកម្ដាយរបស់ទារកតូច នឹងត្រូវបង្ហាញខ្លួនជាសាធារណៈ នៅពេលឆាប់ៗខាងមុខ ដូចដែលប្រពៃណីធ្លាប់ធ្វើកន្លងមក៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ