ប្រដាល់៖ ម៉ាហ្គែស វៃជាមួយ ប្រេដឡេ មិនមែន ផាហ្គីអាវ នោះទេ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកប្រដាល់ម៉ិចសិកូ ចនម៉ាញូអែល ម៉ាហ្គែស (Juan Manuel Marquez) និងអ្នកប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិក ធីម ប្រេដឡេ (Tim Bradley) ដែលអ្នកទាំង២ធ្លាប់បានឈ្នះ អ្នកប្រដាល់ហ្វីលីពីន ម៉ែនី ផាហ្គីអាវ (Manny Pacquiao) កាលពីឆ្នាំមុនដូចគ្នានោះ នឹងឡើងសង្វៀនប្រកួតគ្នា នាខែកញ្ញាខាងមុននេះ ក្នុងរដ្ឋ ឡូស អេនជេឡេស (Los Angeles)។ នេះជាសេចក្ដីរាយការណ៏ របស់កាសែតថែមស៏ (Times) ក្នុងថ្ងៃទី២៤ខែមេសា។
អ្នកប្រដាល់ ចនម៉ាញូអែល ម៉ាហ្គែស មកពីម៉ិចសិកូ។
អ្នករៀបចំកម្មវិធី លោក បប់ អារាំ (Bob Arum) បានប្រាប់ថា ម៉ាហ្គែស នឹងឡើងវៃជាមួយនឹង ប្រេដឡេ ក្នុងទីក្រុង ឡាស វីកាស (Las Vegas) នៅថ្ងៃទី១៤ ខែកញ្ញា ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ វើលបុកស៊ិង អរហ្គេណៃស្សេសិន (World Boxing Organization) ប្រភេទទំងន់ ៦៦គីឡូក្រាម ដែលកីឡាករ ប្រេដឡេ យកមកពីអ្នកប្រដាល់ ផាហ្គីអាវ ដោយការកាត់ក្តីឈ្នះដោយពិន្ទុ កាលពីខែមិថុនា ឆ្នាំមុន។
លោក អារាំ បានប្រាប់ដល់កាសែតថែមស៏ កាលពីថ្ងៃអង្គារ៏ថា «ម៉ាហ្គែស ចង់វៃជាមួយនឹង ប្រេដឡេ ហើយប្រេដឡេ ក៏ចង់វៃជាមួយនឹង ម៉ាហ្គែស ដូចគ្នា។»
ការសម្រេចចិត្តរបស់អ្នកទាំង២ ធ្វើឲ្យកីឡាករ ផាហ្គីអាវ ខកខានឱកាស ដែលខ្លួនថា នឹងត្រូវឡើងសង្វៀនសងសិកជាមួយនឹង ម៉ាហ្គែស ម្តងទៀត បន្ទាប់ពីអ្នកប្រដាល់អាស៊ីរូបនេះ បានសន្លប់ក្រោមកណ្តាប់ដៃ ម៉ាហ្គែស ក្នុងទឹកទី៦ កាលពីខែធ្នូរកន្លងទៅ។
អារាំ បានបន្តថា «មូលហេតុដែលធ្វើឲ្យយើង រារែកការប្រកួតលើកទី៥ រវាង ម៉ាហ្គែស និងផាហ្គីអាវ ព្រោះផាហ្គីអាវ បាននិយាយថា គាត់នឹងប្រកួតនៅម៉ាកាវ (Macau) ឬសឹង្ហបុរី ដែលជាកន្លែង ដែលគាត់អាចជៀសវាងបង់ថ្លៃពន្ធ៤០% ទៅលើតម្លៃខ្លួនរបស់គាត់។»
ម៉ាហ្គែស ដែលវៃបាន ៥៥ដង ចាញ់៦ដង ស្មើ១ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន៤០ដង មិនដែលបានឡើងសង្វៀនប្រកួតនោះទេ ចាប់តាំងពីប្រកួតឈ្នះ ផាហ្គីអាវ មក។ ចំណែកឯ អ្នកប្រដាល់ ប្រេដឡេ ធ្លាប់ប្រកួត ៣០លើក ឈ្នះទាំង៣០លើក និងផ្តួលដៃគូឲ្យសន្លប់បានចំនួន ១២ដង។
អារាំ បានប្រាប់កាសែតថែមស៏បន្តថា ដោយឡែក អ្នកប្រដាល់ដ៏ល្បីល្បាញរបស់អាស៊ី ផាហ្គីអាវ ដែលធ្លាប់ឡើងសង្វៀនប្រកួតបានចំនួន ៥៤លើក ចាញ់៥ ស្មើ២ និងផ្តួលដៃគូប្រកួតបានចំនួន ៣៨លើកនោះ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់អាមេរិក ក្នុងឆ្នាំនេះដែរ នៅក្នុងទីក្រុងម៉ាកាវ ឬប្រទេសសឹង្ហបុរី។ ដៃគូរបស់គាត់ អាចជា ប្រេដុន រ៉យស៏ (Brandon Rios) ឬ ម៉ៃ អាល់វ៉ារ៉ាដូ (Mike Alvarado) ដែលសុទ្ធសឹងតែជា អ្នកប្រដាល់ខ្លាំងៗដូចគ្នា៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ