សុខទូច ៖ «ប្រវត្តិសាស្រ្តនឹងជេរម្រាយខ្ញុំ បើខ្ញុំធ្វើមិនត្រឹមត្រូវ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 10, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាលោក សុខ ទូច បានអះអាងថា មានតែផែនទីផ្លូវការ របស់រដ្ឋាភិបាលកម្ពុជា ដែលមានលក្ខណៈផ្លួវច្បាប់ សម្រាប់ការប្រើប្រាស់ នូវការវាស់វែងព្រំដែន ជាមួយប្រទេសជិតខាង យ៉ាងណាក៏ដោយ ចាំបាច់ក្រុមលោកនឹងចុះផ្ទាល់ដល់ផែនដី ដើម្បីកំណត់ភាពខុស និងត្រូវនេះ។
ថ្លែង នៅក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះ របស់លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា ដែលជាសេនាធិការមួយ របស់រដ្ឋាភិបាលកម្ពុជា បាននិយាយថា ដោយហេតុការអះអាង នោះ ត្រូវបានធ្វើឡើង ដោយភាគីរដ្ឋាភិបាលផ្ទាល់តែម្ខាង ដូច្នេះលោកនៅមិនទាន់ ដាក់ការជឿជាក់ លើការះអាង ដោយតំណាងរដ្ឋាភិបាលនោះឡើយ ក្នុងករណីណា ដែលក្រុមការងាររបស់លោក នៅមិនទាន់បានធ្វើការ ចុះផ្ទៀងផ្ទាត់ជាក់ស្តែង រវាង«ផែនទី និងផែនដី»នោះ។
ប្រធានក្រុមស្រាវជ្រាវ ដែលអះអាង ពីឯករាជ្យភាពរបស់ខ្លួនញឹកញាប់ បានបញ្ជាក់ដូច្នេះថា៖ «ការលើកឡើងរបស់លោក ហោ ណាំហុង នោះជារឿងរបស់គាត់។ ឯខាងខ្ញុំ មិនទាន់ជឿអ្នកណានោះទេ។ ខ្ញុំនឹងយកអ្វី ដែលរដ្ឋាភិបាលបានធ្វើ យកមកផ្ទៀងផ្ទាត់ នឹងការពិត។ រយៈពេលជាងពីរឆ្នាំទៀត ខាងយើងខ្ញុំ នឹងបង្ហាញធាតុពិតនេះ។»
លោកអះអាងថា ការបញ្ជាក់ រវាង«ផែនទី និងផែនដី» សម្រាប់ក្រុមស្រាវជ្រាវរបស់លោក ត្រូវការពេលវេលាពីរឆ្នាំ។ រយៈពេល(ពីរឆ្នាំ)នេះ លោកថា ជាការចុះផ្ទាល់ដោយថ្មើរជើង ជាមួយនឹងការវាស់វែង លើប្រវែងដី១២៧០គីឡូម៉ែត្រ (តាមព្រំដែន)។ លោកអះអាងថា សម្រាប់ក្រុមការងាររបស់លោក នៅតែទាមទារនូវភាពច្បាស់លាស់ មិនមែនធ្វើតាមអ្នកនយោបាយ ក្នុងពេលធ្វើដំណើរ ទៅដល់ព្រំដែនហើយ មកវិញស្រែកថា បាត់ដីនោះទេ។
លោក សុខ ទូច និយាយថា៖ «យើងមិនមែនគ្រាន់តែដើរ ហើយមកវិញ ស្រែកថាបាត់ដីទេ។ គ្រាន់តែមួយបង្គោលៗ ខ្ញុំសិក្សាពីម្សិលម៉ិញ ប្រើប្រាស់រយៈពេលមួយថ្ងៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច យើងបានតែបីបង្គោលទេ នេះបង្គោលជិតៗ ចុះបើបង្គោលឆ្ងាយ? (...) មិនមែនអ្នកនយោបាយគ្រាន់តែដើរទៅ មកស្រែកថា បាត់ដីហើយ អាងទៅលើអ្វី?»
លោកបន្តថា ការងារដែលលោកកំពុងធ្វើ ទាក់ទងនឹងបញ្ហាព្រំដែន នាពេលនេះ ប្រវត្តិសាស្រ្ត និង«ជេរ»ក្រុមការងារលោក បើសិនជាក្រុមលោកធ្វើ មិនត្រឹមត្រូវនោះ។ លោកបានអះអាងថា បើទោះបីកន្លងមក លោកត្រូវបានជនអនាមិក ធ្វើការគម្រាមសម្លាប់ តាមរយៈការផ្ញើរសារតាមទូរស័ព្ទដៃ ឬតាមបណ្តាញសង្គម របស់លោកក៏ដោយ ក្រុមការងាររបស់លោក នឹងមិនបញ្ជប់នោះឡើយ ហើយលោកក៏មិនខ្លាច ចំពោះការគម្រាមសម្លាប់នោះដែរ។ ការអះអាងនេះ ដោយលោកបានបង្ហាញការយល់ឃើញថា ទាំងនេះលោកធ្វើដើម្បីជាតិ និងប្រទេសរបស់លោកតែប៉ុណ្ណោះ។
លោក សុខ ទូច បានបន្តទៀតថា៖ «ខ្ញុំធ្វើដើម្បីជាតិ ខ្ញុំធ្វើដើម្បីប្ររទេសរបស់ខ្ញុំ រឿងអ្វីដែលត្រូវអ្នកឯងសម្លាប់ខ្ញុំ។ អ្នកឯងសម្លាប់ដើម្បីអ្នកណា? អ្នកឯងសម្លាប់ ដើម្បីបំរើគណបក្សរបស់អ្នកឯង ប៉ុន្តែខ្ញុំធ្វើដើម្បីជាតិរបស់ខ្ញុំ។»
យ៉ាងណាលោក សុខ ទូច នៅតែអះអាងថា លោកក៏ពេញចិត្ត ចំពោះការគម្រាម ឬប៉ងសម្លាប់មកលើរូបលោក បើសិនជាលោកមានកំហុសមែននោះ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវតែមានភារកិច្ចមួយ ក្នុងការការពាររូបលោក ព្រោះលោកមិនមានអ្វី សម្រាប់ការការពារខ្លួននោះឡើយ៕
» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក សុខ ទូច ដូចខាងក្រោម៖