សម រង្ស៊ី ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ដីកា​កោះ ជុំវិញ​ការ​ប្រមាថ​ព្រះមហាក្សត្រ

នៅចំពោះដីកាកោះ របស់តំណាងអយ្យការ នៃសាលាដំបូងរាជធានី ដែលកោះលោកឲ្យមកបំភ្លឺ ជុំវិញការប្រមាថព្រះមហាក្សត្រនោះ លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មនៅមុននេះ ដោយមិនត្រឹមតែរក្សាជំហរដដែល របស់លោកទេ តែលោកនៅអះអាងទៀតថា គឺលោក ហ៊ុន សែន កំពុងបង្ខំឲ្យព្រះអង្គ គាំទ្ររបបក្បត់ជាតិសព្វថ្ងៃ។
សម រង្ស៊ី ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ដីកា​កោះ ជុំវិញ​ការ​ប្រមាថ​ព្រះមហាក្សត្រ
ពីឆ្វេងទៅស្ដាំ៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហមុនី និងលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 20, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការកោះហៅលោក សម រង្ស៊ី ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ទទួលបានប្រតិកម្មមកវិញ យ៉ាងជូរចត់ ពីសាមីខ្លួន។ មេដឹកនាំប្រឆាំងដ៏សំខាន់ របស់ប្រទេសកម្ពុជា បានអះអាងជាថ្មី ពីការកោះហៅ នៃ«តុលាការអាយ៉ង» និងបានបញ្ជាក់ឡើងវិញ ពីជំហររបស់លោក ក្នុងការជឿជាក់ថា ព្រះរាជសារនៃព្រះមហាក្សត្រ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ គឺជា«លិខិតក្លែងក្លាយ» ឬជាលិខិតធ្វើឡើង ក្រោមការសម្លុតគម្រាមកំហែង។

លោក សម រង្ស៊ី បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក ដើម្បីធ្វើការប្រតិកម្មខ្លាំងៗ តបនឹងដីកានោះ ដូច្នេះថា៖ «ទាក់ទងទៅនឹងការកោះហៅ ពីតុលាការអាយ៉ងថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅតែជឿជាក់ថា លិខិតព្រះមហាក្សត្រ ចុះថ្ងៃ ១៨ ឧសភា ២០១៨ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយ ឬក៏ជាលិខិតធ្វើឡើង ក្រោមការសម្លុត និងគាបសង្កត់»។

ប្រធានចលនាសង្គ្រោះជាតិ បានបន្តប្រើពាក្យសំដីធ្ងន់ៗ តបទៅវិញថា៖ «តាមផ្លូវច្បាប់ លិខិតបែបនេះ គ្មានតម្លៃអ្វីទេ ហើយមិនអាចយកជាការបានទេ។ ប្រជាពលរដ្ឋ មិនត្រូវជឿអាម៉ីអាថោង លក់ខ្លួនឲ្យគេនៅក្នុងវាំង ដែលនិយាយកុហក។ ខ្ញុំក៏នៅតែជឿជាក់ថា ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំង ក្នុងកណ្តាប់ដៃលោក ហ៊ុន សែន ដែលបង្ខំឲ្យព្រះអង្គ គាំទ្ររបបក្បត់ជាតិ សព្វថ្ងៃ។»។

​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ កោះហៅលោក សម រង្ស៊ី ក្នុងនាមជា «ជនសង្ស័យ» ឲ្យ​ចូល​ឆ្លើយបំភ្លឺ នា​ម៉ោង ៩ ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ ជុំវិញករណី «ការប្រមាថ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Rainsy ជា​បន្តបន្ទាប់ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៨»​។

​ដីកានោះ ត្រូវបានលោក សៀង សុខ ចុះហត្ថលេខា តាំងពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ តែត្រូវបាន​ផ្សព្វផ្សាយ​ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨។ ប៉ុន្តែ គេមិនដឹងថា តើដីកានេះ ត្រូវបានបញ្ជូនទៅឲ្យសាមីខ្លួន ចុះហត្ថលេខាទទួល តាមនីតិវិធីច្បាប់ ឬយ៉ាងណានៅឡើយ។​

ការបើកសំនុំរឿងនេះ ទំនងជាពាក់ព័ន្ធ នឹងសាររបស់លោក សម រង្ស៊ី ដែលបានបង្ហោះ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៨ អះអាងថា ព្រះរាជសារចុងក្រោយ ដែលសរសេរ ក្នុងព្រះបរមនាម របស់ព្រះមហាក្សត្រនេះ គឺជាលិខិតក្លែងក្លាយ ឬជាលិខិត ដែលធ្វើឡើង ក្រោមការគំរាមកំហែង ពីលោក ហ៊ុន សែន។ ការអះអាង ដែលបង្កការក្ដៅក្រហាយ ដល់រដ្ឋាភិបាលលោក ហ៊ុន សែន រហូតលុះត្រាលោក អង្គ វឌ្ឍវឌ្ឍនា ​រដ្ឋមន្ត្រីយុត្តិធម៌ បានធ្វើ«​អធិ​បញ្ជា» ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឲ្យចាត់ការ​តាម​ផ្លូវច្បាប់ ​ចំពោះ​លោក សម រ​ង្ស៊ី។ នេះ បើតាមការអះអាង របស់លោក គីម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីសប្ដាហ៍មុន។

ព្រះរាជសារនោះ ដែលឡាយ​ព្រះហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា ហើយ​ទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរ ក្នុងព្រះបរមនាម នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។

ព្រះរាជាកម្ពុជា ទ្រង់បានវាយតម្លៃ ទុកជាមុនរួចស្រេច ថាការបោះឆ្នោតជាតិខាងមុខ ជា​«ការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។

នៅមួយថ្ងៃ ក្រោយការចេញផ្សាយ នូវព្រះរាជសារនោះ គឺនៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី ឯខេត្តកំពង់ចាម ព្រះរាជសារខាងលើ ត្រូវបានលោក ហ៊ុន សែន យកមកប្រើប្រាស់ ដើម្បីប្រកាសចោទប្រកាន់ក្រុមប្រឆាំង ថាមានបំណងប្រឆាំងព្រះមហាក្សត្រ ឬចង់ផ្ដួលរំលំរាជានិយម បើសិនជាពួកគេនៅតែអំពាវនាវ សុំកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត ដែលផ្ទុយពីខ្លឹមសារ ក្នុងព្រះរាជសារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...