សម្ភាសយ៉ង់ គឹមអេង៖ សារជាតិនៃយន្តការដោះស្រាយបណ្តឹងទាក់ទងនឹងការបោះឆ្នោត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ នៅពេលដែលគណបក្សនយោបាយណាមួយ មិនពេញចិត្តចំពោះការរៀបចំ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សនោះអាចស្វែងរកដំណោះស្រាយ តាមរយៈការប្តឹងទៅគ.ជ.ប ផ្ទាល់ជាជំហានទីមួយ និងជាចុងក្រោយប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយសម្រេចបិទផ្លូវតវ៉ា។ តើយន្ដការទាំងពីរនេះ អាចដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃ ដែលដូចជាបានជាប់គាំងទៅហើយនេះបានឬទេ? មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយមន្ត្រីអ្នកច្បាប់មួយរូប ពីខាងសង្គមស៊ីវិល ដើម្បីស្វែងរកចម្លើយទាក់ទងនឹងបញ្ហាខាងលើ។
រូបគំនូរកំប្លែងរបស់អង្គការខមហ្វ្រែល។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានចោទ គ.ជ.ប ថាមិនទាន់អនុវត្ត ឬបំពេញតួនាទីរបស់ខ្លូនប្រកបដោយសុចរិតភាព និងយុត្តិធម៌ត្រឹមត្រូវនោះនៅឡើយ។ ការចោទប្រកាន់ទាំងនេះ ត្រូវបានអះអាងដែរ ដោយអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការក្នុងការបោះឆ្នោតនេះ។
ជាពិសេស ពាក្យបណ្ដឹង ឬការស្នើសុំផ្សេងៗរបស់គណបក្សប្រឆាំង ក្នុងការដោះស្រាយ ឬបកស្រាយបញ្ហាជាច្រើននៅក្នុងការបោះឆ្នោត ភាគច្រើនតែងតែត្រូវបាន បដិសេធចោលដោយគ.ជ.ប។ យ៉ាងណាម៉ិញ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏មិនសូវខុសប៉ុន្មានពីគ.ជ.ប ដែរ ដោយអ្នកវិភាគឯករាជ្យ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានវាយតម្លៃស្ថាប័នកំពូលនេះ ថាតែងតែឆ្លើយស្របទៅនឹងអ្វី ដែលគ.ជ.ប ចង់បានតែប៉ុណ្ណោះ។ តើការបដិសេធនេះឈរលើជំហរបែបណា មានអ្វីជាសំអាង និងមានកំណត់ក្នុងច្បាប់ឬទេ?
នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានបកស្រាយពន្យល់ជុំវិញបញ្ហាទាំងនេះ តាមរយៈកិច្ចសម្ភាសខាងក្រោម។
ដំណាក់កាលដោះស្រាយពាក្យបណ្តឹងនៅគ.ជ.ប
លោក យ៉ង់ គឹមអេង បានបង្ហាញថា រាល់ការដោះស្រាយនូវបញ្ហាទាំងអស់ ជាការអនុវត្តន៍ទៅតាម«បទបញ្ជារ និងនីតិវីធីដែលចេញដោយគ.ជ.ប មិនមែនជាច្បាប់នោះទេ»។ លោកបានលើកឡើងថា អង្គការសង្គមស៊ីវិលមួយចំនួន ក៏ធ្លាប់បានលើកមកលាតត្រដាងពីបញ្ហានានា ក្នុងបទបញ្ជា និងនីតិវីធីទាំងនោះ ដែលចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ តែមិនត្រូវបានទទួលការយកចិត្តទុកដាក់ពីគ.ជ.បនោះទេ។
ផ្ទុយទៅវិញ បញ្ហាទាំងនេះ តែងតែកើតមានជាបន្តរបន្ទាប់ ហើយបានរីកធំឡើងរហូតមកទល់សព្វថ្ងៃ។ លោកបន្តរថា ដើម្បីបញ្ហាដោះស្រាយទាំងនេះ វាមិនមានអ្វីពិបាកនោះទេ ព្រោះគ្រាន់តែជាបញ្ជា និងនីតិវីធី (វា)មិនមែនជាច្បាប់ទេ។ ដូច្នេះ គ.ជ.ប អាចធ្វើការប្រែប្រួលបាន បើសិនជាមានឆន្ទៈ ចង់ដោះស្រាយចំពោះមុខនូវស្ថានភាពមួយដែលតឹងតែងនោះ។
លោកបន្តរថាធ្វើយ៉ាងណាគ.ជ.ប ត្រូវតែបង្ហាញនូវភាពអព្យាក្រិត្យ និងតម្លាភាព តាមរយៈការដោះស្រាយ ទៅតាមលើអ្វីដែលជាការស្នើសុំរបស់ភាគីពាក់ព័ន្ធ ក្នុងនាមខ្លួនជាអាជ្ញាកណ្តាល ដើម្បីបង្ហាញនូវភាពជឿជាក់ និងការទុកចិត្តទៅដល់គណបក្សនយោបាយ ក៏ដូចជារាស្ត្រម្ចាស់ឆ្នោត។ លោកបន្ថែមថា រាល់ការដោះស្រាយ ការផ្ទៀងផ្ទាត់គ្រប់ឯកសារទាំងអស់នៅតំណាក់កាលនេះ ទាំងបទបញ្ជា និងនីតិវិធី មិនបានហាមឃាត់ក្នុងការបង្ហាញនូវឯកសារដើម ក្នុងការថ្លឹងថ្លែងពីភាពខុសនិងត្រូវនោះទេ។
លោកលើកជាឧទាហរណ៍ថា បើមានភាពចម្រូងចម្រាស់ ពាក់ព័ន្ធនិងការបើក កញ្ចប់សុវត្តិភាព«ក» គ.ជ.ប ត្រូវតែបង្ហាញ និងដាក់ឲ្យមើលជាសាធារណៈ ព្រោះនេះជាដំណោះស្រាយ តាមបទបញ្ជា និងនីតិវិធីដែលមានស្រាប់។ ព្រោះកញ្ចប់សុវត្ថិភាព«ក» (វា)ផ្ទុកទៅដោយ សំណៅឯកសារដើម រួមមានទំរង់ឯកសារ ១១០២ និង ១១០៤ ដែលមានចុះហត្ថលេខារបស់គណបក្សនយោបាយ និងអ្នកសង្កេតការណ៍។
លោក យ៉ង់ គឺមអេង បានថ្លែងជម្រុញយ៉ាងដូច្នេះថា «ដើម្បីបន្ថយនូវភាពតានតឹង យើងឲ្យបើកវាទៅ មិនមានអ្វីខុសច្បាប់ ហើយក៏មិនមានអ្វីពិបាកដែរ សុខចិត្តឲ្យមានភាពតានតឹងឬយ៉ាងណា? (…) ចំណុចសំខាន់អាស្រ័យលើទិកចិត្ត និងឆន្ទៈរបស់ គ.ជ.ប ដែលគាត់គិតថាគួរតែដោះស្រាយ ឬមិនដោះស្រាយ នេះជាកត្តាសំខាន់។»
ដំណាក់កាលដោះស្រាយពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ
ករណីនេះលោក យ៉ង់ គឹមអេង បានបញ្ជាក់ដោយខ្លីថា កន្លងមក«ក្រុមប្រឹក្សាធម្មនុញ្ញ មិនធ្លាប់បកស្រាយអ្វីឲ្យខុសពីគ.ជ.ប ទេ។ នេះជាមូលហេតុដែលនាំឲ្យអស់ជំនឿ ការជឿរជាក់ ហើយក៏បានបាត់បង់នូវក្តីសង្ឃឹម ពីប្រជាពលរដ្ឋ ឬម្ចាស់បណ្តឹង លើស្ថាប័នកំពូលមួយនេះ»។
ឯការដោះស្រាយពាក់ព័ន្ធ និងពាក្យបណ្តឹងនានានោះលោកបង្ហាញថា ក្រុមប្រឹក្សាធម្មនុញ្ញមិនមើលលើឯកសារអ្វីនោះទេ ការងារសំខាន់តបស់គាត់ មើលពីធម្មនុញ្ញភាពនៃការអនុវត្តន៍ច្បាប់ របស់ស្ថាប័ននោះតែប៉ុណ្ណោះ។ ម្យ៉ាងទៀតរាល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា ដូច្នេះទោះអ្នកនោះទទួលបានយុត្តិធម៌ ឬមិនទទួលបានក៏ដោយ គ្មានផ្លួវនឹងប្តឹងបន្តរទៀតនោះទេ ដាច់ខាតត្រូវតែទទួលយកតាម។
លោកបានបញ្ជាក់ថាតាមច្បាប់ «ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (…) រាល់បទប្បញ្ញត្តិក្នុងមាត្រាណា ដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាមិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឱ្យប្រើ ឬយកទៅអនុវត្តបានឡើយ។»
សមាសភាពរបស់ក្រុមប្រឹក្សាធម្ននុញ្ញ
លោក យ៉ង់ គឺមអេង បានបកស្រាយថា ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក ប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្ដងបីឆ្នាំម្ដង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀត ត្រូវតែងតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបន្ថែមថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជន ដែលមានសញ្ញាប័ត្រចាប់ពីឧត្ដមសិក្សាទៅ ខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយមានបទពិសោធន៍ច្រើនក្នុងការងារ។ ពួកគេមិនត្រូវធ្លាប់បម្រើមុខងារជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ប្រធាន ឬអនុប្រធានសហជីពណាមួយឡើយ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៧ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ