ការ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​របស់​អតីត​រដ្ឋ​មន្ត្រី​កាណាដា រង​ការ​រិះ​គន់

អតីតរដ្ឋមន្ត្រីសហព័ន្ធ នៃប្រទេសកាណាដា លោកស្រីសីឡា កប (Sheila Copps) ត្រូវបានរងការរិះគន់ថា បានប្រញាប់​គាំទ្រលឿនពេក នូវការបោះឆ្នោតក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ខែកក្កដា ខណៈពេលដែលលទ្ធផល​នៃការបោះឆ្នោត​នេះ កំពុងត្រូវបានទាមទារតវ៉ាដោយ ក្រុមគណបក្សប្រឆាំងនោះនៅឡើយ។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: August 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតរដ្ឋមន្ត្រីសហព័ន្ធ នៃប្រទេសកាណាដា លោកស្រីសីឡា កប (Sheila Copps) ត្រូវបានរងការរិះគន់ថា បានប្រញាប់​គាំទ្រលឿនពេក នូវការបោះឆ្នោតក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ខែកក្កដា ខណៈពេលដែលលទ្ធផល​នៃការបោះឆ្នោត​នេះ កំពុងត្រូវបានទាមទារតវ៉ាដោយ ក្រុមគណបក្សប្រឆាំងនោះនៅឡើយ។


ការរាប់សន្លឹកឆ្នោត ក្នុងមណ្ឌលមួយនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

អតីតអ្នកតំណាងរាស្ត្រសេរីនិយម លោកស្រី សីឡា កប ត្រូវបានអញ្ជើញឲ្យក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការមួយ​ឈ្មោះថា អង្គការនិយមកណ្ដាលអាស៊ីប៉ាស៊ីភិកនៃអ្នកប្រជាធិបតេយ្យអន្តរជាតិ ហៅកាត់ CAPDI សម្រាប់ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០១៣នេះ។ អង្គការនេះបានចេញ​សេចក្ដីថ្លែងការណ៍ជាផ្លូវការមួយ វាយតម្លៃលើការបោះឆ្នោតសកលអាណត្តិទីប្រាំនេះ ថាមានភាព«សេរី យុត្តិធម៌ និងមាន​តម្លាភាព» ហើយបានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ ទទួលយកនូវលទ្ធផលនៃការបោះឆ្នោត។

សេចក្ដីថ្លែងការណ៍គាំទ្រនេះ បានធ្វើឡើង ខណៈពេលដែលគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង​របស់​ប្រទេសកម្ពុជា បានច្រានចោលលទ្ធផលផ្លូវការជំហានដំបូង ដែលបានឲ្យដឹងពីការឈ្នះតែបន្តិចបន្តួច របស់គណបក្ស​ប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច លើគណបក្សប្រឆាំង។ គណបក្សប្រឆាំងបានចោទប្រកាន់ គណបក្ស​កាន់អំណាច ដោយមានការឃុបឃិតពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតផង ថាមានការលួចសន្លឹកឆ្នោត​ជាទូទៅ​មួយ សឹងនៅទូទាំងប្រទេសកម្ពុជា ហើយទាមទារឲ្យមានគណកម្មការចម្រុះឯករាជ្យមួយ ត្រូវបានបង្កើតឡើង ដើម្បីស៊ើប​អង្កេតពីភាពមិនប្រក្រតីទាំងនេះ។

ភាពមិនប្រក្រតី ដែលត្រូវបានលើកឡើងដូចគ្នា ដោយក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការស្និតនឹង​ការបោះ​ឆ្នោតនេះ ហើយពួកគេបានទាមទារឲ្យ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយនូវបញ្ហាទាំងអស់នេះ​ដោយ​តម្លាភាព និងការទទួលខុសត្រូវ។

ក្នុងលិខិតមួយទៅកាន់រដ្ឋាភិបាលនៃប្រទេសកាណាដា កាលពីថ្ងៃព្រហស្បត្តិ៍ទី១៥ខែសីហា គណបក្សប្រឆាំងរបស់​ប្រទេសកម្ពុជា បានសុំឲ្យប្រទេសកាណាដាបញ្ជាក់ពីគោលជំហររបស់ខ្លួន លើការបោះឆ្នោតថ្ងៃទី២៨ខែកក្កដានេះ ដោយ​បញ្ជាក់ច្បាស់ថា គណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន អាចនឹងឆ្លៀត«កេងចំណេញ» ពីសេចក្ដីប្រកាសរបស់លោកស្រី សីឡា កប ដើម្បីឃោសនា«ឲ្យមានការយល់ច្រឡំ»។

អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសនៃប្រទេសកាណាដា បានឆ្លើយតបនឹងលិខិតរបស់គណបក្សប្រឆាំងនេះ ដោយបានគូសបញ្ជាក់ថា ប្រទេសកាណាដាតាមដានយ៉ាង«ដិតដល់»ជាទីបំផុត នូវព្រឹត្តិការណ៍ទាំងឡាយ ដែលបាន​កើត​ឡើងចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យរូបនោះបន្ថែមថា អ្នកសង្កេតការណ៍មួយក្រុមនោះ មិនត្រូវបានឧបត្ថម្ភ​ធន់ដោយរដ្ឋាភិបាលកាណាដានោះទេ ហើយរាល់ការសម្រេចចិត្តរបស់ក្រុមនេះ ក៏មិនបានឆ្លុះបញ្ចាំងពីគោលជំហរ របស់​រដ្ឋាភិបាលកាណាដានោះដែរ។

ចំណែកឯលោកស្រី សីឡា កប វិញបានការពារសេចក្ដីសម្រេចចិត្តរបស់លោកស្រី ដោយបានលើកមកអះអាងថា ក្រុម​របស់លោកស្រី ស្ថិតក្នុងចំណោមក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀត ហើយមានការចូលរួមពីអតីតអ្នកនយោបាយ មកពី​ច្រើនជាង២០ប្រទេសក្នុងពិភពលោក។

លោកស្រីបានឲ្យដឹងថា «យើងត្រូវបានអញ្ជើញដោយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសកម្ពុជា ក្នុង​ការតាមដានសង្កេតនៅថ្ងៃបោះឆ្នោត។ វាជាវិធីដែលគេតែងតែធ្វើ ក្នុងការអញ្ជើញអ្នកមានបទពិសោធន៍ ពីប្រទេសផ្សេង​ទៀត ដើម្បីត្រួតពិនិត្យការបោះឆ្នោត។»

ដោយឡែក សាស្ត្រាចារ្យវិទ្យសាស្ត្រនយោបាយមួយរូប ពីសកលវិទ្យាល័យរ៉ាយអើសុន (Ryerson) លោក ពៅ សុភ័ណ្ឌ បាននិយាយថា លោកស្រី សីឡា កប អាចនិយាយពីអ្វីដែលលោកស្រីយល់ឃើញ ក្នុងនាមជាពលរដ្ឋមួយរូប។ លោក​សាស្ត្រាចារ្យបាននិយាយថា «តែបើនិយាយឲ្យពិត និងជាការយល់ឃើញរបស់ខ្ញុំ ជំហររបស់ CAPDI មានចរិកនយោបាយ​ដ៏ខ្លាំងមួយ ព្រោះជំហរនេះត្រូវបានប្រើប្រាស់ ដើម្បីអះអាងពីភាពត្រឹមត្រូវនៃលទ្ធផលនៃការបោះឆ្នោតនេះ ដែលស្ថិតក្នុង​ការជម្ទាស់តវ៉ានៅឡើយ»៕

---------------------------------------------------------
ដោយៈ សុបិន្ត - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...