តំណាងគ.ជ.ប មកទទួល«ញត្តិ»ពីគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីព្រឹកម៉ិញនេះ សកម្មជនគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គណបក្សសង្គ្រោះជាតិ បានមកជួបជុំគ្នាធ្វើបាតុកម្ម នាទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងបញ្ជូនញត្តិរបស់ខ្លួនទៅ គ.ជ.ប តាមរយៈការដង្ហែរជាក្បួន។
លោក កឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអាននូវសេចក្តីថ្លែងការរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ការបង្កើត ឲ្យមានបាតុកម្មនោះឡើង ក្នុងគោលបំណងចង់ឲ្យកម្ពុជា ក្រោយការបោះឆ្នោតអណត្តិទីប្រាំ នាខែកក្កដាខាងមុខនេះ មាន«រដ្ឋាភិបាលមួយស្របច្បាប់»។
ការលើកឡើងដូចនេះ ដោយលោកបានបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការអ៊ិនឌីអាយ(NDI) និងអង្គការខុមហ្វ្រេល (COMFREL) បានបង្ហាញថា គ.ជ.ប មានកំហុសឆ្គងក្នុងការធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលជាកំហុសដ៏ធ្ងន់ក្នុងការបំប៉ោង និងបំបាត់ឈ្មោះអ្នកបោះឆ្នោត សម្រាប់នីតិកាលទីប្រាំនេះ។
លោកសុំឲ្យគ.ជ.ប ពន្យាពេលបោះឆ្នោតនីតិកាលទីប្រាំនេះ ដើម្បីធ្វើការចុះឈ្មោះ និងរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មីឡើងវិញ ដោយធានាឲ្យមាននូវគុណភាពគ្រប់គ្រាន់។
លោកបន្តថា សុំឲ្យសហគមអន្តរជាតិ ជួយ ជុំរុញឲ្យការរៀបចំបោះឆ្នោតខាងមុខនេះមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ព្រមទាំងជួយអន្តរាគម ឲ្យមានការវិលត្រឡប់ដោយសុវត្តិភាព និងគ្មានលក្ខខ័ណ្ឌ របស់ប្រធានគណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងការបោះឆ្នោតក្នុងខែកក្កដា ខាងមុខនេះ។
លោកបានបញ្ជាក់ថាបើគ.ជ.ប និងរាជរដ្ឋាភិបាល មិនទទួលយកនូវអនុសាសន៍របស់អង្គការសហប្រជាជាតិ អង្គការជាតិ អង្គការអន្តរជាតិ និងគណបក្សនយោបាយទេ នោះការបោះឆ្នោតនិងមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ។ ដូច្នេះសុំឲ្យសហគមអន្តរជាតិ មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងមិនទទួលស្គាល់រាជរដ្ឋាភិបាលថ្មីនោះ។
លោក ហូ វ៉ាន់ តំណាងឲ្យក្រុមបាតុកម្មដោយអហិង្សា បានឡើងអានញត្តិស្តីពី«សុឆន្ទៈមហាជន» ដែលបានដាក់ជូន គ.ជ.ប មានបួនចំណុចសំខាន់ៗ ដូចទៅនឹងសេចក្តីថ្លែងការនោះដែរ។
លោក កឹម សុខា បានប្រាប់ថា នៅថ្ងៃទី២៤ ខែមេសានេះ នៅសហរដ្ឋអាមេរិច ប្រជាពលរដ្ឋខ្មែរ និងសហគមអន្តរជាតិ ក៏បានធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដូចគ្នានេះដែរ។
នៅវេលាម៉ោងជាងដប់ព្រឹក តំណាង គ.ជ.ប. លោកថោង ស៊ឹម បានមកទទួលយកញត្តិពីគណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី២៤ខែមេសានេះផ្ទាល់តែម្តង។ លោកបានបញ្ជាក់ថា លោកត្រូវបាន គ.ជ.ប ចាត់តាំងឲ្យមកទទួលយកញត្តិនៅថ្ងៃនេះ ហើយលោកសន្យាថានឹងនាំយកញត្តិនេះ ដាក់ជូនដោយផ្ទាល់ដល់ប្រធាន គ.ជ.ប។
មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាក់ពីការទទួលញត្តិរបស់គណៈប្រឆាំងនេះ ពីលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានទេ ដោយលោកពុំទទួលទូរសព្ទ័។ ប៉ុន្តែថ្មីៗនេះលោកបានប្រាប់វិទ្យុអូស្ត្រាលីថា លោកបានត្រៀមតំណាង ដើម្បីទៅទទួលយកញត្តិនោះហើយ។ ប៉ុន្តែ គ.ជ.ប នៅតែមិនអាចធ្វើអ្វី ឱ្យលើសពីច្បាប់បាននោះឡើយ។ លោកបានហៅការធ្វើបាតុកម្មនោះថា ជាសិទ្ធិពេញទីរបស់ពួកគេ ក្នុងការសម្តែងមតិនៅក្នុងសង្គមប្រជាធិបតេយ្យ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ