ចង់មើលកុន«ស្រាត»តាមអាំងធើណែត ត្រូវសុំអនុញ្ញាត នៅអង់គ្លេស
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវិដ កាមើរូន (David Cameron) ចង់ទាមទារឲ្យក្រុមហ៊ុនផ្គត់ផ្គង់អាំងធើណែត បិទជាស្វ័យប្រវត្តនូវខ្សែភ្ជាប់ទាំងឡាយដែល ចូលទៅកាន់គេហទំព័រ«កូនជ្រូកអាសអាភាស»ទាំងឡាយ។ អ្នកណាដែលចង់ទស្សនាឬពិគ្រោះគេហទំព័រ«កូនជ្រូក»ទាំងនោះ ត្រូវធ្វើការសុំទៅក្រុមហ៊ុនអ្នកផ្គត់ផ្គង់នោះ ជាមុនសិន។
រូបបង្ហាញពីការចូលទៅពិគ្រោះគេហទំព័រកូនជ្រូក នៅលើបណ្ដាញអាំងធើណែត។
សេចក្ដីស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងក្របខ័ណ្ឌកាត់បន្ថយ ការប៉ះពាល់ទៅលើកុមារ នូវរាល់រូបភាព ដែលមានលក្ខណៈអាសអាភាស ឬអាណាចារទាំងឡាយ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងអះអាងនៅថ្ងៃច័ន្ទទី២ខែកក្កដានេះ ពីប្រព័ន្ធច្រោះថ្មីរបស់ឪពុកម្ដាយ នឹងត្រូវដាក់ឲ្យដំណើរការនៅចុងឆ្នាំខាងមុខ ទៅកាន់អតិថិជនថ្មីៗ ដែលនឹងមកជាវការភ្ជាប់បណ្ដាញអាំងធើណែត។ អតិថិជនដែលបានជាវការភ្ជាប់បណ្ដាញ នៅមុនច្បាប់នេះចូលជាធរមាន នឹងមិនត្រូវបានគេច្រោះនោះឡើយ តែអាចចូលទៅកែប្រែជម្រើសទាំងនេះបាន ប្រសិនបើអតិថិជននោះ មានបំណងបានបិទគេហទំព័រទាំងនោះ។
បន្ថែមពីលើនេះ លោកកាមើរូន ក៏មានគម្រោងដាក់ឲ្យនៅក្រៅច្បាប់ផងដែរ នូវឈុតឆាកវីដេអូកូនជ្រូក ដែលមានលក្ខណៈហឹង្សាខ្លាំង ដែលបើតាមលោក វាបង្កើតឲ្យមានឈុតឆាក«ចាប់រំលោភ»នៅខាងក្រៅដូចគ្នា។
គេហទំព័ររុករក ដូចយ៉ាងហ្គូហ្គោល (Google) យ៉ាហូ (Yahoo) ជាដើមនោះ នឹងត្រូវសុំឲ្យបិតចោលនូវពាក្យគន្លឹះមួយចំនួន និងលទ្ធផលរុករកទាំងឡាយ ដែលពាក់ព័ន្ធក្នុងករណីនេះ។
ក្រុមសមាគមដែលធ្វើការប្រយុទ្ធប្រឆាំងនឹងភាពយន្ដ ឬវីដេអូ «កូនជ្រូកអាសអាភាស»ទាំងនេះ បានស្វាគមន៍យ៉ាងខ្លាំងនូវចំណាត់ការ របស់លោកនាយករដ្ឋមន្ត្រីរូបនេះ។ តែក្រុមសកម្មជនដទៃទៀត ដែលមានបុព្វហេតុសម្រាប់សេរីភាពនៃការបញ្ចេញមតិយោបល់ បានចាត់ទុកថាវិធានការទាំងនេះ ថាជាការហាមឃាត់មួយ ដែលមានលក្ខណៈ«ចាប់បង្ខំ»៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ