អេង ឆៃអៀង ថាត្រូវអនុវត្តច្បាប់ នាំជនអន្តោប្រវេសន៍«ខុសច្បាប់»ចេញពីកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 25, 2015
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលកម្ពុជា បើជ្រុលជាបានគិតគូដល់បញ្ហា នៃការដាក់ឲ្យមានការអនុវត្តឡើងវិញ នូវច្បាប់អន្តោប្រវេសន៍ ដែលខកខានអនុវត្ត ជាច្រើនឆ្នាំមកហើយនោះ ត្រូវធ្វើការគិតគូឡើងវិញទាំងអស់ នៃជនអន្តោប្រវេសន៍ទាំងឡាយ ដែលរស់នៅដោយ«ខុសច្បាប់»នៅកម្ពុជា។ នេះជាការថ្លែងអះអាង របស់អគ្គលេខាធិការ គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដោយបានភ្ជាប់ករណី នៃការរនុវត្តច្បាប់អន្តោប្រវេសន៍ របស់រដ្ឋាភិបាលទៅលើ សកម្មជនបរិស្ថានជាតិអេស្បាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដោយបានបណ្តេញជនបរទេសម្នាក់នេះ ចេញពីកម្ពុជា ព្រោះតែ ក្រោមហេតុផលទិដ្ឋាការផុតសុពលភាព និងមិនត្រូវបានបន្តសុពលភាពនេះ ដោយអាជ្ញាធរកម្ពុជា។
អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ បានអះអាងថា នេះ មិនមែនជារឿង របស់គណបក្សនយោបាយណាមួយឡើយ តែជារឿងរបស់ប្រទេសជាតិខ្មែរទាំងមូល។ លោកបានថ្លែងឡើងថា៖ «មិនចំពោះជនជាតិយួន ឬថៃនោះឡើយ។ ជនជាតិណាក៏ដោយ ដែលមករស់នៅស្រុកខ្មែរ ដោយខុសច្បាប់ យើងត្រូវតែពិនិត្យ និងធ្វើនឹងអនុវត្តជាទូទៅ លើគ្រប់ជនអន្តោប្រវេសន៍ទាំងអស់ តាមច្បាប់ជាតិ និងសញ្ជាតិ។ (...) ការបណ្តែតបណ្តោយ ឲ្យអន្តោរប្រវេសន៍ ចេះតែមករស់នៅ មិនច្បាស់លាស់ និងត្រឹមត្រូវ មិនគោរពច្បាប់នោះ អ្នកខាតជាខ្មែរ។ តើអ្នកនយោបាយសម័យនេះ ចង់ឲ្យខ្មែរលាយដល់ពេលណាទៀត ព្រោះឥឡូវ ទឹកដីខ្មែរទាំងពីធំ មកនៅសល់តូចទៅហើយនោះ។ យើងត្រូវគិតគូរឿងនេះ ទាំងអស់គ្នា។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសុំប្រតិកម្មពីលោក ឈាង វុន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងករណីនេះ។ ទស្សនាវដ្ដីនឹងធ្វើការចុះផ្សាយ ប្រតិកម្មរបស់លោក នៅក្នុងអត្ថបទលើកក្រោយ។
នាយករដ្ឋមន្ត្រីក្នុងតំណែង៣០ឆ្នាំរបស់កម្ពុជា លោក ហ៊ុន សែន ធ្លាប់បានអះអាងនាពេលកន្លងមកថា ជនជាតិវៀតណាមនៅកម្ពុជា មានប្រមាណជា១០ម៉ឺននាក់។ ហើយកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ស្តីពីការបង្កើតអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ចំណុះឲ្យក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា ដែលមានកំណើនជាបន្តបន្ទាប់នេះ។ នាយកដ្ឋានអន្តោប្រវេសន៍ ដែលពីមុន ស្ថិតក្រោមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានផ្ទេរមកស្ថិតក្រោមចំណុះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនាធិការ របស់ក្រសួងមហាផ្ទៃដែរ។ តួនាទីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ គឺត្រូវគ្រប់គ្រងជនបរទេសទាំងអស់ ដែលចូលមកទឹកដីកម្ពុជា រួមមាន ទាំងជនបរទេសមិនមែនអន្តោប្រវេសន៍ ជនបរទេសអន្តោប្រវេសន៍ និងជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន (លក្ខខណ្ឌនៃច្បាប់កំណត់) និងការងារជនភៀសខ្លួនជាដើម។
សម្រាប់ការលើកឡើង របស់ប្រជាពលរដ្ឋវិញ បានបង្ហាញនូវការយល់ឃើញរបស់ពួកគេថា បញ្ហាជនអន្តោរប្រវេសន៍ខុសច្បាប់ ជាពិសេសជនជាតិវៀតណាម នៅកម្ពុជា មានចំនួនច្រើនជាង ការលើកឡើងរបស់លោក ហ៊ុន សែន ឆ្ងាយណាស់។ ជនអន្តោរប្រវេសន៍ខុសច្បាប់ទាំងនោះ បានរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានការគ្រប់គ្រង ឲ្យបានត្រឹមត្រូវ ពីមន្រ្តីជំនាញ។ ហើយខ្លះទៀត បានធ្វើការ«សូកប៉ាន់» ឬប្រព្រឹត្តិនូវ«អំពើពុករលួយ» ដើម្បីបានកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នោះទៀត។
ចាប់ពីថ្ងៃទី២៨ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ក៏បានធ្វើការស្ទង់មតិមួយ ក្នុងចំណោមមនុស្ស២០០០នាក់ ដែលមកពី២៤ខេត្តរាជធានីទូទាំងប្រទេសកម្ពុជា និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឲ្យដឹងថាអន្តោប្រវេសន៍ខុសច្បាប់ របស់ជនជាតិវៀតណាម ជាចំណុចសំខាន់ទី៥ ដែលធ្វើឲ្យពលរដ្ឋយល់ថា រដ្ឋាភិបាលដើរលើផ្លូវខុស។ នេះបើតាមយោង តាមការចុះផ្សាយ របស់សារព័តត៌មានក្នុងស្រុកមួយ ជាខេមរៈភាសា។
រីឯច្បាប់ស្តីពីអន្តោប្រវេសន៍ ដែលរដ្ឋសភាកម្ពុជាបានអនុម័ត កាលបីថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤ នាសម័យប្រជុំវិសាមញ្ញនីតិកាលទី១ ត្រង់មាត្រា ៣៧ បានចែងថា «រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសណា ដែលចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់។» មាត្រា ៣៨ បានចែងទៀតថា «សេចក្ដីសំរេចបណ្ដេញចេញ ត្រូវអនុវត្តភ្លាម ចាប់ពីថ្ងៃចុះហត្ថលេខា របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សាម៉ីខ្លួន មានសិទិ្ធប្ដឹងទៅតុលាការ ក្នុងរយៈពេល ២ខែ។»៕