ព្រីមែលីក៖ មើលអ្នកជំនាញព្យាករណ៏ក្រុមខ្លាំងៗ នៅរដូវកាលថ្មី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចង់ដឹងថាអ្នកជំនាញ ខាងកីឡាបាល់ទាត់ឆ្នើមៗ ប្រចាំនៅស្ថានីយទូរទស្សន៏ ឬកាសែតធំៗ នៅប្រទេសអង់គ្លេស ធ្វើការព្យាករណ៏ពីក្រុមខ្លាំងៗ នៅក្នុងក្របខ័ណ្ឌព្រីមែលីក រដូវកាលថ្មីនេះយ៉ាងណាខ្លះនោះ សូមមើលនូវទស្សនៈរបស់គាត់ទាំងអស់ ខាងក្រោមដូចតទៅ៖
លោក សឺ អាឡិច ហ្វឺគើសិន អតីតគ្រូបង្វឹករបស់ក្រុមមែនឆេស្ទើ យូណាយធីត នៅពេលលើកពានព្រីមែលីក ឆ្នាំ២០១២។
១. ជេមី ខារ៉ាហ្គឺ (Jamie Carragher)
អតីតកីឡាករខ្សែការពារឆ្នើមរបស់ក្រុម លីវើភូល (Liverpool) ដែលទើបតែប្រកាសចូលនិវត្តន៏កាលពីរដូវកាលមុន និងក្លាយខ្លួនជាអ្នកវិភាគកីឡាបាល់ទាត់នោះ បានព្យាករណ៏ថា៖ ក្រុមតោខៀវឆែលស៊ី (Chelsea) នឹងក្លាយជាម្ចាស់ជើងឯក ខណៈដែលក្រុមកំពូលៗទាំង៤ នឹងមានក្រុម៖ ១. ឆែលស៊ី, ២. ម៉ែនស៊ីធី (Manchester City), ៣. ម៉ែនញូ (Manchester United), ៤. អាសឺណល (Arsenal)។
ចំពោះអតីតក្រុមរបស់គាត់ លីវើភូលវិញ គាត់បាននិយាយថា ដំណែងកំពូលទាំង៤អាចនឹង ពិបាកប្រជែងជាមួយក្រុមគេណាស់ លុះត្រាតែក្លិបអាចទិញចូលខ្សែបម្រើឆ្នើម១ ឬ២រូបទៀត ទើបអាចប្រជែងជាមួយគេបាន។
២. ម៉ាទីន ឃេអូន (Martin Keown)
អតីតខ្សែការពារក្រុមកាំភ្លើងធំ អាសឺណល វ័យ៤៧ឆ្នាំរូបនេះ ក៏បានព្យាករណ៏ថា ក្រុមឆែលស៊ី នឹងក្លាយជាម្ចាស់ជើងឯកដែរ បន្ទាប់ពីការវិលត្រឡប់របស់លោកគ្រូបង្វឹក ជូសេ ម៉ូរីញ៉ូ (Jose Mourinho)។ រីឯចំណាត់ថ្នាក់កំពូលទាំង៤ គាត់ក៏ព្យាករណ៏ដូចនឹងលោកជេមី ខារ៉ាហ្គឺដែរ ដែលបានទៅលើក្រុម៖ ១. ឆែលស៊ី, ២. ម៉ែនស៊ីធី, ៣. ម៉ែនញូ, ៤. អាសឺណល។
៣. ដូមីណិក ឃីង (Dominic King)
អ្នកវិភាគបាល់ទាត់ជើងចាស់ ប្រចាំនៅកាសែត ដៀលីម៉ែល (Daily Mail) បានធ្វើការព្យាករណ៏មួយបែបផ្សេងទៀតថា ក្រុមមេឃខៀវ ម៉ែនស៊ីធី នឹងក្លាយជាក្រុមម្ចាស់ជើងឯកនៅរដូវកាលថ្មីនេះ ដោយសារតែការទិញចូលកីឡាករបានល្អៗ នៅរដូវក្តៅនេះ ហើយមានគ្រូបង្វឹកថ្មី ដែលពោរពេញទៅដោយបទពិសោធន៏ថែមទៀត។ រីឯក្រុមដែលបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៤ លោកបានព្យាករណ៏ថា៖ ១. ម៉ែនស៊ីធី, ២. ឆែលស៊ី, ៣. ម៉ែនញូ, ៤. ទតិនហេម (Tottenham)។
៤. អាឡិច ឃេ (Alex Kay)
អ្នកនិពន្ធ និងជាអ្នកវិភាគកីឡាបាល់ទាត់នៅកាសែត ដៀលីម៉ែលម្នាក់ដែរ ក៏បានព្យាករណ៏ថា ក្រុមមែនស៊ីធី នឹងក្លាយជាម្ចាស់ជើងឯកព្រីមែលីកដែរ ដោយសារតែក្រុមមានកីឡាករល្អៗ ស្រាប់កាលពីរដូវកាលមុន ហើយបានបន្ថែមកីឡាករកំពូលៗបន្ថែមទៀត នៅរដូវកាលថ្មីនេះ។ រីឯក្រុមដែលទទួលបានដំណែងកំពូលទាំង៤ លោកព្យាករណ៏ថា៖ ១. ម៉ែនស៊ីធី, ២. ឆែលស៊ី, ៣. ម៉ែនញូ, ៤. អាសឺណល។
៥. ស៊ីម៉ុន ខាស (Simon Cass)
អ្នកជំនាញខាងនិពន្ធអត្ថបទ និងវិភាគបាល់ទាត់នៅកាសែត ដៀលីម៉ែលរូបនេះ បានព្យាករណ៏ខុសពីគេស្រឡះ ដោយគាត់មានជំនឿថា ក្រុមបីសាចក្រហម ម៉ែនញូ នឹងនៅតែជាម្ចាស់ជើងឯកដដែល ព្រោះតែពួកគេនៅរក្សាទម្រង់ល្អទាំងអស់ដដែល ដូចកាលពីរដូវកាលមុន ខណៈដែលគ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ក៏ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ដែរ។ រីឯចំណាត់ថ្នាក់កំពូលទាំង៤ លោកបានព្យាករណ៏ថា៖ ១. ម៉ែនញូ, ២. ឆែលស៊ី, ៣. ម៉ែនស៊ីធី, ៤. ទតិនហេម។
គួររំឮកថា បាល់ទាត់កំពូលរបស់អង់គ្លេស ព្រីមែលីកនឹងបើកឆាកការប្រកួតរដូវកាលថ្មី នៅរាត្រីថ្ងៃសៅរ៏នេះហើយ ដោយក្រុមហង្សក្រហម លីវើភូល នឹងបើកទ្វារកីឡាដ្ឋានមុនគេ ដើម្បីស្វាគមន៏ក្រុមភ្ញៀវ ស្តូកស៊ីធី (Stoke City) នៅវេលាម៉ោង ០៦៖៤៥នាទីយប់ (កម្ពុជា)។ ចុះចំណែកប្រិយមិត្តវិញគិតថា តើក្រុមណានឹងលើកពាននៅរដូវកាលថ្មីនេះ?
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ