មរណភាព ហ្សាក់ វែរហ្សេស អតីត​មេធាវី​របស់​មេ​ខ្មែរ​ក្រហម និង​ខ្សែ​ជីវិត​របស់​គាត់

ជាមួយនឹងភាពល្បីល្បាញ ភាពក្លាហាន និងឯករាជ្យភាព របស់លោកដែលជាមេធាវីដ៏កំពូលមួយរូប លោកហ្សាក់ វែរហ្សេស (Jacques Vergès) បានលាចាកពីលោកនេះ នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១៥ខែសីហាឆ្នាំ២០១៣ នៅទីក្រុងប៉ារីស ក្នុងអាយុ៨៨ឆ្នាំ។ អ្នករួមអាជីបជាមួយលោក ជាច្រើននាក់បានរំលឹកពីអតីតមេធាវី ការពារក្ដីឲ្យមេដឹកនាំខ្មែរក្រហមរូបនេះ មានទាំងរឿងល្អ និងរឿងអាក្រក់ តែបានបន្សល់ទុកនូវរូបភាពដ៏សំខាន់មួយ សម្រាប់មេធាវីគ្រប់រូបក្នុងលោក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: August 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងភាពល្បីល្បាញ ភាពក្លាហាន និងឯករាជ្យភាព របស់លោកដែលជាមេធាវីដ៏កំពូលមួយរូប លោកហ្សាក់ វែរហ្សេស (Jacques Vergès) បានលាចាកពីលោកនេះ នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១៥ខែសីហាឆ្នាំ២០១៣ នៅទីក្រុងប៉ារីស ក្នុងអាយុ៨៨ឆ្នាំ។ អ្នករួមអាជីបជាមួយលោក ជាច្រើននាក់បានរំលឹកពីអតីតមេធាវី ការពារក្ដីឲ្យមេដឹកនាំខ្មែរក្រហមរូបនេះ មានទាំងរឿងល្អ និង​រឿងអាក្រក់ តែបានបន្សល់ទុកនូវរូបភាពដ៏សំខាន់មួយ សម្រាប់មេធាវីគ្រប់រូបក្នុងលោក។


លោកមេធាវី ហ្សាក់ វែរហ្សេស (ខាងស្ដាំ) ការពារក្ដីឲ្យជនជាប់ចោទ ខៀវ សំផន (កណ្ដាលខាងក្រោយ)។ (រូបថត សាលាក្ដី​វិសមញ្ញខ្មែរក្រហម)

ប្រភបស្និតនឹងសំនុំរឿង បាននិយាយថា លោក ហ្សាក់ វែរហ្សេស បានលាចាកលោក នៅក្នុងបន្ទប់មួយ នៃគេហដ្ឋាន​មិត្ត​ភ័ក្ររបស់លោក កណ្ដាលទីក្រុងប៉ារីស ហើយត្រូវបានបញ្ជាក់អះអាងមរណៈភាពនេះ ដោយ ក្រុមអ្នកជួយសង្គ្រោះ​នៅ​ម៉ោង៩និង២០នាទីយប់។ ជាការបាត់បង់មួយ ដែលមិត្តរួមអាជីបជាច្រើន បាននិយាយទាំងសោកស្ដាយថា លោកធ្លាប់​ជាមេធាវីដ៏អស្ចារ្យមួយរូប ក្លាហាន និងមានឯករាជ្យភាពពិតប្រាកដ។

ប៉ុន្តែ មរណភាពរបស់មេធាវីចំណាស់រូបនេះ បានកប់យកទៅជាមួយ នូវអាថ៌កំបាំងជាច្រើន ដែលលោកខ្លួនមិនដែល​បាន​ពន្យល់បកស្រាយឲ្យបានត្រឹមត្រូវ នៅពេលដែលលោកបានឡើង ទៅការពារក្ដីឲ្យមេដឹកនាំផ្ដាច់ការ ឬមេដឹកនាំ​ដែល​មាន​ឈ្មោះ ស្អុយអាសោធជាច្រើនក្នុងពិភលោក ក្នុងនោះមានទាំងមេដឹកនាំខ្មែរក្រហមប៉ុន្មាននាក់នោះផង នៅចំពោះតុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ ឬតុលាការពិសេសសម្រាប់កាត់ក្ដីមេដឹកនាំទាំងនេះ។

មិត្តរបស់ប៉ុលពត

លោក ហ្សាក់ វែរហ្សេស កើតនៅថ្ងៃទី៥ខែមិនាឆ្នាំ១៩២៥ ក្នុខេត្តអ៊ូប៊ុនប្រទេសថៃ ក្នុងពេលដែលឪពុករបស់លោក ជាមន្ត្រី​ទូតនៃប្រទេសបារាំងប្រចាំនៅប្រទេសថៃ។ លោកមានម្ដាយជាជនជាតិវៀតណាម និងមានបងប្រុសម្នាក់ទៀតឈ្មោះ ផូល (Paul) ដែលក្រោយមកក្លាយជាអ្នកនយោបាយដ៏លេចធ្លោម្នាក់ នៅកោះរ៉េអឿនីញ៉ុង (La Réunion) ដែលជាផ្នែកមួយ​នៃ​ទឹកដីប្រទេសបារាំង។

លោកបានឆ្លងកាត់ជីវិតកុមារភាពរបស់លោក នៅលើកោះ រ៉េអឿនីញ៉ុង និងបានបន្ដខ្សែជីវិតយុវភាព នៅពេលក្រោយ​មក​ទៀត ជាមួយនឹងប្រវត្តិសាស្ត្រ ដ៏គ្រោកគ្រាត។ នៅឆ្នាំ១៩៤២ ខណៈពេលមានការអំពាវនាវ ឲ្យមានការរើបម្រះ​នៃជនជាតិ​បារាំង ចេញពីនឹមត្រួតត្រាអាឡឺម៉ង់ យុវជនវែរហ្សេស ដែលទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះនោះ បានធ្វើដំណើរមក​កាន់​ទីក្រុងឡុងដ៍ដើម្បីចូលរួមចលនានេះ។

នៅឆ្នាំ១៩៤៥ លោកបានចូលជាសមាជិក គណបក្សកុម្មុយនីសបារាំង ហើយបានក្លាយខ្លួនជា«សកម្មជន»នាំមុខមួយរូប ដែលប្រឆាំងនឹងការរំលោភឈ្លានពាន ឬការចូលមកកាន់កាប់ទឹកដី របស់បរទេស។ នៅពេលនោះ លោកបានជាប់​ជាមេ​ដឹកនាំ សមាគមនៃក្រុមនិស្សិតដែលមកពីកោះ រ៉េអឿនីញ៉ុង ហើយចាប់ផ្ដើមមានទំនាក់ទំនងជិតដិត ជាមួយអនាគត​មេ​ដឹកនាំមួយចំនួន ក្នុងនោះមានទាំង«ប៉ុលពត»ផង​។ បុគ្គល«ប៉ុលពត» ដែលក្រោយមក បានក្លាយជានាយករដ្ឋមន្ត្រី​នៃ​កម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩។

នៅចន្លោះពីឆ្នាំ១៩៧០មកឆ្នាំ១៩៧៨ លោកវែរហ្សេស បានបាត់ខ្លួនគួរឲ្យចម្លែកមួយ បន្ទាប់ពីលោកបានធ្វើដំណើរ ទៅ​កាន់ប្រទេសចិន ដើម្បីជួបជាមួយនឹងប្រធានាធិបតីម៉ៅ។ ការបាត់ខ្លួននេះ ធ្វើឲ្យមានការលេចលឺនូវពាក្យចចាមអារ៉ាមថា លោកបានទៅសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីជួយការងារ«ប៉ុលពត»។ ប៉ុន្តែនៅពេលលោកបានបង្ហាញខ្លួនវិញ ក្នុងឆ្នាំ១៩៧៨ លោកបានថ្លែងនៅពេលនោះថា លោកបានរស់នៅក្នុងកញ្ចក់«មួយចំហៀង»ទៀត ដែលគ្មាននរណាម្នាក់ដឹង។

«មិនដែលមាន ការប្រល័យពូជសាសន៍ នៅកម្ពុជាទេ»

សម្រាប់លោកមេធាវី ហ្សាក់ វែរហ្សេស ភារកិច្ចការពារក្ដីឲ្យជនជាប់ចោទរបស់ប្រវត្តិសាស្ត្រ ជាបុព្វហេតុមួយ ដែលលោក​បកស្រាយតាមរយៈគោលជំហរដូច្នេះថា «អ្នកដែលដាក់គ្រាប់បែក ជាអ្នកដែលមានសំនួរ ដែលត្រូវចោទសួរ»។ លោក​ធ្លាប់បានឆ្លើយឆ្លងនឹងបណ្ដាញផ្សព្វផ្សាយ ដែលធ្វើការរិះគន់លើការប្រកាន់គោលជំហររបស់លោក ថា «ខ្ញុំបាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បីការពារក្ដីឲ្យអ៊ីត្លែ»។ លោកបានពន្យល់ក្នុងនាមជាមេធាវី ដែលស្គាល់ពីអាជីពខ្លួនច្បាស់លាស់ថា «នៅ​ពេលមនុស្សម្នាក់គោះទ្ធាការិយាល័យខ្ញុំ សម្រាប់ខ្ញុំគាត់ជាស្ដេច (អតិថិជន) ដែលកំពុងរស់ក្នុងទុក្ខព្រួយ»។

ទាក់ទងនឹងការកាត់ទោសមេដឹកនាំខ្មែរក្រហម ដោយតុលាការវិសមញ្ញអន្តរជាតិ នៅរាជធានីភ្នំពេញ លោកបានទទួលធ្វើ​ជាមេធាវីការពារក្ដី ឲ្យអតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន។ នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យការសែត​ចេញផ្សាយប្រចាំថ្ងៃរបស់អាឡឺម៉ង់ឈ្មោះ ឌឺស្ពៀជែល (Der Spiegel) កាលពីថ្ងៃទី២១វិច្ឆិការឆ្នាំ២០០៨ លោកបានថ្លែង​ឡើងថា «មិនដែលមាន ការប្រល័យពួជសាសន៍ នៅកម្ពុជាទេ»។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានអ្នកនិពន្ធធំៗ និងអ្នក​ប្រវត្តិវិទូជាច្រើនរិះគន់ថា ជាការលើកឡើង«បោកប្រាស»មួយ ហើយបានជេប្រទេចផ្ដាសារ ទៅព្រលឹងជនរងគ្រោះទាំង​រាប់លាននាក់ នៃរបបអាវខ្មៅប្រាំបីខែ ម្ភៃថ្ងៃ៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...