ប្រកាសអាសន្នរួចជម្លៀសមនុស្សចេញ នៅព្រលានយន្ដហោះ អាមស្ទែដាម
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១២ មេសា ២០១៦
- កែប្រែចុងក្រោយ: April 13, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងយប់ថ្ងៃទី១២ ខែមេសានេះ អាកាសយានដ្ឋានអន្តរជាតិ «Amsterdam-Schipol» បានជម្លៀសមនុស្សចេញ បន្ទាប់ទទួលបានការប្រកាសអាសន្នមួយរួចមក។ មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន នៅក្នុងហេតុការណ៍ខាងលើ ដែលសង្ស័យជាអំពើភេរវកម្ម។ នេះបើតាមមន្ត្រីអ្នកទទួលខុសត្រូវ ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
អ្នកនាំពាក្យឲ្យព្រលានយន្ដហោះ លោក ដានៀល ថាមើរ (Danielle Timmer) បានថ្លែងឲ្យដឹងថា៖ «នគរបាលបានធ្វើការជម្លៀសមនុស្ស ពីផ្នែកមួយ នៃព្រលានយន្ដហោះ ក៏ដូចជាចេញពីសណ្ឋាគារ "Sheraton" ដែលស្ថិតនៅក្បែរនោះ»។
រូបភាពដែលបង្ហាញតាមទូរទស្សន៍ក្នុងស្រុក បានបង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់ដោយអាវុធធុនធ្ងន់គ្រប់ដៃ ត្រូវបានបញ្ជូនមកដាក់ប្រចាំការ នៅជុំវិញព្រលានយន្ដហោះ ដែលត្រូវបានដាក់ក្នុងសភាព«ប្រុងជើងការ» រាប់ចាប់តាំង ពីភេរវកម្មថ្ងៃទី២២ ខែមីនា កន្លងមក នៅរាជធានីព្រុយសែល ប្រទេសប៊ែលហ្សិក។
សម្រាប់លោក អាលហ្វ្រេដ អែវេនជ័រ (Alfred Ellwanger) អ្នកនាំពាក្យឲ្យកងអាវុធហត្ថវិញ បានប្រកាសឲ្យដឹងថា៖ «នៅវេលាម៉ោង ២១ និង៤៥នាទី បុរសម្នាក់ត្រូវបានឃាត់ខ្លួន នៅនឹងកន្លែង ពីមុខទ្វាចូលធំជាងគេ របស់ព្រលានយន្ដហោះ»។ លោកបានបន្ថែមទៀតថា ក្រុមដោះគ្រាប់បែក បានមកដល់នៅនឹងកន្លែង ហើយពួកគេបានត្រួតពិនិត្យកាបូប ហិបឥវ៉ាន់ របស់បុរសម្នាក់នោះ។
អ្នកនាំពាក្យរបស់កងកម្លាំងអាវុធហត្ថ បានបន្ថែមទៀតថា មិនមានជើងហោះហើរណាមួយ បានជួបនឹងភាពរអាក់រអួល នោះឡើយ ដោយរាប់បញ្ចូលទាំងខ្សែរថភ្លើងនានា ដែលភ្ជាប់ព្រលានយន្ដហោះ ទៅនឹងគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសហូឡង់នោះផង។ លោកមិនបានលំអិត ក្នុងពេលភ្លាមៗនេះបានទេ ពីចំនួនមនុស្ស ដែលត្រូវបានជម្លៀស ចេញពីព្រលានយន្ដហោះ។
សូមបញ្ជាក់ដែរថា ព្រលានយន្ដហោះអន្តរជាតិ «Schipol» របស់ប្រទេសហូឡង់ ស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយ ពីរាជធានី អាមស្ទែដាម ហើយជាព្រលានយន្ដហោះទី៥ នៅក្នុងទ្វីបអ៊ឺរ៉ុប ដែលទទួលការហោះហើរប្រចាំថ្ងៃច្រើនជាងគេ ជាមួយនឹងអ្នកដំណើរឆ្លងកាត់ ប្រមាណជា៥០លាននាក់ក្នុងមួយឆ្នាំៗ៕