សម រង្ស៊ី ថា ហ៊ុន សែន ប្រើ​ឈ្មោះ​ព្រះ​រាជា ដើម្បី​ផ្ចាញ់​លោក

បន្ទាប់ពីអះអាងថា ព្រះរាជសារចុងក្រោយ របស់ព្រះមហាក្សត្រ ជាលិខិតក្លែងក្លាយ ឬធ្វើឡើង ក្រោមការគម្រាមកំហែង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ នៅពេលនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានត្រឡប់មកវិញ ដើម្បីធ្វើការពន្យល់ ពីចំណុចសង្ស័យ ដែលមានយ៉ាង​ហោច នៅលើព្រះរាជសារនោះ។ ប៉ុន្តែការសំដែងការសង្ស័យ ទៅលើព្រះរាជសារណាក៏ដោយ ត្រូវបានក្រសួងព្រះបរមរាជវាំង ច្រានចោល​យ៉ាង​ដាច់​អហង្ការួចហើយ កាលពី​ថ្ងៃសុក្រ។
សម រង្ស៊ី ថា ហ៊ុន សែន ប្រើ​ឈ្មោះ​ព្រះ​រាជា ដើម្បី​ផ្ចាញ់​លោក
ខាងឆ្វេង៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ខាងស្ដាំ៖ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។ (រូបថតឯកសារ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី៧ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 09, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសំដី នៅតែបន្តទៅមុខ រវាងមេដឹកនាំប្រឆាំង និងនាយករដ្ឋមន្ត្រីកម្ពុជា ជុំវិញព្រះរាជសារចុងក្រោយមួយ របស់ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នររោត្ដម សីហមុនី ដែលបានចេញផ្សាយ កាលពីថ្ងៃទី៥ ខែមិថុនានេះ។ បន្ទាប់ពីអះអាងថា ព្រះរាជសារនោះ ជាលិខិតក្លែងក្លាយ ឬជាលិខិតដែលធ្វើឡើង ក្រោមការគំរាមកំហែង ពីសំណាក់លោក ហ៊ុន សែន នោះ នៅពេលនេះ លោក សម រង្ស៊ី បានពន្យល់បន្ថែមទៀតថា ព្រះរាជសារមួយនេះ ត្រូវបានលោក ហ៊ុន សែន យកមកប្រើប្រាស់ ដើម្បីផ្ចាញ់ផ្ចាល់ជាមួយលោក។

មេដឹកនាំចលនាសង្គ្រោះជាតិ បានរៀបរាប់ថា លិខិតនេះ បើមិនក្លែងក្លាយទាំងស្រុងទេ ក៏ក្លែងក្លាយ ត្រង់កាលបរិច្ឆេទដែរ ពីព្រោះលិខិតនេះ ត្រូវគេច្នៃថា ចុះថ្ងៃ ១៨ ឧសភា ២០១៨ តែគេចាំដល់ថ្ងៃ ០៥ មិថុនា ២០១៨ ទើបផ្សព្វផ្សាយ។ លោក សម រង្ស៊ី សរសេរថា៖ «តាមការពិត គេដាក់ថ្ងៃ ក្លែងក្លាយ ១៨ ឧសភា នេះ ឲ្យបានមុនលិខិតរបស់ខ្ញុំ ផ្ញើថ្វាយព្រះមហាក្សត្រ តាំងពីថ្ងៃ ២៣ ឧសភា។ ពួកនេះ ច្បាស់ជាខ្មាស់គេពេក បើដាក់កាលបរិច្ឆេទពិតប្រាកដ គឺក្រោយកាលបរិច្ឆេទលិខិតខ្ញុំ ដែលក្នុងនោះ ខ្ញុំបានទូលព្រះមហាក្សត្រ ពីការពិតគ្រប់ជ្រុងជ្រោយអស់ហើយ ពីការបោះឆ្នោតថ្ងៃ ២៩ កក្កដា។»។

ប៉ុន្តែកាលពីថ្ងៃសុក្រនេះ ក្រសួង​ព្រះ​បរមរាជវាំង ​ដែល​ជាសេនាធិការ​មួយ ​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​​បាន​ចេញ​សេចក្តី​ប្រកាស​ច្រានចោល​ ​​ការចោទប្រកាន់ទាំងឡាយណា ថាមានការក្លែងបន្លំ ​ឬ​បង្ខំ​ឱ្យ​ព្រះ​មហា​ក្សត្រ ​ចេញ​ព្រះរាជសារអំពាវនាវ​ពល​រដ្ឋខ្មែរ​ ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​២៩ខែ​កក្កដា​ខាង​មុខ។​

លិខិតរបស់ក្រសួងព្រះបរមរាជវាំង បាន​សរសេរ​ថា៖​ ​«ក្រសួង​ព្រះបរម​រាជវាំង​ ​សូម​ប្រកាស​ព័ត៌មាន​ ​ជូន​សាធារណ​ជន​ជ្រាប​ថា​ ​ព្រះ​រាជសារ​របស់​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​(...) ​មិន​មាន​ការក្លែងក្លាយ​ និង​មិនមាន​ការ​គំរាមកំហែង​ឡើយ​ ​គឺ​ជា​ព្រះរាជសារ​ពិតប្រាកដ។​ ​ក្រសួង​ព្រះបរម​​រាជវាំង​ ​សូម​បដិសេធ​ដាច់​អហង្ការ​ និង​ច្រានចោល​​ទំាង​ស្រុង​ នូវរាល់​ការចោទ​ប្រកាន់​បំផ្លើស​ ប្រាស​ចាក​ការពិត។»។​

ក្នុងព្រះរាជសារ ដែលឡាយ​ព្រះហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា ហើយ​ទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ មានសរសេរ ក្នុងព្រះបរមនាម នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។

ព្រះរាជាកម្ពុជា ទ្រង់បានវាយតម្លៃ ទុកជាមុនរួចស្រេច ថាការបោះឆ្នោតជាតិខាងមុខ ជា​«ការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី ឯខេត្តកំពង់ចាម ព្រះរាជសារខាងលើ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកប្រើប្រាស់ ដើម្បីប្រកាសចោទប្រកាន់ក្រុមប្រឆាំង ថាមានបំណងប្រឆាំងព្រះមហាក្សត្រ ឬចង់ផ្ដួលរំលំរាជានិយម បើសិនជាពួកគេនៅតែអំពាវនាវ សុំកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត ដែលផ្ទុយពីខ្លឹមសារ ក្នុងព្រះរាជសារ។

សម្រាប់លោក សម រង្ស៊ី វា«ចម្លែកណាស់» ព្រោះ «សព្វដង លិខិតព្រះមហាក្សត្រ ចេញផ្សាយតែ ៤-១០ ថ្ងៃប៉ុណ្ណោះ មុនថ្ងៃបោះឆ្នោត។ តែលើកនេះ ចុះហត្ថលេខាជាង ២ ខែ និងចេញផ្សាយជិត ២ ខែ មុនថ្ងៃបោះឆ្នោត»។ លោកបានធ្វើការសន្និដ្ឋានថា៖ «តាមការពិត លោក ហ៊ុន សែន យកឈ្មោះព្រះមហាក្សត្រ ទៅប្រើ ដើម្បីផ្ចាញ់ផ្ចាល់ជាមួយខ្ញុំ ដោយសារតែគាត់ដឹងថា ប្រជារាស្ត្រចំនួនច្រើនលើសលប់ ត្រៀមខ្លួនមិនទៅបោះឆ្នោត តាមសេចក្តីអំពាវនាវ របស់ចលនាសង្គ្រោះជាតិ ពីព្រោះប្រជារាស្ត្រយល់ច្បាស់ អំពីសារៈសំខាន់ និងសារៈប្រយោជន៍ នៃការធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ និងលេងសើច នៅថ្ងៃ ២៩ កក្កដា ខាងមុខនេះ។»។

មេដឹកនាំប្រឆាំង ដ៏លេចធ្លោ របស់កម្ពុជា បានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែជឿជាក់ថា លិខិតណាមួយ​ពីព្រះមហាក្សត្រ ពេលនេះ គឺធ្វើឡើងក្រោមការគំរាមកំហែង ហើយលិខិតបែបនេះ អត់មានតម្លៃអ្វីទេ តាមផ្លូវច្បាប់។ ដូចកាលពីឆ្នាំ ២០០៥ លោក ហ៊ុន សែន ច្បាស់ជាគំរាមព្រះមហាក្សត្រទៀតហើយ ថាគាត់នឹងរំលាយរបបរាជានិយម បើព្រះមហាក្សត្រមិនធ្វើតាមបញ្ជារបស់គាត់។»។

ខាងក្រោមនេះ ជាសម្លេងរបស់លោក ហ៊ុន សែន ដែលបានថ្លែងកាលពីឆ្នាំ ២០០៥៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...