គ.ជ.ប នឹងឆ្លើយតប នូវសំណើររបស់គណបក្សសង្គ្រោះជាតិ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅសល់ពេលត្រឹមតែ ពីរខែទៀតប៉ុណ្ណោះការបោះឆ្នោតតំណាងរាស្រ្តអណត្តិទី៥នឹងខិតជិតមកដល់។ រីឯបញ្ហា ចម្រូងចម្រាសលើនីតិវិធីបោះឆ្នោតនិងការរៀបចំបញ្ជីឈ្មោះ អ្នកបោះឆ្នោតរវាងគណបក្សប្រឆាំងនិងគ.ជ.ប នៅតែបន្តមិនទាន់មានដំណោះស្រាយណាមួយឬគោលការណ៍ណាមួយដែលអាចឈរលើ ការឯកភាពគ្នានៅឡើយនោះទេ។
ក្រុមមេដឹកនាំ របស់គណបក្សសង្គ្រោះជាតិ បានបង្ហាញញាត្តិទាមទារទៅគ.ជ.ប ដល់បាតុករ កាលពីថ្ងៃទី២៤ខែមេសា កន្លងមក។ (រូបថត O.Vary/ MONOROOM.info)
ឆ្លើយតបទៅនឹង «ញ្ញត្តិ» ដែលដាក់ចេញដោយគណបក្សសង្គ្រោះជាតិ ក្នុងមហាបាតុកម្មដោយអហឹង្សាមួយកាលពីម្សិលម៉ិញនៅទីលានប្រជាធិបតេយ្យ លោកទេពនីថាអគ្គលេខាធិការគ.ជ.បបានអះអាងថា កន្លងមក លោកបានឆ្លើយតបរួចទៅហើយ ចំពោះរបាយការណ៍របស់លោកសូរិយាប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិពាក់ព័ន្ធ នឹងការបោះឆ្នោត។ លោកបន្ថែមថា គ.ជ.ប ក៏បាន អនុវត្តតាមរួចហើយ ដូចជាការអប់រំអ្នកបោះឆ្នោតលើកកំពស់ការយល់ដឹងអ្នកបោះឆ្នោត និងធ្វើឲ្យការបោះឆ្នោត កាន់តែប្រសើរឡើងជាដើម។ប៉ុន្តែ ចំពោះចំណុចមួយចំនួន លោកក៏សុំបដិសេធចោលដែរ ៖ «របាយការណ៍ របស់លោក សូរិយាស៊ូប៊ែឌីពុំមានបច្ចុប្បន្នភាពទេ។ វាមិនសមស្រប នឹងសភាពការណ៍នៃការរៀបចំការបោះឆ្នោត នៅប្រទេសកម្ពុជាឡើយ»។
អគ្គលេខាធិការរូបនេះបន្តថា ចំពោះការស្នើរឲ្យសើរើបញ្ជីបោះឆ្នោត ឬក៏ចុះឈ្មោះបោះឆ្នោតឡើងវិញនោះ គ្មានច្បាប់ដែលតម្រូវឲ្យគ.ជ.បធ្វើបែបនេះទេ។លោកបញ្ជាក់ថាចំពោះ បញ្ជីឈ្មោះសម្រាប់ ការបោះឆ្នោត ឆ្នាំ២០១៣នេះល្អព្រោះកាលពីឆ្នាំ២០១២មានការប្តឹងតិចណាស់។ដូច្នេះអនុសាសន៍ដែលបាន លើកឡើង ដោយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិគ្មានហេតុផលសមស្របនោះទេ។
ត្រង់ចំណុចនេះ លោកហង្សពុទ្ធានាយកប្រតិបត្តិ អង្គការនិចហ្វិច(NECFEC) បានបញ្ជាក់ថាគ.ជ.ប គួរតែទទួលយក ហើយគិតគូរឡើងវិញថា តើត្រូវធ្វើយ៉ាងណាដើម្បី ឲ្យបញ្ជីឈ្មោះវាត្រឹមត្រូវល្អជាងមុន។ លោកបង្ហាញថាសង្គមស៊ីវិលគ្រាន់តែចង់បាន នូវភាពល្អប្រសើរឡើងនូវបញ្ជីឈ្មោះ អ្នកបោះឆ្នោតតែប៉ុណ្ណោះ។ ហើយអ្វីដែលគ.ជ.ប តែងគិតថា ហួសនឹងសមត្ថកិច្ចរបស់ខ្លួន គួរតែរុញទៅអ្នកណាដែលមានសមត្ថកិច្ច លើសហ្នឹងព្រោះកម្ពុជាទេ ជាអ្នកបង្កើ ច្បាប់បោះឆ្នោតនេះឡើង។
ដោយឡែកអនុសាសន៍របស់បក្សប្រឆាំង ដែលទាក់ទងទៅនឹងការវិលត្រឡប់របស់ លោកសម រង្ស៊ី វិញ លោកទេព នីថា បន្ថែមថា វាមិនមែនជាសមត្ថកិច្ចគ.ជ.បទេ។ ទោះជាយ៉ាងណា ក៏ដោយលោកបានបង្ហាញ ពីគោលជំហរ របស់គ.ជ.ប ក្នុងការទទួលយកអនុសាសន៍នេះ ហើយនឹងឆ្លើយតបទៅវិញ ទៅតាមសមត្ថកិច្ចរបស់ខ្លួន។ ដោយលោកសង្កត់ធ្ងន់ថា គ.ជ.ប គ្រាន់តែជាស្ថាប័នមួយ ត្រូវបានបង្កើតឡើង ដោយច្បាប់បោះឆ្នោតអនុវត្តតាមច្បាប់បោះឆ្នោត។ នាថ្ងៃខាងមុខនេះគ.ជ.បនឹងចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីឈ្មោះបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតព្រោះពេលវេលានៅសល់តិចណាស់សម្រាប់ការងារទាំងនេះ។
សម្រាប់នាយកប្រតិបត្តិអង្គការនិចហ្វិច ការលើកឡើងរបស់គ.ជ.បថា មិនអាចធ្វើអ្វីទេព្រោះតែគ្មានច្បាប់ចែងនោះ មិនពិតទាំងស្រុងទេ ព្រោះពេលខ្លះពុំមានច្បាប់ចែងទេ តែគ.ជ.ប នៅតែធ្វើបាន។ ឧទាហរណ៍ ច្បាប់តម្រូវឲ្យគ.ជ.ប ជាអ្នករៀបចំដំណើរការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ប៉ុន្តែច្បាប់មិនបានលំអិតពីនីតិវិធីថា នឹងត្រូវធ្វើយ៉ាងណាខ្លះនោះទេ។ លោកបន្តថា បើគ.ជ.បដើរលើផ្លូវណាមួយ ហើយមានការផ្តល់នូវអនុសាសន៍ច្រើន គ.ជ.បគួរតែធ្វើការកែទម្រង់ នូវការងាររបស់ខ្លូន ដើម្បីឲ្យអ្នកចូលរួមប្រកួតបានអស់ចិត្ត។
មន្ត្រីជាន់ខ្ពស់នៃគ.ជ.ប មិនបានបញ្ជាក់ពីរយៈពេល នៃការឆ្លើយតបចំពោះ«ញ្ញត្តិ»របស់គណបក្សប្រឆាំងថា នៅពេលណានោះទេ ដោយរងចាំពិនិត្យមើលតាមការជាក់ស្តែង។ ប៉ុន្តែលោកគ្រាន់តែបង្ហើបប្រាប់ថា នៅព្រឹកថ្ងៃស្អែកនេះ គ.ជ.ប នឹងធ្វើសន្និសិទកាសែត ឬកិច្ចប្រជុំមួយ ហើយនៅពេលនោះគ.ជ.ប ក៏អាចធ្វើការ លើយតបក្នុងពេលនោះ តាមរបៀបរបស់គ.ជ.ប។ព្រោះថាញ្ញត្តិដែលធ្វើមកនេះមិនមែនជា លិខិតស្នាមរដ្ឋបាលទេវាគ្រាន់តែជាឯកសារញ្ញត្តិមួយ ទៅតាមរបៀបបាតុកម្មតែប៉ុណ្ណោះ។
សង្គមស៊ីវិលបានសង្កេតឃើញថា បើចំណុចចាប់ផ្តើមមានការប្រទាញប្រទង់គ្នាទៅហើយនោះ ឯគ.ជ.បវិញ នៅតែមិនទទួលយកអនុសាសន៍ របស់សាធារណៈជននោះ ក្រោយថ្ងៃនៃការប្រកាសលទ្ធផល នឹងមានភាពចម្រូងចម្រាស។ ហើយគណបក្សមួយចំនួន នឹងមិនទទួលយក នូវលទ្ធផលនោះទេ ព្រមទាំងអាចបន្តឲ្យមានបាតុកម្មជាដើម។ ឯគ.ជ.បក៏នឹងពិបាក ក្នុងការរកដំណោះស្រាយ ចំពោះបញ្ហាដ៏ធំមួយនេះណាស់។ សង្គមស៊ីវិលចង់ឲ្យមាន ឯកភាពគ្នាជាមុនចាប់ ពីពេលនេះ ទៅទើបចុងក្រោយលទ្ធផលអាច ទទួលយកបានទាំងអស់គ្នា ហើយអ្នកចាញ់ក៏នឹងអស់ចិត្តដែរ។
សូមរម្លឹកថាកាលពីចុងឆ្នាំ២០១២ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើង ពីភាពមិនប្រក្រតីមួយចំនួន ជុំវិញការរៀបចំការបោះឆ្នោត សម្រាប់នីតិកាលទី៥ នេះ។ ថ្មីៗនេះអង្គការវិទ្យាស្ថានជាតិដើម្បីលិទ្ធិប្រជាធិបតេ្យ (NDI) និងអង្គការខុមហ្រេ្វល (COMFREL) ក៏បានរកឃើញ នូវកំហុសមួយចំនួនរបស់គ.ជ.ប ដូចជាការធ្វើឲ្យបាត់ឈ្មោះ អ្នកបោះឆ្នោតជាដើម៕
---------------------------------------------------------
ដោយៈអ៊ុមវ៉ារី - ភ្នំពេញថ្ងៃទី២៥មេសាឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖មនោរម្យព័ងអាំងហ្វូ