យឹម សុវណ្ណ៖ ម្សិលម៉ិញ ថ្ងៃនេះ និងស្អែក «យុត្តិធម៌»ត្រូវតែឈ្នះ (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 26, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក យឹម សុវណ្ណ បានចាត់ទុកការចាប់ខ្លួន និងការចោទប្រកាន់ លើសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១១នាក់នោះថា ជារឿង«នយោបាយ»សុទ្ធសាធ ដោយលោកសំអាងថា «គ្មាន»ភស្តុតាង ឬការដាក់បន្ទុកណាមួយ ដែលយកជាការឡើយ។
ស្របពេល ដែលសវនាការកំពុងតែដំណើរការ ក្នុងថ្ងៃទី២៥ ខែធ្នូនេះ នៅខាងក្រៅសាលាដំបូងរាជធានី លោក យឹម សុវណ្ណ បានស្នើដល់តុលាការ ត្រូវឈរលើក្របខណ្ឌច្បាប់ ហើយបញ្ចប់បញ្ហានៃការចោទប្រកាន់ ទៅលើក្រុមសកម្មជនក្នុងបទល្មើសនេះ បទល្មើសនោះទាំងគ្មានភស្តុតាង។ លោកបាននិយាយថា៖ «កាត់សេចក្តីឈរលើសតិសម្បជញ្ញៈ កាត់សេចក្តីប្រកបដោយយុត្តិធម៌ជូនជនរងគ្រោះ។ អ្នកនយោបាយមានទំនាស់នឹងគ្នា បែរជាតុលាការលំអៀងទៅរកគណបក្សនេះ គណបក្សនោះ ធ្វើឲ្យមានអំពើអយុត្តិធម៌ ធ្វើឲ្យមានជនរងគ្រោះក្នុងសង្គមគ្មានទីបញ្ចប់។ ទីបំផុតមានតែបង្កើតឲ្យមានអស្ថេរភាព ទៅដល់សង្គមប៉ុណ្ណោះ។»
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ បានបន្ថែមថា ក្នុងបរិយាកាសនយោបាយអំណោយផលនេះ យើងអាចស្រុះស្រួលគ្នា ធ្វើការជាមួយគ្នា ដើម្បីជាតិយើង។ ហើយរឿងនយោបាយដែលនៅសេសសល់ គួតែត្រូវធ្វើការដោះស្រាយដោយយុត្តិធម៌ជូនជនរងគ្រោះ។ លោកបានធ្វើការរំលឹកថា ក្រោមកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលគណបក្សទាំងពីរបានធ្វើការចចារគ្នា ក៏ជាការសន្យាបញ្ចប់បញ្ហានយោបាយទាំងអស់ រួមទាំងបាតុភាពនៃអំពើហិង្សា ដែលបានកើតឡើងមុនប្រាំថ្ងៃនៃកិច្ចព្រមព្រៀងនោះ។
តែកន្លងមក ខាងគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បង្ហាញពីគោលជំហររបស់ខ្លួនថា ការចាប់ខ្លួននោះ ជានីតិវិធីរបស់តុលាការដែលធ្វើឡើងតាមច្បាប់ប៉ុណ្ណោះ។ ឯកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដានោះ ជាកិច្ចព្រមព្រៀងដោះស្រាយបញ្ហាជាប់គាំងនយោបាយ តែមិនមែនបញ្ចប់នូវបទល្មើស ដែលបុគ្គលណាម្នាក់ប្រព្រឹត្តិល្មើសច្បាប់នោះឡើយ។
លោក យឹម សុវណ្ណ បាននិយាយទៀតថា អ្នកដែលត្រូវបានធ្វើការចោទប្រកាន់ ក្នុងហេតុការណ៍ថ្ងៃទិ១៥ ខែកក្កដា ក៏ត្រូវបានដោះលែងអស់ហើយដែរ។ ចំណែកឯលោក មាជ សុវណ្ណារ៉ា ក៏មិនបានធ្វើអ្វីខុស ហើយក្នុងក្របខណ្ឌច្បាប់ បើគ្មានភស្តុតាងទេ មិនអាចធ្វើការចោទប្រកាន់ ឬចាប់កំហុសបានឡើយ។
លោកថា បើនៅតែមានការសម្រេចដាក់ទោសនោះ ក៏វាគ្មានអ្វីក្រៅពីរឿងនយោបាយទេ។ លោកបន្ថែមទៀតថា៖ «តុលាការកាត់សេចក្តី យោងតាមតែយោបល់ ឬការណែនាំពីថ្នាក់លើមក នោះវាមិនមានយុត្តិធម៌ចំពោះសង្គមទេ។ បើគ្មានយុត្តិធម៌សង្គមទេ ប្រជាពលរដ្ឋក៏មិនបានសុខដែរ ហើយគាត់ក៏គ្មានសន្តិភាពផ្លូវចិត្តដែរ។»
អ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយពន្យល់ទៀតថា រឿងនយោបាយជាច្រើនត្រូវបានដោះស្រាយគ្នាបាន រវាងគណបក្សទាំងពីរ ដូចករណីលោក ប្រធាន សម រង្ស៊ី ក្នុងឆ្នាំមុននេះ អាចធ្វើការដោះស្រាយបាន។ ដូច្នេះលោកសូមឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹងនោះ គួធ្វើការបញ្ចប់ទៅ ព្រោះការស្រុះស្រួលគ្នាដោះស្រាយបញ្ហា ឈានមកជិតចប់ហើយ។ លោក បានបញ្ជាក់ជាចុងក្រោយថា គួរចាប់ផ្តើមទំព័រនយោបាយថ្មី និងការតស៊ូមតិ ដែលផ្អែកលើគោលការណ៍ច្បាប់ គោរពច្បាប់រដ្ឋធម្មនុញ រៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ក្នុងការប្រណាំងប្រជែងគ្នា។ ឈ្នះនិងចាញ់ប្រកបដោយកិត្តិយស កុំយកបញ្ហាប៉ែងជើងគ្នា តាមរយៈអំណាច អាវុធ មកធ្វើបាបអ្នកលិទ្ធិប្រជាធិបតេយ្យ ឬអ្នកស្លូតត្រង់៕
សូមទស្សនាកិច្ចសម្ភាសលោក យឹម សុវណ្ណ ជាមួយអ្នកសារព័ត៌មានមុខសាលាដំបូងរាជថានីភ្នំពេញ ដូចខាងក្រោម៖
(វីដេអូមកដល់ ក្នុងពេលបន្ដិចទៀត)