នៅពេលដែលការសែតគាំទ្រ CPP ចេញផ្សាយពីករណី ពិសិដ្ឋ ពិលីកា...

- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 19, 2016
- ប្រធានបទ: តារា-ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អត្ថបទដែលមានចំណងជើងថា «រហូតមកដល់ពេលនេះ ស្ងាត់ដូចចោរលួចសេះ ពាក់ព័ន្ធករណីឃាតកម្ម លើតារាសិល្បៈខ្មែរ៤ដួង» និងដែលសរសេរដោយ «ឥន្ទ្រីយ៍ទេព» ត្រូវបានចេញផ្សាយ នៅលើគេហទំព័រ នៃសារព័ត៌មាន«កម្ពុជាថ្មី» កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១១និង៤០នាទី។ ប៉ុន្តែអត្ថបទនេះ ស្គាល់ពន្លឺថ្ងៃតែ៩នាទីប៉ុណ្ណោះ ព្រោះអត្ថបទនេះត្រូវបានដកចេញវិញ នៅវេលាម៉ោង ១១និង៤៩នាទី ថ្ងៃដដែល។ យ៉ាងណាក៏ដោយ ៩នាទីអាចគ្រប់គ្រាន់ នឹងឲ្យអ្នកផងដែលចូលចិត្ត«កម្ពុជាថ្មី» អានអត្ថបទនេះរហូតដល់ចប់ចុងចប់ដើម។
អត្ថបទរបស់ «កម្ពុជាថ្មីប្រចាំថ្ងៃ» ដែលគ្រប់គ្រងដោយអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីបង្កើតរបស់លោក ហ៊ុន សែន បានសរសររៀបរាប់ ពីករណីឃាតកម្មទៅលើសិល្បការិនីទាំងបួនដួង ក្នុងនោះមានតារាចម្រៀង ទូច ស៊ុននិច (ពិការ) - តារាចម្រៀង ពៅ បញ្ញាពេជ្រ (ពិការ) - តារាសម្ដែង តាត ម៉ារីណា (ពិការ) និងតារាសម្ដែង ពិសិដ្ឋ ពិលិកា (ស្លាប់) ហើយបានសរសេររៀបរាប់ថា៖ «រហូតមកទល់ពេលនេះ គ្មានស្ថាប័នពាក់ព័ន្ធណាមួយអើពើ ជួយរកយុត្តិធម៌ឲ្យជនរងគ្រោះនោះទេ ពោលគឺស្ងាត់ដូចចោរលួចសេះអ៊ីចឹង»។
អ្នកសរសេរ ដែលដាក់ឈ្មោះជារហស្សនាម «ឥន្ទ្រីយ៍ទេព» បានរំលឹកពីការបាញ់បោះ ទៅលើតារាទាំងនោះ ម្ដងមួយៗ និងបានលើកយកចំងល់ របស់«អ្នកខ្លះ» មកសរសេរថា៖ «ហេតុអ្វីក៏ករណីឃាតកម្ម ទៅលើតារាសិល្បៈស្រីទាំង៤ដួងខាងលើនេះ សមត្ថកិច្ចប៉ូលិសមិនអាច តាមចាប់អ្នកដែលប្រព្រឹត្តបានម្នាក់ យកមកផ្ដន្ទាទោស ឬមួយក៏រាល់ករណីទាំងអស់នោះ សុទ្ធតែមានអាថ៌កំបាំង?»។ បន្ទាប់មក «ឥន្ទ្រីយ៍ទេព» បានសរសេរទៀតថា៖ «មជ្ឈដ្ឋានទូទៅនិយាយថា រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំទៅហើយ ក៏ប៉ុន្តែជនល្មើស នៅតែអាចគេចខ្លួនបានដដែល ដោយគេមិនដឹងថា បណ្ដាលមកពីកម្សោយ របស់ស្ថាប័នមានសមត្ថកិច្ច ឬបណ្ដាលមកពីមូលហេតុអ្វីនោះឡើយ»។
ជាពិសេស អត្ថបទបានលើកយកករណីឃាតកម្ម ទៅលើតារាសម្ដែង ពិសិដ្ឋ ពិលិកា មកបញ្ជាក់ឡើងវិញថា បានកើតឡើង នៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩៩ នៅម្ដុំផ្សារអូរឫស្សី ខណៈដែលតារាសម្ដែងកំពុងនាំក្មួយស្រីទិញកង់ ក៏ស្រាប់តែត្រូវបានខ្មាន់កាំភ្លើងដៃឆៅ បាញ់ប្រហារដោយកាំភ្លើងត្រូវនាងបីគ្រាប់ និងត្រូវក្មួយមួយគ្រាប់។ អត្ថបទបានបន្តទៀតថា៖ «បន្ទាប់ពីកើតហេតុភ្លាមៗ នាងនិងក្មួយស្រី ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បានរយៈពេល១សប្ដាហ៍ក៏ស្លាប់ ហើយនៅថ្ងៃប្រារព្ធពិធីបុណ្យសពរបស់នាង គឺមានប្រជាជនចូលរួមរាប់រយនាក់ ដោយម្នាក់ៗ បានស្រែកទាមទារ សុំឲ្យស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌ឲ្យនាងផងដែរ។»
ការចេញផ្សាយអត្ថបទនេះ បានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយប្រតិកម្មព្រោងព្រាត របស់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ទៅនឹងតារាសម្ដែងអ្នកនាង ចន ចន្ទលក្ខិណា ដែលបានលើកពីទស្សនៈរបស់នាង ក្នុងការគាំទ្រកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ អ្នកនាង ចន ចន្ទលក្ខិណា បានសរសេរពីទស្សនៈនោះ ថាកញ្ញា ខុម ចាន់តារាទី ត្រូវបានជនមានគំនិតទុច្ចរិត និងគ្មានការទទួលខុសត្រូវ យកមកលេងសើច ហើយបានសរសេរតំណាងឲ្យស្ត្រីខ្មែរ គាំទ្រឲ្យកញ្ញា ស្រីមុំ រូបនេះ ប្ដឹងឡើងទៅតុលាការ ដើម្បីរកយុត្តិធម៌។
ប៉ុន្តែសម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចាត់ទុកទស្សនៈរបស់តារាសម្ដែងនេះ ថាបានលំអៀង និងបានងាកចេញពីវិថីសិល្បៈ។ ពួកគេបានស្នើទៅអ្នកនាង ចន ច័ន្ទលក្ខិណា ដោយសរសេរថា៖ «បើបង (អ្នកនាង ចន ច័ន្ទលក្ខិណា) ជ្រុលតំណាងអោយស្ត្រី ស្វែងរកយុត្តិធម៌អោយស្ត្រីខ្មែរ បងជួយស្វែងរកឲ្យ អ្នកមីង ពិសិទ្ធ ពិលិកា អ្នកមីង តាត ម៉ារីណា បងស្រី ទូច ស៊ុននិច និងបងស្រី ពៅ បញ្ញាពេជ្រ ផងបានទេ? ពួកគាត់ទើបជាជនរងគ្រោះពិតប្រាកដ មិនមែនឈុតឆាកល្ខោន។»
យ៉ាងណា ការចេញផ្សាយអត្ថបទខាងលើ ត្រូវបានលោក ហីុ បូរិន និពន្ធនាយករបស់កាសែត«កម្ពុជាថ្មី» ចាត់ទុកថា ជាការចេញផ្សាយ ដោយមិនមានការអនុញ្ញាតពីលោក។ លោកបានថ្លែងប្រាប់សាព័ត៌មាន «ខេមបូឌៀដេលី»ថា «អ្នកសរសេរអត្ថបទនេះ មិនបានទទួលព័ត៌មានពីតុលាការទេ គាត់ចេះតែសរសេរដោយខ្លួនឯង និងពីភាគីតែម្ខាង។ យើងមិនដាក់ទោសទណ្ឌគាត់ឡើយ ប៉ុន្តែយើងគ្រាន់តែមិនអនុញ្ញាត ឲ្យគាត់ចេញផ្សាយវាប៉ុណ្ណោះ។»៕