ចលនាប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើកជាថ្មីពេញហ្វេសប៊ុក
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 28, 2016
- ប្រធានបទ: តារាល្បី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគេចាំមិនភ្លេចទេ សំនុំរឿងឧក្រិដ្ឋ នៃការវាយប្រហារ (ដោយគ្រាប់កាំភ្លើង ឬដោយទឹកអាស៊ីត) ទៅលើសិល្បៈការិនីជាច្រើននាក់ រួមមានអ្នកនាង ពិសិដ្ឋ ពិលីកា - អ្នកនាង តាត ម៉ារីណា - អ្នកនាង ទូច ស៊ុននិច និងអ្នកនាង ពៅ បញ្ញាពេជ្រ នៅមិនទាន់ត្រូវបានអាជ្ញាធររបស់ប្រទេសកម្ពុជា បំបែកនិងឈានទៅចាប់ជនល្មើស យកមកផ្ដន្ទាទោស បាននៅឡើយ។ សម្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បានចាត់ទុកថា ករណីទាំងប៉ុន្មានខាងលើនេះ ទំនងជាមិនត្រូវបានតារាសម្ដែង ចន ច័ន្ទលក្ខិណា ខ្វល់ខ្វាយអ្វីឡើយ ផ្ទុយស្រឡះពីករណីរបស់ស្ត្រីជាងធ្វើសក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានតារាសម្ដែងវ័យជ្រេរូបនេះ យកមករំលឹកម្ដងជាពីរដង។
ប្រតិកម្មលើកដំបូងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានធ្វើឡើង នៅថ្ងៃទី ១៥ ខែឧសភា លើបណ្ដាញសង្គមកន្លងមក បានសរសេរគាំទ្រ ចំពោះការសម្រេចចិត្តរបស់ស្ត្រីជាងធ្វើសក់ឈ្មោះ ស្រីមុំ ដែលបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការ ដើម្បីស្វែងរកយុត្តិធម៌។ នៅពេលនោះ តារាសម្ដែងបានសរសេរ ជួសមុខឲ្យស្ត្រី និងសិល្បៈការិនីផ្សេងទៀតថា៖ «ក្នុងនាមបង ជាស្ត្រីម្នាក់ និងសិល្បះការៈនីផ្សេងទៀតសូមគាំទ្រ និងលើកទឹកចិត្តដល់ប្អូនស្រី ឲ្យមានភាពរឹងមាំ បន្តការងារដើម្បីស្វែងរកយុត្តិធម៌ ដែលប្អូនត្រូវបានបំពាន ដោយជនទុច្ចរិត និងខ្វះការទទួលខុសត្រូវ»។
ការលើកឡើងរបស់តារាសម្ដែង ជាលើកដំបូងខាងលើនេះ បានបង្កឲ្យមានរលកប្រតិកម្ម យ៉ាងគគ្រឹកគគ្រេងរួចម្ដងហើយ នៅលើបណ្ដាញសង្គម ជាពិសេសពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្គោះជាតិ។ ពួកគេបានចោទតារាស្រី ដែលមានរាងខ្ពស់ស្រឡះរូបនេះ ថាមានការយល់ដឹង «ប្រកបដោយ»ភាពល្ងង់ខ្លៅ និងអំពាវនាវឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានថ្លែងជួសមុខ ឲ្យអ្នកសិល្បៈនោះ ត្រូវស្វែងរកយុត្តិធម៌ ឲ្យសិល្បៈការិនីប៉ុន្មាននាក់ ដែលរងការវាយប្រហារ តាំងពីច្រើនឆ្នាំមកហើយ តែនៅតែរកជនល្មើសមកផ្ដន្ទាទោសមិនបាន។
តែរឿងរ៉ាវនៅពេលនោះ ហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញ ហើយតារាសម្ដែងខ្លួនឯង ក៏បានលើកឡើងដែរថា វាជាការយល់ច្រឡំ នូវអ្វីដែលនាងបានសរសេរ។ ប៉ុន្តែប្រតិកម្មរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បានកក្រើកជាថ្មី នៅបន្ទាប់ពីសារមួយទៀត របស់អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានបង្ហោះកាលពីថ្ងៃទី២៧ ខែឧសភាម្សិលម៉ិញ។
សារថ្មីរបស់តារាសម្ដែង បានសរសេរគាំទ្រ«នូវចំណាត់ការតុលាការ ដើម្បីស្វែងរកយុត្តិធម៌ជូនកញ្ញា ខុម ចន្ទតារាទី ហៅ ស្រីមុំ អាស្រ័យដោយកម្ពុជា ជាប្រទេសមានច្បាប់ទំលាប់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវតែគោរពច្បាប់ ដែលមានជាធរមាន»។ អមជាមួយនឹងលិខិតរបស់សាលាដំបូង ផ្ញើរទៅប្រធានរដ្ឋសភា លោក ហេង សំរិន នោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តសរសេរជួសមុខ ឲ្យស្ត្រីនិងសិល្បៈការិនីផ្សេងទៀត ថានៅតែគាំទ្រ និងលើកទឹកចិត្តដល់ស្ត្រីជាងធ្វើសក់ ឲ្យមានភាពរឹងមាំ បន្តការងារដើម្បីស្វែងរកយុត្តិធម៌ ដែលស្ត្រីរូបនេះ ត្រូវបានបំពានដោយជនទុច្ចរិត និងខ្វះការទទួលខុសត្រូវ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមទុកនាទីនេះ ជូនប្រិយមិត្តអ្នកអាន ស្វែងយល់ពីប្រតិកម្មមួយចំនួន របស់អ្នកប្រើប្រាស់បណ្ដាញសង្គម (ទាំងលើកមុន ទាំងលើកនេះ) ដូចខាងក្រោម៖