មន្រ្តី​ក្រសួង​ចំនួន​ពីរ ប្រតិកម្ម​នឹង​ចំនួន​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី​៦% ថា​គ្មាន​មូលដ្ឋាន

ភ្លាមៗ ក្រោយពីការលើកឡើង របស់មន្ត្រីមួយរូបរបស់សមាគម អាដហុក អះអាងថាមានពលរដ្ឋកម្ពុជា៦% រង​គ្រោះ​នឹង​បញ្ហា​ដី​ធ្លី មន្ត្រីពីររូបមកពីក្រសួងមហាផ្ទៃ និងមកពីក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ បាន​ថ្លែង​ប្រតិកម្ម​ថា នោះ​ជា​ការ​អះ​អាង ដែលគ្មានភាពពិតប្រាកដ និងគ្មានមូលដ្ឋាន។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 26, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គ្រាន់តែយក​បញ្ហា​មក​បក​ស្រាយ ឱ្យ​មាន​ភាព​ច្របូក​ប្របល់» នេះ​ជា​ប្រតិកម្ម​របស់​លោក ជាម ប៉េងអា អនុ​ប្រធាន​​នាយក​​ដ្ឋាន​​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​សម្រប​សម្រួល​បច្ចេកទេស គំរោង​បែង​ចែក​ដី សង្គម​កិច្ច និង​ការ​អភិវឌ្ឍន៍ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ឡាត់ គី ទាក់​ទង​នឹង​ចំនួន​ពលរដ្ឋ​ខ្មែរ ដែល​របាយការណ៍​មួយ​របស់​សមាគម​អាដហុក បាន​អះអាង​ថា​មាន​ចំនួន​៦% នៃ​ប្រជាជន​សរុប បាន​កំពុង​រង​គ្រោះ​នឹង​បញ្ហា​ដី​ធ្លី។

ថ្លែង​ក្នុងវេទិកា​ជាតិ​ស្ដី​ពី​«ការ​គ្រប់​គ្រង​ដី​ធ្លី និង​ធន​ធាន​ធម្មជាតិ» កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ លោក ជាម ប៉េងអា បាន​ប្រតិកម្ម​ទៅមន្ត្រីសង្គមស៊ីវិលទៀត​ថា៖ «សម្រាប់​ខ្ញុំ​ក្នុង​នាម​អ្នក​ធ្វើ​ការ​ជំនាញ ខ្ញុំ​មាន​វិធីសាស្រ្ត​ត្រួត​ពិនិត្យ​របាយការណ៍​នេះ ឱ្យ​បាន​ច្បាស់​លាស់​ថា តើ​របាយការណ៍​នេះ គាត់​មាន​សរសេរ​របៀប​ការ​វាស់​វែង យក​ស្អី​មក​ផ្ទៀង​ផ្ទាត់? ក្រប​ខ័ណ្ឌ​គតិ​យុទ្ធ ដែល​យើង​ដាក់​ឱ្យ​ប្រើ​នេះ គាត់​បាន​មើល​ទេ?»

នៅមុននេះ លោក ឡាត់ គី មន្ត្រីផ្នែកដីធ្លីរបស់សមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា របាយការណ៍​អាដហុក​ឆ្នាំ២០១៣ ដែលនឹងចេញផ្សាយក្នុងពេលខាងមុខនេះ បានរកឃើញថា ប្រជាជន មាន ៦% នៃ​ប្រជា​ជន​​សរុប​ក្នុងប្រទេសកម្ពុជា បានរងគ្រោះពីបញ្ហាដីធ្លី។ មន្រ្តីដែលមានបទពិសោធន៍ច្រើនឆ្នាំ ទាក់ទងនឹង​បញ្ហា​ដីធ្លីរូបនេះ បានលើកឡើងបន្តថា នេះជាទំហំមួយដែលធ្ងន់ធ្ងរ និងជាទំហំមួយ ដែលគួរតែមានការប្រកាស​ជា​បន្ទាន់ ក្នុង​ការគិតគូរឡើងវិញពីផលប៉ះពាល់នេះ។

មន្រ្តីរបស់សមាគមអាដហុក បានថ្លែងទៀតថា កន្លងមករដ្ឋាភិបាល តែងតែលើកពីកិច្ចខំប្រឹងប្រែង នៅក្នុងការ​បង្កើតគោលការណ៍ យន្តការគ្រប់បែបយ៉ាង ដើម្បីដោះស្រាយទំនាស់ដីធ្លី ប៉ុន្តែលោកសម្គាល់ឃើញថា គោល​នយោបាយទាំងអស់នោះ នៅតែគ្មានប្រសិទ្ធិភាព ជាពិសេសការលើកស្ទួយពីសិទ្ធិដីធ្លី និងធនធានធម្មជាតិ។ លោកបន្តថា តាំងពីលោកចូលធ្វើការផ្នែកដីធ្លី អស់រយៈពេលជាង១០ឆ្នាំមកនេះ លោកមិនដែលជួប​ប្រទះ​ករណី នៃការដោះស្រាយទំនាស់ ដោះស្រាយបញ្ហាដីធ្លីរបស់រដ្ឋាភិបាល ដើរតាមយន្តការដែលមានស្រាប់ តាម​បច្ចេកទេសនោះទេ។

«របាយការណ៍... ងងឹត»

ប៉ុន្តែ សម្រាប់លោក ជាម ប៉េងអា បាននិយាយថា តួលេខដែលបង្ហាញពីប្រជាជនរងគ្រោះ ៦% ស្មើនឹង​ប្រជាជន​ប្រមាណជាជាង១លាននាក់នេះ ជាបញ្ហាមួយយ៉ាងធ្ងន់ធ្ងរ និងហាក់ដូចបង្ហាញថា មន្ត្រីបច្ចេកទេស​របស់​ក្រសួង «គ្មានស្អីដែលជាការស្រលាញ់ប្រជាពលរដ្ឋខ្លួនឯង»។ លោកបានថ្លែងប្រតិកម្មបន្តថា៖ «សួរថា ខ្ញុំ​នេះ​ជា​ស្អី? រដ្ឋាភិបាលនេះជាស្អី? ហេតុអីបានជាឃើញថា គំនិតវិភាគបញ្ហាមួយ ទៅគិតជារឿងរបាយការណ៍នែ៎... បញ្ចេញ​មកយ៉ាងងងឹតយ៉ាងដូច្នេះ!»

«បើ៦%មិនងាប់អស់ហើយ»

ចំណែកលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រតិកម្មពី​ក្រោយ​លោក ជាម ប៉េងអា ដែរ ដោយលោកបានហៅរបាយការណ៍ ប្រជាជនរងគ្រោះ៦% របស់សមាគមអាដហុក​នេះ ជារបាយការមិនពិត គ្មានតួលេខពិតប្រកដ។ លោកបន្តថា៖ «អូនឯងបើ៦%មែន មិនស្លាប់អស់ហើយ មិន​ស្លាប់​ពេញភ្នំពេញហើយ ហើយទេសចរណ៍អ្នកណាគេមក ហើយអ្នកវិនិយោគគេមកវិនិយោគឬអត់?»។

ប៉ុន្តែលោក ឡាត់ គី នៅតែប្រកាន់ជំហររបស់លោក ក្នុងនាមសមាគមអាដហុក ដែលជាអ្នកឃ្លាំមើល​រាល់ការ​រំលោភសិទ្ធិមនុស្ស ជាពិសេសរាល់ការរំលោភដីធ្លី។ លោកថា ការឃ្លាំមើលរបស់អាដហុក គឺឃ្លាំមើលរាល់​មូលដ្ឋានគតិយុទ្ធ និងលើគោលនយោបាយផ្សេងៗ លោកបញ្ជាក់បន្ថែមថា៖ «អញ្ចឹង រាល់ពេលយើងចេញ​របាយ​ការណ៍​មួយ យើងមិនមែនចេះតែចេញទេ ឯកត្តមសូមពិនិត្យមើល»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...