អេហ្វអេខាប់ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងត្រូវជួបជាមួយក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់អេហ្វអេខាប់ (FA Cup) បើសិនជាពួកគេអាចយកឈ្នះ ក្រុមតោខៀវ ឆែលស៊ី (Chelsea) នៅជើងទី២។
ពានរង្វាន់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ។
យូណៃធីត បាននាំមុខ ២-០ ទៅលើក្រុមឆែលស៊ីក្នុងតង់ទី១ នៃវគ្គ១ភាគ៨ផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអាទិត្យ។ ប៉ុន្តែពួកគេត្រូវធ្វើការប្រកួតជើងទី២ ក្នុងកីឡាដ្ឋាន ស្ទែមហ្វដ ប្រិជ្ជ (Stamford Bridge) ជាថ្មីម្តងទៀត បន្ទាប់ពីឆែលស៊ី តាមបានស្មើនៅពាក់កណ្ដាលម៉ោងទី២ ដោយបញ្ចប់លទ្ធផល ២-២។
ក្រុមដែលលេងក្នុងក្របខ័ណ្ឌ ឆែមពានស្ស៊ីប (Championship) ម៉ីលវ៉ល (Millwall) និងប្លែកបឺន (Blackburn) ក៏ត្រូវប្រកួតគ្នាម្តងទៀតដែរ បន្ទាប់ពីប្រកួតពេញ៩០នាទី គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ អ្នកឈ្នះនឹងត្រូវទៅជួបជាមួយនឹងក្រុម វីកែន អាស្លេទិក (Wigan Athletic)។
ក្រុមដែលកំពុងតែស្ថិតនៅក្នុងតំបន់កាត់ចោល វីកែន បានឆ្លងមកដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនេះ ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីបំបាក់ក្រុមទូកក្តោង អេវើតុន (Everton) ដោយលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៏។ ខណះដែលក្រុម ម៉ែនស៊ីធី បានមកដល់វគ្គនេះជាលើកទី២ ក្នុងរយះពេល៣ឆ្នាំ បន្ទាប់ពីយកឈ្នះយ៉ាងខ្លាំងក្លាទៅលើក្រុម បានស្លេ (Barnsley) ដោយលទ្ធផល ៥-០។
លោកម្ចាស់ក្លឹបវីកែន ដេវ វេឡែន (Dave Whelan) មានការរីករាយយ៉ាងខ្លាំងចំពោះ ការចាប់ឆ្នោតនេះ ដែលក្រុមរបស់លោកអាចនឹងជួបជាមួយក្រុមប្លែកបឺន ហើយគាត់បានប្រាប់ថា នេះជាក្តីសុបិន្តរបស់គាត់។
លោកបានប្រាប់ដល់អ្នកយកពត៌មានស្កាយស្ពត (Sky Sports) ថា «អ្វីៗដែលក្រុមប្លែកបឺន ត្រូវធ្វើនៅពេលនេះ គឺធ្វើយ៉ាងណាឲ្យអាចឡើងទៅវគ្គបន្តទៀត ហើយឲ្យដូចក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៏ថា ខ្ញុំមិនទាន់បានដោះស្រាយរឿងមួយចំនួន រួចរាល់នៅឡើយទេ ក្នុងកីឡាដ្ឋាន វ៊ែមប្លី (Wembley)។»
យូណៃធីត និងឆែលស៊ី បានជួបគ្នាក្នុងការប្រកួតអេហ្វអេខាប់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ម្តងរួចមកហើយ កាលពីឆ្នាំ២០១១។ ខណះដែលក្រុម ម៉ែនស៊ីធី និងក្រុមឆែលស៊ី មិនដែលជួបគ្នាសោះ ក្នុងវគ្គនេះ ចាប់តាំងពីឆ្នាំ១៩៧១ នៅពេលនោះក្រុមម៉ែនស៊ីធី យកឈ្នះ ៣-០ ទៅលើក្រុមនៅទីក្រុងឡុងមួយនេះ។
គ្រូបង្វឹកក្រុមឆែលស៊ី លោក រ៉ាហ្វា បិនីតេស (Rafa Benitez) បាននិយាយបន្ទាប់ពីការប្រកួតចប់ថា «យើងត្រូវតែគិតដល់ការប្រកួតនៅជើងទី២សិន ហើយបន្ទាប់មកទើបគិតពីក្រុមម៉ែនស៊ីធី។ វាប្រាកដជាការប្រកួតមួយដ៏តានតឹង និងលំបាក ពីព្រោះយូណៃធីត គឺជាក្រុមខ្លាំង។»
តារាងប្រកួតអេហ្វអេខាប់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- ម៉ីលវ៉ល ឬ ប្លែកបឺនរ៉ូវើ ប្រកួតជាមួយ វីកែន អាស្លេទិក
- ម៉ែនឆេស្ទើ យូណៃធីត ឬ ឆែលស៊ី ប្រកួតជាមួយ ម៉ែនឆេស្ទើ ស៊ីធី។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ១៣/១៤ ខែមេសា នៅឯកីឡាដ្ឋានវ៊ែមប្លី៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ