បុណ្យ«ដាលាន»៖ ប្រពៃណី​ដើម្បី​អបអរ​«ភោគផល» នៅ​ជនបទ​ខ្មែរ

«ភូមិទួលធ្នង់» ជាភូមិមួយក៏ដូចជាភូមិដទៃទៀត តែងតែប្រារពពិធី«បុណ្យដាលាន»ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ក្រោយពីអ្នកភូមិ បានប្រមូលផលស្រូវរួចរាល់។ ភូមិនេះស្ថិតនៅក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយជាងសាមសិបគីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខបី រហូតដល់ផ្សារព្រៃទទឹង ទើបបត់ស្តាំតាមផ្លូវលំចាក់កៅស៊ូ មួយខ្សែរ។ ធ្វើដំណើរប្រមាណជាប្រាំមួយគីឡូម៉ែត ឆ្លងកាត់ភូមិចំនូនប្រាំមួយភូមិ ទើបទៅដល់ភូមិនេះ (ភូមិទួលធ្នង់) ដែលជាភូមិទីប្រាំពីរ ស្តិតនៅខាងស្តាំដៃរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាប្រពៃណីមួយ ដែលត្រូវបានបណ្ដាជនអ្នកស្រុកស្រែចំការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬ​ខែមិនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭក​គុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវ។ នេះជាការអះអាង របស់មេភូមិមួយរូប ក្នុងខេត្តកំពង់ស្ពឺ ខណៈសមាជិកអ្នកភូមិរបស់លោក កំពុងប្រារព្ធបុណ្យប្រចាំឆ្នាំមួយ មានឈ្មោះថា​«បុណ្យដាលាន»។ អ្នក​សារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានចុះទៅដល់ទីនោះ ដើម្បីធ្វើបទយកការណ៍នេះ មក​ជូន​លោកអ្នក។


ពំនូកចំបើងត្រូវបានគរទុក នៅក្រោយពេលបោកបែនរួច។ MONOROOM.info photo/ O. Vary។

«ភូមិទួលធ្នង់» ជាភូមិមួយក៏ដូចជាភូមិដទៃទៀត តែងតែប្រារពពិធី«បុណ្យដាលាន»ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ក្រោយពីអ្នកភូមិ បានប្រមូលផលស្រូវរួចរាល់។ ភូមិនេះស្ថិតនៅក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយជាងសាមសិបគីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខបី រហូតដល់ផ្សារព្រៃទទឹង ទើប​បត់ស្តាំតាមផ្លូវលំចាក់កៅស៊ូមួយខ្សែរ ប្រមាណជាប្រាំមួយគីឡូម៉ែត ដោយឆ្លងកាត់ភូមិចំនូនប្រាំមួយភូមិទៀត គេនឹង​ទៅ​ដល់ភូមិនេះ (ភូមិទួលធ្នង់) ដែលជាភូមិទីប្រាំពីរ ស្តិតនៅខាងស្តាំដៃរ។

ក្នុងអំឡុងជុំវិញថ្ងៃទី០៩-១០ខែមីនា ក្រៅពីភូមិនេះ ក៏នៅមានភូមិផ្សេងៗទៀតដែរ ដែលបានប្រារពពីធី«បុណ្យដាលាន»​ដូចគ្នា។ ប្រជាពលរដ្ឋក្នុងភូមិទាំងមូល បានស្រុះស្រួលគ្នា រៀបចំពិធី«បុណ្យដាលាន» ដើម្បីបង្កើតនូវភាព​សប្បាយ​រីករាយ ការជួបជុំ ជាពិសេស ការបង្ហាញនូវ«ផលស្រូវ»​ ដែលពួកគាត់ទទួលបានក្នុងឆ្នាំនេះ។

លោកពូ កេត សំអុល មេភូមិទូលធ្នង់ បានប្រាប់ថា ពិធី«បុណ្យដាលាន» នេះធ្វើឡើងតាមប្រពៃណីជារៀងរាល់ឆ្នាំ ក្នុង​អំឡុងខែមករា កុម្ភៈ ឬខែមិនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ ដែលជាកត្តាសំខាន់​ដល់​ការបង្កបង្កើនស្រូវ។ លោកមេភូមិបន្តថា ពីធីបុណ្យនេះក៏មាននិមន្តព្រះសង្ឃសូត្រមន្តដើម្បី សុំសិរីសួស្ដីជូនដល់​ពលរដ្ឋ ក៏ដូចជាសុំឲ្យការបង្កបង្កើនស្រូវ ឲ្យបានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រឆ្លងដែរ។ បើតាមលោកមេភូមិ ពិធីបុណ្យ​ដាលាន នឹងអាចធ្វើការទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ងៀវទេសចរណ៍អន្តរជាតិ ដើម្បីចូលរួម ជាកាសិក្សាស្វែងយល់ និងជាការកំសាន្តជាមិនខានឡើយ។

ប្រពៃណីនៅក្នុងដួងព្រលឹងនៃប្រជាជនខ្មែរ បើទោះមានទំនើបកម្មខ្លះៗ

ចាស់ព្រឹទ្ធាចារ្យម្នាក់រស់នៅក្នុងភូមិនោះ លោកតា មាជ អាង ចំណាស់៧១ឆ្នាំ បានលើកឡើងថា បុណ្យដាលាន ក្នុងភូមិ​នាសម័យបច្ចុប្បន្ន ខុសប្លែកបន្តិចត្រង់«ការកំសាន្ត»។ ពីមុនគេលេងល្ខោន ឬចាប៉ីឆ្លងឆ្លើយ ទៅតាមចំណង់​ចំណូល​ចិត្ត និងសទ្ធារបស់អ្នកភូមិ។ ឯបច្ចុប្បន្ននេះ គេចូលចិត្ត«ជួលធុងបាស់» ឬ«វង់ភ្លេងសម័យ» ដើម្បីរាំកម្សាន្តជាជំនួសវិញ។ លោកបន្តថា ចំពោះការរៀបចំបុណ្យនេះ ធ្វើឡើងជាលក្ខណៈគ្រួសារនីមួយៗ ដោយមានការធ្វើនំបញ្ចុកសម្លគ្រឿងខ្មែរ ឬសម្លការី និងម្ហូបជាច្រើនទៀត ទៅតាមចំណងចំណូលចិត្តរបស់ពួកគេ និងប្រមូលផ្តុំនូវទៃទានទាំងឡាយនោះ នៅ​ក្នុង​«សាលាបុណ្យ»មួយនាកណ្តាលភូមិ ដើម្បីវេប្រគេនព្រះសង្ឃ។ ជាមួយគ្នានោះដែរ ក៏សម្រាប់ទទួលសាច់ញាតិបងប្អូន និងមិត្តភ័ក្រ ដែលបានចូលរួមក្នុងភូមិ និងមកពីទីជិត ទីឆ្ងាយជាដើម។

លោកយាយអាយុ ៧០ឆ្នាំម្នាក់ឈ្មោះ យឺន  ដែលកំពុងតែធ្វើដំណើរយ៉ាងប្រញ៉ាប់ប្រញ៉ាល ទៅសាលាបុណ្យក្នុងភូមិ ដោយមានទូលនំបញ្វុក និងយូរសម្លរប្រហើរនៅដៃផងនោះ បានឆ្លើយទៅនឹងការសាកសួររបស់ទស្សនាវដ្តីថា ក្រោយ​ពីប្រមូលផលស្រូវដាក់ក្នុងជង្រុករួចរាល់ អ្នកភូមិ ចាប់ផ្តើមគិតគូរធ្វើបុណ្យដាលាននេះហើយ។ រីឯបងស្រី យឹម សាន ដែលកំពុងតែរួមដំណើរជាមួយគ្នានោះ ក៏ជ្រលក់សម្ដីជាមួយដែរថា ពីធីនេះគេធ្វើជារៀងរាល់ឆ្នាំ ហើយការធ្វើពីធីនេះ ទីមួយដើម្បីកំសាន្តសប្បាយ ក្រោយពីការនឿយហត់ ទីពីបង្ហាញគ្នាទៅវិញទៅមក ពីផលស្រូវដែលទទួលបាន ទីបី​ការ​ជួបជុំបងប្អូនជិតឆ្ងាយដែលបានមកចូលរួម។ បងស្រីបន្ថែមថា ពិធីនេះចាប់ផ្តើមពីម៉ោងមួយរសៀលថ្ងៃទីមួយ ដោយ​មានសូត្រមន្ត និងសម្តែងធម៌ទេសនា ពេលយប់រាំកម្សាន្ត។ ពេលព្រឹកថ្ងៃទីពីររាប់បាត ដាឆ្លង និងថ្ងៃត្រង់អ្នកភូមិ​យក​ផលស្រូវតាមសទ្ធា ទៅចាក់ជា «ធា» នៅសាលាបុណ្យ ហើយស្រូវនោះត្រូវប្រមូល ទៅដាក់នៅតាមវត្តដែលខ្វះខាត។


ម្ហូបចំណីត្រៀមបំរុង របស់ក្រុមអ្នកភូមិ សម្រាប់ពិធីបុណ្យ។ MONOROOM.info photo/ O. Vary។

យុវជនពីរនាក់ឈ្មោះ គាន់ និងរត្ន័ មានខ្សែស្រឡាយចិន បាននិយាយស្រដៀងគ្នាថា ឲ្យតែដល់ពេលបុណ្យទានម្តងៗ ក្រៅពីចូលឆ្នាំ មានតែបុណ្យដាលាននេះទេ ដែលធ្វើឲ្យប្អូនមានសប្យាយ រីករាយ និងបានជួបជុំបងប្អូន មិត្តភក្រ័។ ឯ​យុវជន ហៀង ធ្វើការនៅភ្នំពេញ មកពីខេត្តព្រៃវែងបាននិយាយថា «ខ្ញុំសប្បាយ មានអ្នកចូលរួមច្រើន ចង់មករាំលេង និងស្គាល់ពីភូមិគេផង»។ ចំណែកកញ្ញា កាន និង លក្ខ័ណ ទាំងពីរនាក់មកពីខេត្តបាត់ដំបង ធ្វើការនៅរោងចក្រមួយ​ជាយក្រុងភ្នំពេញ ហើយបានស្នាក់នៅក្នុងភូមិនេះ។ ប្អូនស្រីនិយាយថា បានចូលរួមក្នុងពិធីនេះសប្បាយ ហើយប្លែក ព្រោះនៅឯខេត្តរបស់ប្អូន មិនដែលឃើញគេរៀបចំពិធីនេះទេ មកទល់នឹងប្អូនអាយុជាងម្ភៃឆ្មាំទៅហើយនោះ។

ទាន«ប្រាំបួនដង»របស់ ចុល្លកាឡ ក្នុងរដូវធ្វើស្រែ

ព្រះតេជគុណ អ៊ិន គឹមសុង និមន្តមកពីវត្តទួលត្រាច ស្ថិតនៅក្នុងភូមិជាប់គ្នានេះ បានមានសង្ឃដីកាប្រហែលគ្នា នឹងក្រុម​អ្នកភូមិដែរ។ ព្រះអង្គបន្ថែមថា ពីធីនេះមានកំណើត តាំងពីសម័យពុទ្ធកាលមួយព្រះអង្គ ព្រះនាម«វិបស្សី»មកម្លេះ។

ដំណើររឿងនៃពិធីបុណ្យ«ដាលាន»នេះ លោកតា ស៊ូ ចែម ជាគណៈកម្មការវត្តទួលត្រាច បានលំអិតដំណាល តាមប្រជុំ​រឿងព្រេងជាតកថា កាលពីព្រេងនាយ មានបងប្អូនពីរនាក់ជាកសិករ បងឈ្មោះមហាកាឡ និងប្អូនឈ្មោះ ចុល្លកាឡ។ ថ្ងៃមួយប្អូន បានបេះស្រូវសាលីកំពុងតែចេញផ្លែ មកទំពារហើយមានរសជាតិឆ្ងាញ់ ក៏កើតមានសទ្ធាក្នុងព្រះពុទ្ធសាសនា បានបបួលបងធ្វើទានចំពោះព្រះសង្ឃ ដែលមានព្រះពុទ្ធជាប្រធាន។

លោកតាបន្តថា ទោះបីជាមានការអង្វរករពីប្អូនយ៉ាងណាក៏ដោយ បងនៅតែមិនព្រមព្រោះស្រូវ«ជិតចេញផ្លែ»ទៅហើយ។ ចុងក្រោយបងក៏បង្ខំចិត្តចែកស្រែនោះជាពីចំណែក ឯចំណែកប្អូនយកទៅធ្វើអីក៏ធ្វើទៅ។ ប្អូនសប្បាយចិត្តណាស់​ ដោយ​និយាយថា ស្រួលហើយខ្ញុំនឹងបានធ្វើទាន កុំឲ្យ«ស្រូវចេញផ្លែទាន់»។

ប្អូនបានបបួលមិត្តភក្រ័ជាច្រើន ទៅ«ហែកបង្ហើបស្រូវ» យកមកកិនចម្អិន លាយទឹកដោះស្រស់ ផ្សំជាមួយទឹកឃ្មុំ ស្ករ​ក្រាម យកទៅថ្វាយភិក្ខុសង្ឃ ដែលមានព្រះពុទ្ធជាប្រធាន ហើយប្រាថ្នាថា «ខ្ញុំសូមឲ្យបានត្រាស់ដឹង នូវធម៌ប្រសើរមុនគេ ក្នុង​អនាគតកុំខាន» ព្រោះជាទានប្រសើរ ដែលកើតពីស្រូវដំបូងបំផុត។ ក្រោយពីក្រាបបង្គំលា ប្អូនបានត្រឡប់​ទៅមើល​ស្រូវ​វិញ ក៏ឃើញចេញផ្លែរដូចគេចងកណ្តឹង ហើយបានសម្រេចចិត្តធ្វើទានក្នុងរដូវធ្វើស្រែ ឲ្យបានប្រាំបួនដង​ក្នុងមួយ​រដូវ។

ដល់ពេលស្រូវល្មមធ្វើអំបុក ប្អូនធ្វើទានជាលើកទីពីរ ពេលច្រូតធ្វើទានជាលើកទីបី ពេលហាលដៃធ្វើទានជាលើកទីបួន ពេលចងកណ្តាប់ធ្វើទានជាលើកទីប្រាំ ជញ្ជូនកណ្តាប់ដាល់លាន ធ្វើទានជាលើកទីប្រាំមួយ ពេលបោកបែន ធ្វើទាន​ជា​លើកទីប្រាំពីរ រោយស្រូវចាក់ធាធ្វើទានជាលើកទីប្រាំបី និងដឹកស្រូវចាក់ជង្រុកធ្វើទានជាលើកទីប្រាំបួន។ ចុល្លកាឡ បានធ្វើភត្តទានប្រាំបួនដង ហើយស្រូវឥតមានខូចឡើយ។

លោកតាបានបញ្ជាក់ថាមកដល់បច្ចុប្បន្ននេះ នៅសល់តែពីរទេដែលគេតែងតែប្រារព្វ មួយពិធី«បុណ្យអកអំបុក»​ជាពិធិ​ទីពីរ និងពីធី«បុណ្យដាលាន» ជាពីធីទីប្រាំបួននេះឯងរបស់ ចុល្លកាឡ ក្នុងចំណោមប្រាំបួនពិធី៕

-------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...