ភេវរកម្ម​នៅ​បារាំង៖ សមាជិក​លាក់​មុខ ISIS កាត់​«ក»​ថៅកែ​ខ្លួន

ឆ្លង់កាត់ការស៊ើបអង្កេត ប្រមាណជា១០ម៉ោង រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំរដ្ឋធានីប៉ារីស បាន​ថ្លែង​ឲ្យ​ដឹង ពី​អត្តសញ្ញាណ​របស់ភេវរជន និងពីដំណើរដើមទង នៃអំពើភេវរកម្ម ដែលបានធ្វើប្រឆាំងនឹងរោងចក្រ ផលិត​ឧស្ម័ន​ហ្គាស​មួយ នៅ​ក្នុង​ក្រុង ស៊ាំងកង់តាំង ហ្វាឡាវីយ៉េ (Saint-Quentin-Fallavier នៃ​តំបន់ Isère ស្ថិត​នៅ​ភាគ​​អាគ្នេយ៍ របស់​ប្រទេស​បារាំង - មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង លីយ៉ុង)។ ជាដំណើរដើមទង ដែលប្រកប​ដោយ​ភាព​រន្ធត់​ញាប់​ញ័រ​។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 27, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណើរដើមទងលំអិត ក្នុងជំហានដំបូង នៃអំពើភេវរកម្ម កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ត្រូវបានរកឃើញ និង​ត្រូវបានយកមកពន្យល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយរដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំ​រដ្ឋធានី​ ប៉ារីស លោក ហ្វ្រង់ស៊័រ ម៉ូឡាំង (François Molins)។ ជាភាពលំអិត ប្រកបដោយភាពតក់ស្លុត បន្ទាប់ពីគេ​បាន​ដឹង ថាជនសង្ស័យឈ្មោះ យ៉ាស៊ីន សាលី (Yassine Salhi) សមាជិកម្នាក់ របស់អង្គការរដ្ឋអ៊ីស្លាម បានកាត់​ក្បាល បុរសចំណាស់ម្នាក់ ដែលជាថៅកែរបស់ខ្លួន នៅក្នុងទឹកដីបារាំង។

ដោយមានជំនួយការ ពីកាម៉េរ៉ាសុវត្ថិភាពចំនួនពីរ របស់រោងចក្រនោះផង លោករដ្ឋអាជ្ញាបារាំង បានប្រកាស​ពីដំណើរដើមទងទាំងស្រុង នៃអំពើភេវរកម្មនេះដូចតទៅ៖

  • ម៉ោង៩ និង២៨នាទី រថយន្ដធុនតូច សម្រាប់ធ្វើការមួយ បានចូលមកក្បែររោងចក្រ ដូចជាធម្មតា ដើម្បី​មកទទួលដឹង​ធុងហ្គាស។ ជនសង្ស័យបានចុចកណ្ដឹង ហើយទ្វារោងចក្រក៏បានបើកឡើង ដោយទំនង​ជាអ្នក​ចាំបើកទ្វា បាន​ស្គាល់អ្នកចុចកណ្ដឹង ដែលធ្លាប់ចុះឡើងរោងចក្រ ជារឿយៗ។
  • រថយន្ដបានបើក តាមបណ្ដាយជញ្ជាំង ចូលទៅក្នុងរោងចក្រ។ នៅម៉ោង៩ និង៣៥នាទី ក្នុងរូបភាព នៃ​កាម៉េរ៉ា​សុវត្ថិភាព គេឃើញរថយន្ដតូចនោះ បានបង្កើនល្បឿន និងបើកចូលទៅបុកកន្លែងមួយ ដែល​មានផ្ទុកសុទ្ធតែធុងហ្គាស។
  • ម៉ោង៩ និង៣៦នាទី ការផ្ទុះដ៏ខ្លាំងមួយ បានលាន់ឮឡើង។
  • ម៉ោង៩ និង៤១នាទី ក្រុមពន្លត់អគ្គិភ័យបានមកដល់ទីកន្លែង។
  • ម៉ោង១០ ក្រុមអ្នកពន្លត់អគ្គិភ័យ បានឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពក្បែរធុងហ្គាស នៅនឹង​កន្លែង​ផ្ទុកធុង​ហ្គាស ហើយពួកគេបានបង្ក្រាបជនសង្ស័យនេះ នៅនឹងកន្លែង។

ប៉ុន្តែនៅមុខរថយន្ដតូច ដែលជនសង្ស័យបើកទៅចតចោល និង​ដែល​កាម៉េរ៉ាសុវត្ថិភាព ចាប់រូបភាពមិន​បាន​នោះ អ្នកស៊ើបអង្កេតបានរកឃើញ សាកសពគ្មានក្បាល របស់​ជនរង​គ្រោះ។ នៅក្បែរសាកសពនោះ កាំបិត​មួយត្រូវបានរកឃើញ និងនៅឆ្ងាយពីនោះ  ក្បាលរបស់​ជន​រងគ្រោះ ត្រូវ​បានរកឃើញដោត​នៅលើចំរឹង​របង​រោងចក្រ អមដោយទង់ខ្មៅចំនួនពីរ របស់អង្គការរដ្ឋអ៊ីស្លាម។

លោករដ្ឋអាជ្ញា បានថ្លែងអះអាងថា៖ «មិនមានភស្ដុតាងណាមួយ បង្ហាញថាជនសង្ស័យមានគូកន នៅក្នុង​រថយន្ដ​តូចនោះឡើយ។ ជននេះទំនងជា ធ្វើសកម្មភាពតែឯងប៉ុណ្ណោះ។»

ជនរងគ្រោះដែលរកឃើញស្លាប់ ដាច់ក្បាលនេះ ជាប្រធានក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយ ដែលជនសង្ស័យ​បានធ្វើការជាមួយ ក្នុងនាមជាអ្នកបើកបរ។ បើតាមលោករដ្ឋអាជ្ញា បានបញ្ជាក់ទៀតថា ជនសង្ស័យបាន​រៀបការ តាំងពីជាង១០ឆ្នាំមកហើយ និងមានកូន៣នាក់។ ជនសង្ស័យត្រូវបានអាជ្ញាធរបារាំង ស្គាល់នៅ​រវាង​ឆ្នាំ២០០៦ និងឆ្នាំ២០០៨ និងបន្ទាប់មកទៀត រវាងពីឆ្នាំ២០១១ និងឆ្នាំ២០១៤ ពីទំនាក់ទំនងរបស់ជននេះ ជា​មួយចលនាអ៊ីស្លាមនិយមតឹងមួយ នៅទីក្រុង លីយ៉ុង។

រហូតមកទល់យប់នេះ អាជ្ញាធរបានចាប់ឃាត់ខ្លួន ភរិយា និងប្អូនស្រីរបស់ជនសង្ស័យ បន្ថែមទៀត ដើម្បីទុក​ធ្វើការ​សាកសួរ និងស៊ើបអង្កេត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...