ខឹម វាសនា ថាមហាបាតុកម្ម CNRP ធ្វើទៅមិនរួច
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 28, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ទៅមិនរួចទេ អ្នកគាំទ្រសង្គ្រោះជាតិបាក់ទឹកចិត្ត តាំងពី CNRP សំរេចចូលរដ្ឋសភាម្លេះ» នេះជាការថ្លែងអះអាង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តបទៅនឹងសេចក្ដីប្រកាសរបស់គណបក្សសង្គ្រោះជាតិ ដែលព្រមាននឹងធ្វើមហាបាតុកម្ម ល្គឹកណាមានការចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) របស់គណបក្សខ្លួន។
សរសេរពន្យល់ នៅលើទំព័រ /គណនីហ្វេសប៊ុកផ្ទាល់របស់លោក ប្រមុខ«ទ័ពជួង»បានថ្លែងជួសមុខឲ្យក្រុមអ្នកគាំទ្រ«បាក់ទឹកចិត្ត» របស់គណបក្សសង្គ្រោះជាតិ ថា ពួកគេទាំងនោះរិតតែបាក់ទឹកចិត្តថែមទៀត នៅពេលឃើញសកម្មភាពបន្តបន្ទាប់របស់ CNRP ដែលចាញ់ប្រៀប CPP គ្រប់តែរឿងក្រោយពេលចូលរដ្ឋសភា ។
សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៧ ខែឧសភាម្សិលម៉ិញ បានប្រកាសព្រមានរួចជាស្រេច ក្នុងការប្រើ«សិទ្ធិ»ធ្វើមហាបាតុកម្ម ប្រសិនណាជាមានការចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ មានអសនៈសភាជិតពាក់កណ្ដាល នៅក្នុងប្រទេស។ សេចក្ដីប្រកាសព័ត៌មាននោះ បានអះអាង ថាបុព្វហេតុរបស់ពួកគេ គឺដើម្បីទាមទារឲ្យមានការគោរពច្បាប់ ជាពិសេសនៅត្រង់ ការគោរពអភ័យឯកសិទ្ធិ របស់សមាជិកសភា។
ប៉ុន្តែការព្រមាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ មិនបានផ្ដល់ភាពជឿជាក់ប៉ុន្មាន សម្រាប់លោក ខឹម វាសនា ដែលកំពុងឈរមើល ពីខាងក្រៅសៃវៀននោះឡើយ។ លោក បានសរសេរពន្យល់ទៀតថា៖ «ការចូលរដ្ឋសភា ខុសពីការសន្យារបស់ខ្លួន ចំពោះអ្នកបោះឆ្នោតឲ្យខ្លួន ធ្វើអោយអ្នកគាំទ្រ CNRP ច្រើនណាស់អស់ទឹកចិត្តនឹង CNRP»។
លោកប្រធានគណបក្ស«ជួង»បានបន្តថា៖ «ដូច្នេះ មិនអាចមានបាតុកម្មទ្រង់ទ្រាយធំទេ ហើយម្យ៉ាងពួកអ្នកគាំទ្រ ក៏ញ៉ាកនឹងការបង្ក្រាបបាតុកម្មរបស់ CPP ដែលមិនដែលគិតអ្វី ក្រៅពីការបង្ក្រាបអោយបានសំរេច តាមបញ្ជានោះដែរ។ ម្លោះហើយបាតុកម្មទ្រង់ទ្រាយធំ ដែលជាបាតុកម្មមហាជន ដូចក្រោយការបោះឆ្នោត២០១៣ ដាច់ខាតមិនអាចកើតមានបានទេ។»
សេចក្ដីប្រកាសព័ត៌មានដដែល របស់គណបក្សសង្គ្រោះជាតិ បានប្រាប់ឲ្យថ្នាក់ដឹកនាំគណបក្ស នៅតាមមូលដ្ឋានគ្រប់រាជធានី-ខេត្ត ដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ មុននឹងប្រើសិទ្ធិធ្វើ«មហាបាតុកម្ម»អហិង្សា បើមានការចាប់ខ្លួនលោក កឹម សុខា។ បន្ទាប់ពីការចេញសេចក្ដីប្រកាសព័ត៌មាន នៅមុខទីស្នាក់ការរបស់គណបក្ស ក្នុងថ្ងៃទី២៧ ខែឧសភា គេឃើញការជួបជុំអ្នកគាំទ្រ ដែលមានចំនួនប្រមាណ ជាង១០០នាក់ និងមានតាំងបង្ហាញ នូវរូបថតក្រុមអ្នកជាប់ឃុំ (មានទាំងអ្នកកាត់ទោសហើយ និងមិនទាន់កាត់ទោស) ជាមួយនឹងឃ្លាសរសេរថា៖ «សូមដោះលែងអ្នកទោសមនសិការ»។ ការជួបជុំរបស់ក្រុមអ្នកគាំទ្រនោះ បានបន្តធ្វើនៅឡើយ មកដល់ថ្ងៃទី២៨ ខែឧសភានេះ។
នៅចំពោះស្ថានការណ៍នយោបាយ ដែលត្រូវបានក្រុមប្រឆាំងចាត់ទុកថា មានលក្ខណៈ«កាន់តែធ្ងន់ធ្ងរទៅៗ» នឹងរឹងរិតធ្វើឲ្យរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឲ្យមានការជួបជុំ ធ្វើបាតុកម្មអ្វីទាំងអស់។ នេះ បើតាមការអះអាងបន្ថែម របស់លោក ខឹម វាសនា។
លោក វាសនា បានបញ្ជាក់ថា៖ «រដ្ឋាភិបាលមិនអាចអនុញ្ញាតិច្បាប់ អោយមានបាតុកម្មដាច់ខាត។ អីចឹងបើ CNRP ហ៊ានប្រកាសធ្វើបាតុកម្ម គឺស្មើនឹងការប្រកាសសង្គ្រាមនឹង CPP ដែលដាច់ខាត CNRP មិនហ៊ានទេ ព្រោះបាតុកម្មនោះ ជាបាតុកម្មដែលដ្ឋាភិបាលចាត់ទុកជាខុសច្បាស់ មានលេសស្រួលណាស់ក្នងការបង្ក្រាប។ ម្លោះហើយ បាតុកម្មក្នងទ្រង់ទ្រាយធំ ដាច់ខាតមិនអាចកើតមានឡើង បានជាដាច់ខាត។»៕
» យល់ដឹងបន្ថែម ពីរូបភាពដំបូងនៃការវាយបង្ក្រាបក្រុមបាតុករ ពីទីលានប្រជាធិបតេយ្យ នៅដើមខែមករា ឆ្នាំ២០១៤៖