ប៉ែន សុវណ្ណ ដាច់សរសៃឈាមខួរក្បាល ត្រៀមបញ្ជូនទៅព្យាបាលនៅបរទេស
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៨ មករា ១០៥
- កែប្រែចុងក្រោយ: January 18, 2015
- ប្រធានបទ: សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មកពីគណបក្សសង្រ្គោះជាតិ បានរងគ្រោះនឹងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល ហើយកំពុងត្រូវបានត្រៀមបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។ នេះបើយោងតាមសេចក្តីអំពាវនាវ ស្នើឲ្យសប្បុរសជនចូលរួមវិភាគទានក្នុងការជួយដោះស្រាយតម្លៃនៃការព្យាបាលជំងឺតំណាងរាស្ត្ររូបនេះ របស់លោក កឹម សុខា អនុប្រធានគណៈបក្សសង្រ្គោះជាតិ តាមរយៈទំព័រហ្វេសប៊ុករបស់លោក។
កញ្ញា មៃ សុភ័ក្រកញ្ញា ជំនួយការលោក កឹម សុខា បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងតាមរយៈទូរស័ព្ទយ៉ាងខ្លី ដោយសារកញ្ញាកំពុងបើករថយន្ដថា លោក ប៉ែន សុវណ្ណ បានរងគ្រោះនឹងជំងឺធ្ងន់ធ្ងរនេះ ហើយលោកត្រូវបានសាច់ញាតិ និងតំណាងគណបក្ស ត្រៀមបញ្ជូនយកទៅព្យាបាលនៅក្រៅស្រុក។ កញ្ញាបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ គណបក្សសង្រ្គោះជាតិកំពុងធ្វើការងារយ៉ាងមមាញឹក ក្នុងស្វែករកជំនួយ ដើម្បីជួយទ្រទ្រង់ដល់ថ្លៃព្យាបាលជំងឺរបស់លោក។
តែកញ្ញា មៃ សុភ័ក្រកញ្ញា មិនទាន់បានបញ្ជាក់ឲ្យដឹងថាលោក ប៉ែន សុវណ្ណ ត្រូវគេបញ្ជូនទៅព្យាបាលនៅប្រទេសណានៅឡើយ។ បើតាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា គេមានគម្រោងបញ្ជូនលោកទៅព្យាបាល នៅមន្ទីរពេទ្យក្នុងប្រទេសិង្ហបូរី។
សូមបញ្ជាក់ដែរថា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមហៅទូរស័ព្ទទៅលោក ប៉ែន សុវណ្ណ តាមរយៈលេខរាល់ដងរបស់លោក និងអ្នកស្និតនឹងលោកផ្សេងទៀត តែពុំមានអ្នកទទួល។ ចំពោះព័ត៌មានផ្សេងទៀត ទស្សនាវដ្ដីនឹងជូនដំណឹង ក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕