ម៉េង កែវពេជ្ជតា លត់ ចន ច័ន្ទលក្ខិណា រឿង«ផ្អែមក្រៅដំបៅក្នុង»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 29, 2017
- ប្រធានបទ: សង្គ្រាមតារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋ របស់តារាចម្រៀងម្នាក់ បានប្រែក្លាយជាសង្គ្រាមសំដី ដែលត្រូវបានយកទៅបកស្រាយ ទៅតាមនិន្នាការនយោបាយ តែរៀងខ្លួន ខណៈអ្នកមាននិន្នាការកណ្ដាល បានជួយពន្យល់ទៅវិញថា អ្នកដែលរងការរិះគន់ គប្បីបើកចិត្តឲ្យទូលាយ និងតោងពិនិត្យមើលការរិះគន់នោះ ដើម្បីកែលំអទៅថ្ងៃក្រោយ។
រឿងរ៉ាវ បានចាប់ផ្ដើមនៅថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះមតិរិះគន់មួយ ចំពោះក្រដាសប្រាក់ខ្មែរ ដែលមានតម្លៃទឹកប្រាក់ដូចគ្នា តែបែរជាមានការតុបតែង-ដាក់ពណ៌-ទំហំ (Design) ខុសគ្នា បង្កឲ្យមានការភ័ន្ដច្រឡំ សម្រាប់អ្នកចាយ។ តារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះ បានសរសេរថា៖ «និយាយពីរឿង រូបិយប័ណ្ណ (លុយ) នៅស្រុកខ្ញុំ ម្តេចក៍មានច្រើនរូប ច្រើនបែបម្ល៉េះ? ចំនួនទឹកប្រាក់តែមួយ ប៉ុន្តែមានរូបរាង ព៌ណ រូបភាព ទំហំផ្សេងៗគ្នា ធ្វើអោយអ្នកចាយ មានការវង្វេងវង្វាន់ភ័ន្ដច្រលំ។»។
តារាស្រីល្បីឈ្មោះ បានសំដែងចម្ងល់ទៀតថា៖ «នេះសម្រាប់ប្រជាពលរដ្ឋខ្មែរផង ចុះទំរាំជនបរទេសទៀត តើគេនឹងពិបាកស្គាល់ យ៉ាងម៉េចទៅ? ខ្ញុំមិនដឹងថា នេះជាគោលការណ៍សេដ្ឋកិច្ចអ្វីទេ តែខ្ញុំឆ្ងល់មែន ព្រោះមិនដែលឃើញលុយ អាមេរិក បារាំង អូស្ត្រាលី .. ដូរញឹកញាប់ដូច្នេះផង គឺទាល់តែយូរណាស់ ទើបដូរម្តង។ ឆ្ងល់!»។
ជាការពិតហើយ ការរិះគន់នេះ ទោះតិចឬច្រើន និងមិនបានបញ្ចេញឈ្មោះ ឲ្យចំស្ថាប័នក៏ដោយ វាច្បាស់ជាមានពាក់ព័ន្ធ ទៅដល់ស្ថាប័ន«ម្ចាស់រូបិយប័ណ្ណ» ដែលគេស្គាល់ថា ជាធនាគារជាតិកម្ពុជា។ សម្រាប់អ្នក«កាន់ជើងមិនលែង»ខ្លះ ការរិះគន់របស់អ្នកនាង ម៉េង កែវពេជ្ជតា វាប្រាកដជាប៉ះពាល់ ទៅដល់«រដ្ឋាភិបាលសម្ដេចតេជោ» ដែលមកដល់ថ្ងៃនេះ បាន«ដឹកនាំប្រទេសកម្ពុជា» ឲ្យមាន«ភាពរីកចម្រើន ប្រកបដោយគតិបណ្ឌិត»។ល។និង។ល។
តែរឿងបានបន្តភាគ នៅពេលដែលគេហទំព័រ «Dara-News» បានយកឃ្លាខាងលើនេះ ទៅចុះផ្សាយបន្ត និងប្រើឃ្លាចំណងជើងថា «ទាំងព្រលឹមហ្មង៖ ម៉េង កែវពេជ្ជតា ព្រលះធនាគារជាតិ យ៉ាងចាស់ដៃ រឿងលុយថ្មី» មុននឹងខ្សែភ្ជាប់នៃអត្ថបទនេះ ត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម ក្នុងនោះមានទំព័រហ្វេសប៊ុក របស់«សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដែលគេស្គាល់ថា ជាសមាគមដឹកនាំដោយអ្នកនាងប្រធាន ចន ច័ន្ទលក្ខិណា តារាសំដែង និងបង្ហាញម៉ូដនោះផង។
ការដាក់ចំណងជើងអត្ថបទ របស់គេហទំព័រខាងលើ និងការបង្ហោះ នៅលើទំព័រហ្វេសប៊ុកសមាគម មិនបានគេចផុតពីក្រសែភ្នែក របស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាម្ចាស់មតិដើមនោះទេ។ សម្រាប់តារាចម្រៀង បានគិតថា ការសរសេររបស់គេហទំព័រ គឺជា«ការថ្លែមល្បោយរោយម្ទេស» ហើយរូបភាពក្រដាសប្រាក់ ដែលត្រូវបានយកមកភ្ជាប់ ជាមួយអត្ថបទនោះ ហាក់ចង់ភ្ជាប់ការរិះគន់របស់អ្នកនាង ទៅនឹងព្រះមហាវីរៈក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ។
អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរតប នឹងអត្ថបទនោះថា៖ «Website មួយឈ្មោះ Dara News (តារាញូស៍) របស់សមាគមសិល្បៈ ដែលគេស្គាល់ថាអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាននោះ បាន Share យក Status របស់ខ្ញុំមកផ្សាយបន្ត ហើយ Page សមាគមសិល្បៈរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដដែលនេះ ក៍យកមកផុសលើគណនីគាត់ដែរ។ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមឲ្យខ្ញុំទេ គឺគេបានបន្ថែមរូបលុយខ្មែរ ក្រដាស១០០០រៀល ដែលមានព្រះឆាយាល័ក្ខណ៍ព្រះមហាវីរៈក្សត្រ ដល់ទៅពីរសន្លឹក ព្រមទាំងបានថែមល្បោយរោយម្ទេស ជាពាក្យថា "ទាំងព្រលឹមហ្មង៖ ម៉េង កែវពេជ្ជតា ព្រលះធនាគារជាតិយ៉ាងចាស់ដៃ រឿងលុយថ្មី..."។ ពាក្យរបស់គាត់ទាំងនេះ ប្រាសចាកឆ្ងាយពីអត្ថន័យ និងបំណងខ្ញុំ ដែលបង្ហោះក្នុង Status ខ្ញុំទាំងស្រុង។»។
តារាចម្រៀងល្បី បានចោទជាសំនួរ នៅចំពោះការបង្ហោះបន្ត របស់សមាគមសិល្បៈខាងលើនោះថា៖ «ម្តងហើយ ម្តងទៀត តើគាត់ចង់បានអី? តើខ្ញុំបានធ្វើអ្វីគាត់? មួយម៉ាត់ៗ មានន័យហើយ ជួយលើកតម្កើង និងជ្រោមជ្រែងខ្ញុំខ្លាំងណាស់... ខ្ញុំពិតជាសូមសរសើរដោយស្មោះ ដែលគាត់ពូកែ។ ដើរឈ្លោះគេគ្រប់គ្នាហើយ ថែមខ្ញុំមួយទៀត ពិតជាអស្ចារ្យ ចង់សាកមែន? ចង់បានពានមែន? ដូចនេះ តើអាចហៅថា សមាគមជួយសិល្បៈ និងកំពុងបំផ្លាញអ្នកសិល្បៈបានឬនៅ? ហុឺយ... មហាជនមិនអីទេ ណាស់តែអ្នកសិល្បៈហេងស៊យប៉ុន្មាននាក់ហ្នឹង។ រកមុខឃើញមួយទៀតហើយ ជ័យោ! ស្តាយណាស់ ម្តេចប្រញាប់ធ្លាក់កន្ទុយ បង្ហាញសារជាតិដើមម្ល៉េះ? ម្តេចមិនបន្តលាក់ឲ្យជិតទៅ!»។
សំនួររបស់អ្នកនាង ម៉េង កែវពេជ្ជតា ក៏ទំនងជាឮដល់អ្នកនាង ចន ច័ន្ទលក្ខិណា ដែរ ដោយសារនៅពេលបន្ទាប់មក ប្រធានសមាគមសិល្បៈរូបនេះ បានចេញមកសរសេរ បង្ហោះសារផ្លែផ្កាជាច្រើន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយតបជាលក្ខណៈប្រយោលទៅតារាចម្រៀង ប៉ុន្តែត្រូវបានលប់ចេញចោល នៅពេលបន្ទាប់មក។
សារមួយនៅក្នុងចំណោមនោះ ដែលគេនៅមើលឃើញនៅឡើយ ត្រូវបានតារាសំដែង និងបង្ហាញម៉ូដរូបនេះ សរសេរឡើងថា៖ «រាល់ថ្ងៃនេះ ខ្ញុំគោរព និង លើកតម្កើងអ្នកណាស់ ហើយក៏អត់ធ្មត់ មិនតបតរ នឹងចរិតរបស់យើងខ្លាំងណាស់ដែរ។ ដើរសួរគេទៅ តើអ្នកណាមិនខ្លាចចរិតរបស់យើង និងរអា ក្នុងការនិយាយជាមួយយើង? ខ្ញុំមិនខ្លាចអ្នកទេ តែខ្ញុំគោរពអ្នកណាស់ ការងារគឺការងារ បុគ្គលគឺបុគ្គល។ ខ្ញុំមិនដែលយកការងារមកបូកឡូក នឹងរឿងបុគ្គលទេ ហើយបើរឿងបុគ្គលរវាងអ្នកនិងខ្ញុំ គឺរឹតតែគ្មាន។ ជាង២០ឆ្នាំ ខ្ញុំតែងគោរពអ្នក តែកុំឲ្យការអត់ធ្មត់ និងការគោរពរលាយដូចអំបិលត្រូវទឹក។ ការអត់ធ្មត់មានដែនកំណត់។»។
យ៉ាងណា ក៏សារមួយខាងលើនេះ ត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថា អ្នកនាងនិយាយជាទូទៅ និងសុំកុំឲ្យ«អ្នកខ្លះ» មានខ្លួនឲ្យសោះ។ តែសារក្ដៅៗដទៃទៀត ដែលត្រូវបានលប់ចេញ ទំនងជាត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា ចាប់បាន និងថតទុកទាំងអស់។ ដូចតារាចម្រៀង បានសរសេរបញ្ជាក់ថា៖ «កុំភ្លេចពាក្យលែបខាយ វ៉ៃផ្លែរបស់អ្នក ដែលបានបង្ហោះទាំងប៉ុន្មាន (...) ទោះជាអ្នកខំលុបចេញក៍ដោយ ក៍គ្រប់គ្នានៅមានដែរ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង ព្រោះទោះជាយ៉ាងណា ក្នុងនាមអ្នកជាប្រធាន និងជាម្ចាស់ Page ម្ចាស់ Website អ្នកត្រូវតែទទួលខុសត្រូវជាដាច់ខាត ក្នុងរឿងនេះ! បើចិត្តកូនស្រី កុំលេងរត់ !»។
ដូច្នេះហើយ ទើបនៅថ្ងៃទី ២៩ ខែវិច្ឆិកានេះ អ្នកនាង ម៉េង កែវពេជ្ជតា បានព្រលះកប់ៗមាត់ ដាក់អ្នកនាង ចន ច័ន្ទលក្ខិណា នៅក្នុងដំណកស្រង់ទាំងស្រុង ដូចខាងក្រោម៖
«មិនឲ្យមហាជនរិះគន់ពិភពសិល្បៈ ថារញ៉េរញ៉ៃម្តេចបាន បើសូម្បីតែប្រធានសមាគមសិល្បៈ ក៍តាមបំផ្លាញអ្នកសិល្បៈគ្នាឯងដែរ (Sic) ដើរឈ្លោះស្ទើមួយប្រទេស។ មានតែអញ។ លូកដៃតាំងពីរឿងកំបុិកកំប៉ុក រហូតដល់រឿងនយោបាយ ខុសជំនាញ។ ផ្អែមក្រៅដំបៅក្នុង ជំនាញចាក់រុក បង្កើតបក្សពួកនិយម គ្មានគំនិតបង្រួបបង្រួម ក្នុងនាមខ្លួនជាប្រធានសោះ។ យកចរិតនៅផ្ទះ មកដឹកនាំ មិនដែលថាខ្លួនឯងខុសម្តង គ្មានទំនួលខុសត្រូវ ខឹងគេនិយាយចំចំណុច មិនតបនឹងមុខទេ រត់ទៅកៀងគរបក្សពួកឲ្យជួយជេរពីចម្ងាយ និងខំកាយយករឿងផ្សេង ទាំងមិនពិតមកបញ្ឈឺ។»
«អសីលធម៌ជេរបញ្ចោរ យកតែឈ្នះ ហើយថ្មីៗនេះ ទើបតែជេរប៉ះដល់សិទ្ធបុគ្គលប្តីប្រពន្ធ អ្នកមានឋានៈកំពូល វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវ៉ាក់ ទៅហើយបើកុំតែរត់ទៅលុតជង្គង់ ទាំងភ្នែកនៅកញ្ចឹងក ក្រាបសំពះសុំទោសគេទាន់។ សរុបទៅ អ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វី ប៉ុនចុងក្រចកដល់សង្គម និងសិល្បៈសោះ ផ្ទុយទៅវិញបានត្រឹមតែធ្វើឲ្យពិភពសិល្បៈ ជួបតែភាពថោកទាបឆ្អាបស្អុយ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ និងរលត់រលាយកេរ្ត៍ឈ្មោះ សមាគមសិល្បៈនៅអនាគត ដ៏ខ្លីខាងមុខប៉ុណ្ណោះ។ តើចរិតអ្នកដឹកនាំសិល្បៈ គេធ្វើដូច្នេះឬ?»
«ឥឡូវគាត់ងាក មកបំផ្លាញខ្ញុំទៀតហើយ។ ជួយគិតមើលបងប្អូន ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតា អត់ប៉ះពាល់ដល់នរណាសោះ ស្រាប់តែគាត់មក លាបពណ៌ឲ្យខ្ញុំ ទៅជារឿងផ្សេង ឯណាឆ្កុយ។ សាហាវ ! ម៉េច ឃើញខ្ញុំនៅតែឯង គិតថាខ្ញុំនេះងាយ យកមកលេងសើច ឬយ៉ាងម៉េច? ចង់មានរឿងខ្លាំងណាស់មែនទេ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត ជាតិណាទើបឈប់? ឬទាល់តែមនុស្សទាំងលោកនេះ គេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខទើបអ្នកស្វាង?»
«ខ្ញុំនិយាយពីស្អី អ្នកដឹងខ្លួនហើយ ហើយកុំគិតថា នៅសម្ងំប្រមូលពាក្យខ្ញុំ ទៅសន្សំរឿង ដើម្បីរៀបគំរោងមកប្តឹងផ្តល់ ដូចនាងធ្លាប់ធ្វើដាក់គេឲ្យសោះ កុំអី! សូមអង្វរ ខ្ញុំគ្មានខ្នងដូចអ្នកទេ ខ្ញុំខ្លាច... តែសូមអ្នកប្រើខួរក្បាលល្អពិចារណា ពីស្នាដៃខ្លួនឲ្យច្បាស់ ថាតើការនិយាយមួលបង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង សាក្សីក៍មានច្រើន តើអ្នកឬក៍ខ្ញុំដែលត្រូវប្តឹង? អ្នកត្អូញប្រាប់គេ ថាខ្លួនជាជនរងគ្រោះ តែអ្នកមានដែលបានទាក់ទងមកខ្ញុំ ដើម្បីបំភ្លឺទេ បើពិតជាត្រឹមត្រូវ? អត់ទេ! តែបែជាទៅបង្ហោះពាក្យដៀមដាមហូរហែរ ដូចថែមសាំងលើភ្លើង តើសម្តីថ្លោសៗរបស់អ្នកនោះ សមទេថានាងជាជនរងគ្រោះ? តើត្រង់ណា ដែលអ្នកថានាងមិនដឹងរឿង? នរណាជឿ?»
បន្ទាប់ពីសំណេរដ៏វែងអន្លាយខាងលើ អ្នកនាង ម៉េង កែវពេជ្ជតា នៅបានសុំការយល់យោគ ពីប្រិយមិត្តរបស់ខ្លួនទៀត ដូច្នេះថា៖
«សូមអធ្យាស្រ័យបងប្អូន ខ្ញុំមិនចង់ទេរឿងឈ្លោះ ពិសេសជាមួយអ្នកសិល្បៈ ខ្ញុំរិតតែមិនដែលមាន ប៉ុន្តែរឿងនេះ នាងបំពានខ្ញុំមុន ទាំងដែលខ្ញុំតែងស្រលាញ់នាង ការពារនាងពេលត្រូវគេជេរប្រមាថ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែរ។ ធ្លាប់អហោសិកម្មឲ្យច្រើនហើយ ប៉ុន្តែលើកនេះអត់ទេ ត្រូវតែប្រាប់ឲ្យគេដឹង ខ្លាចបើខ្ញុំមានរឿងអី ឬត្រូវបាត់បងការងារ ក៍ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់ បំនងសម្លាប់ខ្ញុំ ទាំងរស់ណាបងប្អូន ចេតនាចង់ឲ្យខ្ញុំមានទោស ពីបទប្រមាថព្រះមហាក្សត្រ ប្រមាថស្ថាប័នជាតិ និងប្រមាថប្រាក់រៀលខ្មែរ។ គេចង់ឲ្យខ្ញុំ ត្រូវថ្នាក់លើអាក់អន់ចិត្ត ទាំងយល់ច្រលំដូចលើកមុនៗ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ បន្ថយការងារខ្ញុំ តើឲ្យខ្ញុំព្រងើយ មិនឆ្លើយម៉េចនឹងបាន ?»
មកដល់ម៉ោងនេះ នៅមិនទាន់មានប្រតិកម្ម ពីអ្នកនាង ចន ច័ន្ទលក្ខិណា មកវិញនៅឡើយ។ នៅលើទំព័រហ្វេសប៊ុករបស់តារាសំដែង គេឃើញការបង្ហោះសារធម្មតា ដែលនិយាយពីការថែសម្ផស្ស ការជួបជុំមិត្តភ័ក្រ... និងមិនឃើញអ្នកនាង បញ្ចេញពាក្យណាមួយម៉ាត់ ទាក់ទងនឹង«ការវាយលុក» របស់អ្នកនាង ម៉េង កែវពេជ្ជតា នោះទេ៕