សម្ភាស សុខ ទូច ៖ សកម្មភាព អេឡិច ជារឿង«នយោបាយ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 25, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមទិដ្ឋភាពជាក់ស្តែង នៃការបណ្តេញលោក អេឡិច អនុប្រធានអង្គការមាតាធម្មជាតិ ចេញពីកម្ពុជា ត្រូវបានលោក សុខ ទូច អ្នកវិភាគ ឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោររម្យ.អាំងហ្វូ បានធ្វើការបែងចែកជាបីទិដ្ឋភាព។
- ទិដ្ឋភាពទីមួយចំបង គឺ ទិដ្ឋភាពខាងផ្លូវច្បាប់។ ក្នុងទិដ្ឋភាពនេះ លោកបានលើកឡើងថា លោក អេឡិចជាអ្នកខុស ទៅនឹងច្បាប់ប្រទេសមួយ ដែលលោកបានមកស្នាក់នៅ។ លោកបានធ្វើការពន្យល់ថា យ៉ាងណាក៏ដោយ ប្រទេសធំ ឬតូច ត្រូវមានអធិបតេយ្យរបស់ខ្លួន មានច្បាប់គ្រប់គ្រងប្រទេសរបស់គេ ជាពិសេស អាឡិច ត្រូវតេគោរពតាមច្បាប់អន្តោប្រវេសន៍។ លោក សុខ ទូច បានបញ្ជាក់ថា៖ «ជាទូទៅ អេឡិច អាចចេញទៅច្រកណា ក៏បានដែរ។ តែចេញហើយ អាចចូលមកវិញ ដោយមានការចុះទិដ្ឋកាចេញ និងចូល។ ក្រោយ១៥ថ្ងៃ លោកអេឡិចក៏អាច ស្នើសុំរស់នៅក្នុងកម្ពុជា រយៈពេលមួយឆ្នាំបានហើយ។»
លោកបន្តថា ក្នុងទិដ្ឋភាពច្បាប់នេះ លោក អេឡិច ត្រូវតែចេញ។ តែអ្វីដែលអេឡិចបានធ្វើ គឺខុសទៅនឹងច្បាប់អន្តោប្រវេសន៍ហើយ។ ដូចនេះរដ្ឋាភិបាលកម្ពុជា ដើម្បីឈរលើគោលការណ៍បី អធិបតេយ្យ និងបូរណភាពទឹកដី ការអនុវត្តច្បាប់នៃប្រទេស និងភាពម៉ឺងម៉ាត់របស់រដ្ឋាភិបាល។ ដូច្នេះរដ្ឋាភិបាល ត្រូវតែបង្ខំឲ្យលោកអេឡិច ចេញពីកម្ពុជាជាដាច់ខាត។
- ទិដ្ឋភាពទីពីរ គឺប្រជាប្រិយភាព។ ត្រង់ចំណុចនេះ លោកចង់សំដៅដល់ ប្រជាប្រិយភាពរបស់លោក អេឡិច ដែលមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋកម្ពុជានោះ។ ចំណោទរបស់ប្រជាពលរដ្ឋ នៅត្រង់ថា ហេតុអ្វីលោក អឡិច ខិតខំធ្វើការសម្រាប់ ការការពារបរិដ្ឋាននៅកម្ពុជា តែបែរជាមិនបានទទួលការគាំទ្រ ពីរដ្ឋាភិបាលកម្ពុជាទៅវិញ។ ចំណុចនេះ លោកបានធ្វើការពន្យល់ថា ព្រោះពលរដ្ឋទាំងនោះ នៅមិនទាន់យល់អំពីច្បាប់។ ការការពារព្រៃអារ៉ែង របស់លោក អេឡិច នោះជាជោគជ័យមួយហើយ តែយ៉ាងណាក៏ត្រូវតែគោរពច្បាប់ ជាជំហានទីមួយ បើមិនដូច្នេះទេ សកម្មភាពរបស់លោកអេឡិច ជារឿងនយោបាយ។ លោក សុខ ទូច បានថ្លែងឲ្យដឹងទៀតថា៖ «នេះជារឿងនយោបាយ ដែលធ្វើឲ្យរដ្ឋាភិបាលបង្ហាញថា លោក អេឡិច កំពុងធ្វើការខុសទៅនឹងអ្វី ដែលខ្លួនបានស្នើសុំបើក (អង្គការមាតាធម្មជាតិ) នៅកម្ពុជា។»
- និងទិដ្ឋភាពទីបី ផលចំណេញ ក្នុងនោះក៏មានភាពវិជ្ជមាន និងអវិជ្ជមាន។ វិជ្ជមាន ចង់មិនចង់កម្ពុជា បានបង្ហាញទៅដល់ឆាកអន្តរជាតិថា ខ្លួនជា«ប្រទេសមានច្បាប់ មានទម្លាប់»។ ឯភាពអវិជ្ជមាន រដ្ឋាភិបាល នឹងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ ដែលមានការយល់ដឹង ពីច្បាប់អន្តោប្រវេសន៍ នៅមានកំរិតនៅឡើយ ពិសេសពីអ្នកដែលគាំទ្រ អាឡិច។ បញ្ហានេះ លោកលោក សុខ ទូច បានធ្វើការពន្យល់ថា អាចជាការកេងចំណេញ របស់គណបក្សនយោបាយ ដូចជាគណបក្សសង្គ្រោះជាតិជាដើម ដែលស្នើរដល់អង្គព្រះមហាក្សត្រ ដែលទ្រប់ពុំមានព្រះរាជសិទ្ធិ ក្នុងកិច្ចអន្តរាគមចូលរឿង អាឡិច ក្រៅពីច្បាប់អន្តោប្រវេសន៍នោះ។
អ្នកវិភាគរូបនេះ គាំទ្រឲ្យរដ្ឋាភិបាលពង្រឹង និងអនុវត្តច្បាប់អន្តោប្រវេសន៍ ឲ្យមានប្រសិទ្ធិភាព និងមិនរើសមុខ (ជាតិសាសន៍ នយោបាយ)។ តែបើរដ្ឋាភិបាលធ្វើរើសមុខ នោះជាបញ្ហារបស់រដ្ឋាភិបាល ដែលឈានទៅដល់ការធ្លាក់ចុះ នៃការគាំទ្ររបស់ខ្លួនពីប្រជាពលរដ្ឋ។ លោកបន្តថា ការធ្លាក់ចុះ នូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ទៅលើរដ្ឋាភិបាលសព្វថ្ងៃនេះ បណ្ដាលមកពីបញ្ហាបី ប្រព័ន្ធយុត្តិធម៌ អន្តោប្រវេសន៍ និងដីសម្បទាន។ លោកបានបន្តអះអាងទៀតថា៖ «រដ្ឋាភិបាលត្រូវតែធ្វើ តែក្នុងពេលតែមួយខ្ញុំជឿជាក់ថា រដ្ឋាភិបាលមិនអាចធ្វើបាននៅឡើយ។ តែបើលោក (រដ្ឋាភិបាល) មិនធ្វើទេនោះ នឹងបាត់បង់ការគាំទ្រ ក្នុងឆ្នាំ២០១៨ខាងមុខ។»
យ៉ាងណាលោក សុខ ទូច ក៏មិនបានបង្ហាញថា តើក្នុងមានហេតុផលអ្វី ដែលរដ្ឋាភិបាលកម្ពុជាធ្វើការជ្រើសរើស លោក អេឡិច ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ នាពេលនេះឡើយ។ លោកគ្រាន់តែនិយាយថា៖ «នេះអាចមានការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសមួយទៀត។ នេះ ខ្ញុំនិយាយពីអ្វី ដែលជាផ្លូវច្បាប់។ រឿងយុត្តិសាស្រ្តរបស់រដ្ឋាភិបាល ខ្ញុំមិនដឹងទេ។»៕