បារាំង-អាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នា៖ ការតស៊ូនៅបន្ត សម្រាប់អ្នកប្រឆាំង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រឈមមុខគ្នារវាងកងកម្លាំងនគរបាល និងបាតុករអ្នកប្រឆាំងនឹងអត្ថបទច្បាប់ «អាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នា» បានផ្ទុះឡើងនៅជិតរដ្ឋសភាជាតិ វេលាពាក់កណ្ដាលអាធ្រាត ថ្ងៃទី២៣ខែមេសា បន្ទាប់ពីច្បាប់នេះត្រវបានអនុម័ត្រ ដោយសម្លេងភាគច្រើននៃអ្នកតំណាងរាស្ត្រ កាលពីវេលាម៉ោងប្រមាណជា៥រសៀលនោះមក។
ក្រុមអ្នកប្រឆាំងនឹងអត្ថបទច្បាប់ ក្នុងពេលរាត្រីថ្ងៃទី២៣ខែមេសា កំពុងប្រឈមជាមួយនឹងកងកម្លាំងនគរបាល។
ពួកអ្នកប្រឆាំងនឹងអត្ថបទច្បាប់ទាំងនោះ បានចោលសម្បកដប កាំជ្រួចភ្លើងផ្សែង និងវត្ថុរឹងផ្សេងទៀត ទៅលើកម្លាំងនគរបាល តែពួកគេក៏រងនូវការវាយបកវិញ ពីសំណាក់កងម្លាំងប្រឆាំងកុបករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ព្រឹត្តិការណ៍នេះ បានកើតឡើងនៅទីលានអាំងវាលីដ (Invalides) ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីរដ្ឋសភាជាតិ ហើយបាន បណ្ដាលឲ្យបាតុករយ៉ាងតិច១២នាក់ ត្រូវបានឃាត់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍ដដែល នៅខេត្តលីយ៉ុង (Lyon) ភាគខាង ត្បូងនៃប្រទេសបារាំង ការឃាត់ខ្លួន មានរហូតដល់ទៅជាង៤០នាក់។
អត្ថបទច្បាប់ «អាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នា»ត្រូវបានអនុម័ត្រ ដោយសម្លេងភាគច្រើន៣៣១ ទល់នឹង២២៥ នៅក្នុងរដ្ឋសភា ដែលមានសុទ្ធសឹងជាអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គមនិយម។ នៅមិនឆ្ងាយប៉ុន្មានពីសាលាក្រុងប៉ារីស ក្រុមអ្នកគាំទ្រអត្ថបទច្បាប់នេះ ក៏បានជួបជុំគ្នាប្រារព្ធការអបអរសាទរ នីងការអនុម័ត្រនេះដែរ។
កាលពីពេលរសៀល នៅក្នុងរដ្ឋសភា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី គ្រឹស្ទីយ៉ាន តូប៊ីរ៉ា (Christiane Taubira) បានអះអាងថា អាពាហ៍ពិពាហ៍ដំបូងគេ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសបារាំង នឹងអាចមានរូបរាងចាប់តាំងពីខែមិថុនាខាងមុខ។ លោកស្រីបានបន្តថា «យើងគិតថា អាពាហ៍ពិពាហ៍ដំបូងទាំងនោះ មានភាពល្អពិសេសណាស់។ (...) អ្នកដែលតវ៉ានៅថ្ងៃនេះ នឹងពិតជាត្រូវត្រឡប់ទៅជាយល់ ដោយការរីករាយសប្បាយចិត្ត នឹងសុភមង្គលនៃគូរស្រករទាំងនោះ។»
នៅពេលដែលលោកហ្វ្រង់ស័រហូឡង់ (François Holande) ប្រធានាធិបតីបារាំងសព្វថ្ងៃ បានសន្យាថានឹងប្រគល់ភាពស្របច្បាប់ ទៅឲ្យអាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នា ក្នុងពេលឃាសនាបោះឆ្នោតនោះ ប្រធានបទនេះ មិនសូវជាមានការចាប់អារម្មណ៍តវ៉ាប៉ុន្មាននោះឡើយ។ ប៉ុន្តែប្រធានបទដ៏ក្ដៅគគុក បានផ្លាស់ប្ដូររូបភាពរបស់វាក្នុងពេលបច្ចុប្បន្ននេះ ដោយសារស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស មិនបានជឿនលឿនទៅមុខ ចំនួននៃអ្នកគ្មានការងារធ្វើបានកើនឡើង ដែលសុទ្ធសឹងជាបញ្ហបង្កអោយប្រជាប្រិយភាព របស់ប្រធានាធិបតីរូបនេះស្រុតធ្លាក់ចុះយ៉ាងខ្លាំង។
ក្រុមអ្នកអភិរក្សនិយម ដែលបានខកចិត្តដោយការចាញ់ឆ្នោ តរបស់អតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី (Nicolas Sarkozy) បានប្រើប្រាស់ឱកាសនៃចលនាប្រឆាំង ទល់នឹងអាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នានេះ ជាបុព្វហេតុចម្បងមួយ និងដើម្បីបម្រួបបម្រួមចលនានយោបាយរបស់ពួកគេ។ ពួកគេនៅតែរក្សាក្ដីសង្ឃឹម ថាប្រធានបទ នឹងត្រូវនៅបន្តជជែកគ្នាតទៅទៀត ដោយបានដាក់ពាក្យបណ្ដឹងតវ៉ាទៅកាន់ ក្រុមប្រឹក្សាធម្មនុញ្ញបារាំង។
ការអនុម័ត្រច្បាប់កាលពីម្សិលម៉ិញ បានធ្វើឲ្យបារាំងក្លាយជាប្រទេសទី១៤ ក្នុងពិភពលោក ដែលបានអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍«ស្របច្បាប់» នៃអ្នកមានភេទដូចគ្នា។ ប្រទេសនេះបានអនុញ្ញាតឲ្យមាន ការរួមសម្ព័ន្ធភាពស្នេហាស៊ីវិល ដែលមិនមានអាពាហ៍ពិពាហ៍ កាលពីឆ្នាំ១៩៩៩កន្លងមក។ ប៉ុន្តែសម្ព័ន្ធភាពស្នេហាស៊ីវិលនេះ មិនបានអនុញ្ញាតឲ្យ សាមីខ្លួននៅក្នុងសម្ព័ន្ធភាពនៃភេទដូចគ្នា មានសិទ្ធអាចទទួលកូនមកចិញ្ចឹមនោះបានឡើយ។
ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា ប្រជាជនបារាំងច្រើនជាងពាក់កណ្ដាល បានជម្ទាស់នឹងការសុំកូនមកចិញ្ចឹមដោយ គូរស្រករដែលមានភេទដូចគ្នា៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ