ម៉េង កែវពេជ្ជតា លត់ ចន ច័ន្ទលក្ខិណា រឿង«ផ្អែមក្រៅដំបៅក្នុង»
នៅពេលដែលការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋ របស់តារាចម្រៀងម្នាក់ បានប្រែក្លាយជាសង្គ្រាមសំដី ដែលត្រូវបានយកទៅបកស្រាយ ទៅតាមនិន្នាការនយោបាយ តែរៀងខ្លួន ខណៈអ្នកមាននិន្នាការកណ្ដាល បានជួយពន្យល់ទៅវិញថា អ្នកដែលរងការរិះគន់ គប្បីបើកចិត្តឲ្យទូលាយ និងតោងពិនិត្យមើលការរិះគន់នោះ ដើម្បីកែលំអទៅថ្ងៃក្រោយ។
រឿងរ៉ាវ បានចាប់ផ្ដើមនៅថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះមតិរិះគន់មួយ ចំពោះក្រដាសប្រាក់ខ្មែរ ដែលមានតម្លៃទឹកប្រាក់ដូចគ្នា តែបែរជាមានការតុបតែង-ដាក់ពណ៌-ទំហំ (Design) ខុសគ្នា បង្កឲ្យមានការភ័ន្ដច្រឡំ សម្រាប់អ្នកចាយ។ តារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះ បានសរសេរថា៖ «និយាយពីរឿង រូបិយប័ណ្ណ (លុយ) នៅស្រុកខ្ញុំ ម្តេចក៍មានច្រើនរូប ច្រើនបែបម្ល៉េះ? ចំនួនទឹកប្រាក់តែមួយ ប៉ុន្តែមានរូបរាង ព៌ណ រូបភាព ទំហំផ្សេងៗគ្នា ធ្វើអោយអ្នកចាយ មានការវង្វេងវង្វាន់ភ័ន្ដច្រលំ។»។
[...]