មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក២៥៦០ គ្រិស្តសករាជ២០១៦

- ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ ៖ មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មេសា ២០១៦
- កែប្រែចុងក្រោយ: April 13, 2016
- ប្រធានបទ: ទំនៀមទម្លាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន ២៥៥៩ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក តទៅចូលពុទ្ធសករាជ ២៥៦០ ។ នឹងគណនាឆ្នាំវកឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃពុធ ៧ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០១៦ វេលាម៉ោង២០និង០០នាទី។
ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អន លម្អនៅព្រះកាណ៌ដោយសៀតផ្កាចម៉្បា អភរណៈទ្រង់កែវពិទូរ្យ ភក្សាហារទ្រង់សោយ សប្បិ ព្រះហស្តស្តាំទ្រង់ម្ជុល ព្រហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបើកព្រះនេត្រលើខ្នង គទ្រភៈ (សត្វលា) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់ គុហាកែវគន្ធមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង) ។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតា ទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រនិមិត្ត ថ្វាយដើម្បីបន្ទោបង់អពមង្គល ឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។
- ថ្ងៃពុធ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០១៦ វេលាម៉ោង២០និង០០នាទី ជាថ្ងៃចូលឆ្នាំវក អដ្ឋស័ក (ជាវារៈមហាសង្ក្រាន្ត)។
- ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៦ ជាវារៈវ័នបត។
- ថ្ងៃសុក្រ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ ២០១៦ ជាវារៈវ័នបត។
- ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រិស្តសករាជ ២០១៦ នៅវេលាម៉ោង០និង២៤នាទី ១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំវក អដ្ឋស័ក ចុល្លសករាជ ១៣៧៨ និង មហាសករាជ ១៩៣៨ តទៅ។
នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលីការ គ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ៍ ជាចិត្តអប្រិយ ជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីបា៉ឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់លើជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្ការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែង នៅក្នុងសៀវភៅព្ររាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើ សម្រាប់ប្រជារាស្ត្រគួររៀបឱ្យបានត្រឹម៣ឬ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ។
ទំនាយប្រចាំឆ្នាំកេណ្ឌព្រះពិរុណសាស្ដ្រ ៖
ឆ្នាំនេះ ភពចន្ទ ជាអធិបតី ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ២បង្អុរទឹកភ្លៀង៥០០មេ ដែលចែកចេញជា ៖
- ចក្កវាឡ ២០០មេ
- ព្រៃហេមពាន្ដ ១៥០មេ
- មហាសមុទ្រ ១០០មេ
- និងជម្ពូទ្វីបមនុស្សលោកយើង មានចំនួន៥០មេ បណ្ដាលឱ្យទឹកភ្លៀងនៅដើមឆ្នាំតិច កណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងតិច។
កេណ្ឌធារាទិគុណ ៖
ឆ្នាំនេះមានកេណ្ឌ(២) ត្រូវត្រង់បឋវីធាតុចុះ ទំនាយថា មិនក្ដៅមិនត្រជាក់ មានខ្សល់ព្យុះខ្លាំងៗជាច្រើន អាចកើតហេតុល្អអាក្រក់អំពីដី។
ទំនាយទឹកទន្លេ ៖
ឆ្នាំនេះ ទំនាយអំពីទឹកទន្លេមានសំណង់ ០ (សូន្យ) ទំនាយថា ទឹកទន្លេបឹងបួ ទឹកជំនន់ដោយទឹកភ្លៀង មានចំនួនច្រើនណាស់ ច្រើនលើសអស់ឆ្នាំទាំងពួង។
កេណ្ឌធញ្ញាហារ ៖
ឆ្នាំនេះមានកេណ្ឌ(៤) មានឈ្មោះថា មជ្ឈិមា ទំនាយថា ស្រូវ សំណាប ស្រែចម្ការ នឹងបានផលពាក់កណ្តាល ខូចខាតអស់ពាក់កណ្ដាល ភោជនាហារបានផលជាមធ្យម។ ប្រជានុរាស្ត្រមានសេចក្តីសុខខ្លះ ទុក្ខខ្លះស្មើគ្នា។
ទំនាយការធ្វើស្រែ ៖
ទំនាយកេណ្ឌការធ្វើស្រែមានសេស(៤) ទំនាយថា ស្រែដីទំនាបនិងស្រែដីទួលគ្រប់ទីកន្លែង បានផលល្អដូចគ្នាទាំង២យ៉ាង។
កេណ្ឌព្រឹក្សា ៖
ឆ្នាំនេះត្រូវចំសេស(៣) ត្រូវត្រង់ដើមកកោះជាស្ដេច មានទំនាយថា មនុស្សផងទាំងឡាយ និងមានកលិយុគ។
កេណ្ឌព្រះអាទិត្យ ៖
ឆ្នាំនេះយានជំនិះរបស់ព្រះអាទិត្យ គឺសត្វដំរី ទំនាយថា ភ្លើងកាចសាហាវស្រុកនាមនាគ ធ្វើយុទ្ធសង្គ្រាមនឹងស្រុកនាមគ្រុឌ និងនាមកណ្ដុរ។
ទំនាយតាមថ្ងៃសង្ក្រាន្ត ទំនាយថ្ងៃមហាសង្ក្រាន្ត ៖
ថ្ងៃចូលឆ្នាំ - ត្រូវនឹងថ្ងៃពុធ ទំនាយថា ឆ្នាំនោះព្រះមហាក្សត្រនឹងបានភស្តុភារបណ្ណាការមកអំពីប្រទេសផ្សេងៗ ប៉ុន្តែនឹងចាញ់កូនខ្ចីកូនតូច ។ មនុស្សនឹងស្លាប់ព្រោះជំងឺច្រើន ឱ្យក្រែងសត្វពាហនៈ គោ ក្របី និងបាវបម្រើ។
ទំនាយថ្ងៃវ័នបត - ថ្ងៃកណ្តាលត្រូវ នឹងថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ទំនាយថា ឆ្នាំនោះកូនឈើនឹងថ្លៃ ម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែកស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយនឹងវិនាសអន្តរាយ ទៅដោយប្រការផ្សេងៗ រាជត្រកូលទាំងឡាយ នឹងក្តៅក្រហាយចិត្តច្រើនជាអនេក តែឯស្ត្រីមេម៉ាយនឹងមានលាភ។
ទំនាយថ្ងៃឡើងស័ក - ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា ឆ្នាំនោះពពួកទាហាន ក្លាហានទាំងឡាយ ប្រកបដោយសេចក្តីសុខនិងមានវិជ្ជាការផ្សេងៗ ទោះបីធ្វើយុទ្ធសង្គ្រាមនឹងបច្ចាមិត្រគ្រប់ទិសទី នឹងមានជ័យជម្នះគ្រប់ពេលវេលា ។ ទឹកធំ តែមានកើតចោរខ្មួយច្រើន។
ការកំណត់ប្រតិទិនឆ្នាំនេះ ជាឆ្នាំប្រក្រតីមាស អធិកវារៈ អធិកសុទិន ។ ខែចន្ទគតិចំនួន១២ខែ ថ្ងៃក្នុងឆ្នាំចន្ទគតិ មានចំនួន៣៥៥ថ្ងៃ ដោយខែជេស្ឋមានចំនួន៣០ថ្ងៃ លើសពីខែធម្មតាមួយថ្ងៃ ដែលជាទូទៅខែជេស្ឋមានតែ២៩ថ្ងៃប៉ុណ្ណោះ ។ ថ្ងៃក្នុងឆ្នាំសុរិយគតិមានចំនួន៣៦៦ថ្ងៃ ។ ខែកុម្ភៈ ក្នុងឆ្នាំ២០១៦ មានចំនួន២៩ថ្ងៃ។
ចូលវស្សានៅថ្ងៃពុធ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ្រិស្តសករាជ ២០១៦ ជាវារៈចូឡាធិក បានឫក្ស២១ តិថី១៥ ជាកាលវស្សានរដូវត្រូវតាមគន្លងប្រពៃណីពីបុរាណ ដែលមានព្រះអាទិត្យព្រះចន្ទចរជាប្រធានត្រឹមត្រូវតាមចក្ររាសីឱ្យបានដឹងកំណត់ទ្វាទសមាស ទើបធ្វើការសារពើបានចម្រើននូវសិរីសួស្តី ជ័យមង្គលបរិបូណ៌ហោង៕