សភា​អ៊ឺរ៉ុប​អនុម័ត​ដំណោះស្រាយ​១៣ចំណុច ប្រឆាំង​របប ហ៊ុន សែន

ដំណោះស្រាយទាំង១៣ចំណុចនោះ មានលក្ខណៈជាការរួមបញ្ចូលគ្នា រវាងញត្តិជាច្រើន ដែលត្រូវបានក្រុមសមាជិកសភាអ៊ឺរ៉ុប ដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គ លើកទី៣៩ របស់សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាស្បួរិ៍ ភាគខាងកើតបារាំង។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលតាមដានយ៉ាងប្រកិត ពីព្រឹត្តិការណ៍នេះ សូមជម្រាបជូន ពីខ្លឹមសារទាំងស្រុង នៃដំណោះស្រាយនេះ ដូចខាងក្រោម។
សភា​អ៊ឺរ៉ុប​អនុម័ត​ដំណោះស្រាយ​១៣ចំណុច ប្រឆាំង​របប ហ៊ុន សែន
អង្គប្រជុំពេញអង្គ របស់សភាអ៊ឺរ៉ុប ដែលស្ថិតនៅក្នុងក្រុង ស្ត្រាស្បួរិ៍ ភាគខាងកើតប្រទេសបារាំង។ (រូបថត EU)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 13, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចប្រិយមិត្តអ្នកអាន បានជ្រាប​នៅក្នុងអត្ថបទ ចេញផ្សាយមុនៗហើយ ថាសភាសហភាពអ៊ឺរ៉ុប បានបើកសម័យប្រជុំពេញអង្គ លើកទី៣៩ របស់ខ្លួន ដោយ​​យក​វិបត្តិ​នយោបាយ នៅក្នុងប្រទេសកម្ពុជា មកជជែកដេញដោល ជាលក្ខណៈ«បន្ទាន់» មុននឹងស្ថាប័ន​នីតិបញ្ញត្តិ​ របស់​សហភាពអ៊ឺរ៉ុប​មួយនេះ បោះឆ្នោតអនុម័ត សម្រេច​​យក «ដំណោះស្រាយ» មួយ ដែលមាន១៣ចំណុច ពិសេសជាងដំណោះស្រាយ រាល់ដងកន្លងមក សម្រាប់ដាក់ជូន ទៅគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់។

ដំណោះស្រាយអនុម័តរួច ដែលចេញពីសេចក្ដីស្នើ លេខ «RC-B8-0366/2018» គឺជាការរួមបញ្ចូលគ្នា រវាងញត្តិស្នើដំណោះស្រាយជាច្រើន ដែលត្រូវបានដាក់ចូលមកសភាអ៊ឺរ៉ុប តាំងពីដើមសប្ដាហ៍នេះមក ដោយក្រុមតំណាងរាស្ត្រអ៊ឺរ៉ុប ពីច្រើនគណបក្សនយោបាយ និងច្រើនប្រទេស ដែលជាសមាជិករបស់សហភាពអ៊ឺរ៉ុប។ ដំណោះស្រាយនេះ ត្រូវបានសរសេរគ្រប់ភាសា (លើកលែងតែភាសាដើម នៃជនជាតិអៀឡង់) ដែលសហភាពអ៊ឺរ៉ុបប្រើប្រាស់ នៅក្នុងស្ថាប័នរបស់ផងខ្លួន។

ខាងក្រោមនេះ ជាខ្លឹមសារទាំង១៣ចំណុច (បកប្រែក្រៅផ្លូវការ) នៃដំណោះស្រាយខាងលើ៖

សភាអ៊ឺរ៉ុប...

១. កត់សម្គាល់ថា លោក កឹម សុខា (ប្រធានគណបក្សសង្គ្រោះជាតិ) ត្រូវបានដោះលែង ក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង - បរិហារទង្វើនៃការដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្នុងគេហដ្ឋាន ដែលមានការឃ្លាំមើល - ស្នើឲ្យលើកលែង គ្រប់ការចោទប្រកានទាំងអស់ ដែលដាក់ទៅលើលោក កឹម សុខា និងស្នើឲ្យដោះលែងលោកភ្លាមៗ និងជាស្ថាពរ - ស្នើក្នុងពេលតែមួយ ថាការចោទប្រកាន់ និងសាលដីកា ដែលមានចរិតនយោបាយផ្សេងទៀត ប្រឆាំងនឹងអ្នកនយោបាយប្រឆាំងទាំងអស់ រាប់បញ្ចូលទាំងលោក សម រង្ស៊ី (អតីតប្រធានគណបក្សសង្គ្រោះជាតិ) ត្រូវបានបោះបង់ចោល។

២. សំដែងការព្រួយបារម្ភ អំពីស្ថានភាពសុខភាព លោក កឹម សុខា និងអំពាវនាវឱ្យអាជ្ញាធរកម្ពុជា អនុញ្ញាតឱ្យលោក ទទួលបានការព្យាបាលត្រឹមត្រូវ - ស្នើឱ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យលោក កឹម សុខា ជួបអ្នកការទូតបរទេស មន្រ្តីអង្គការសហប្រជាជាតិ និងអ្នកសង្កេតការណ៍ សិទ្ធិមនុស្ស។

៣. សំដែងការជឿជាក់ថា ការបោះឆ្នោតនៅកម្ពុជា មិនអាចចាត់ទុកថា មានលក្ខណៈសេរី និងយុត្តិធម៌ទេ - សម្តែងការព្រួយបារម្ភ យ៉ាងធ្ងន់ធ្ងរ ចំពោះការប្រព្រឹត្ដ និងលទ្ធផល នៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ នៅកម្ពុជា ដែលទទួលបរាជ័យ ក្នុងការបង្កើតដំណើរការ គួរឱ្យទុកចិត្តមួយ ហើយត្រូវបានថ្កោលទោស ដោយសហគមន៍អន្តរជាតិ។

៤. អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យធ្វើការ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងគោរពសិទិ្ធមនុស្ស និងសេរីភាពជាមូលដ្ឋាន ដែលរួមទាំងការអនុវត្ត យ៉ាងពេញទំហឹង នូវបទបញ្ញត្តិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ស្តីពីលទ្ធិពហុនិយម និងសេរីភាព ខាងការបង្កើតនិងការបញ្ចេញមតិ - អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យលុបចោល​នូវវិសោធនកម្មថ្មីៗ​ទាំងអស់ លើរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់សហជីព ច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល និងច្បាប់ដទៃទៀត ដែលដាក់កំហិត លើសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពនយោបាយ ដែលមិនស្របនឹងកាតព្វកិច្ច​របស់កម្ពុជា និងស្តង់ដារអន្តរជាតិ។

៥. បញ្ជាក់ថាដំណើរការប្រជាធិបតេយ្យ ដែលគួរឱ្យទុកចិត្ត តម្រូវឱ្យមានបរិយាកាស ដែលគណបក្សនយោបាយ ក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចបំពេញ តួនាទីស្របច្បាប់របស់ពួកគេ ដោយគ្មានការភ័យខ្លាច ការគំរាមកំហែង ឬការដាក់កំហិតដោយបំពាន - អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការចាំបាច់ ដើម្បីធានាថា ការរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានលប់ចេញវិញ យ៉ាងឆាប់រហ័ស។

៦. ទទូចឡើងវិញ ពីការអំពាវនាវរបស់ខ្លួន ដល់រដ្ឋាភិបាលកម្ពុជា ឱ្យបញ្ចប់ការគំរាមកំហែង ការរំលោភបំពាន និងការចោទប្រកាន់ ក្រោមបទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងសមាជិក នៃគណបក្សប្រឆាំង អ្នកការពារសិទិ្ធមនុស្ស ក្រុមសហជីព និងអ្នកការពារសិទ្ធិការងារ សិទ្ធិដីធ្លី និងសកម្មជនសង្គមស៊ីវិល ដទៃទៀត និងអ្នកសារព័ត៌មាន - អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងពលរដ្ឋទាំងអស់ ដែលត្រូវបានឃាត់ខ្លួន ពីការអនុវត្តន៍សិទិ្ធមនុស្ស របស់ពួកគេដែលក្នុងនោះ មានលោក ជេម រីគេសុន (James Ricketson - សមិទ្ធិករភាពយន្ដអូស្ត្រាលី) និងទម្លាក់ចោល នូវរាល់ការចោទប្រកាន់ ប្រឆាំងនឹងពួកគេ។

៧. គាំទ្រការសំរេចចិត្ត ផ្អាកជំនួយផ្នែកបោះឆ្នោត របស់សហភាពអឺរ៉ុប ដល់កម្ពុជា - រំលឹកពីកាតព្វកិច្ចជាតិ និងអន្តរជាតិ ទាក់ទងទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមូលដ្ឋាន ដែលកម្ពុជាបានផ្ដល់សច្ចាប័ន - ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើកំណែទម្រង់ សម្រាប់ភាពល្អប្រសើរឡើង នៃលទ្ធិប្រជាធិបតេយ្យ និងអនុវត្តតាមបទដ្ឋានអប្បបរមា ដែលបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់ដំណើរការបោះឆ្នោត នាពេលអនាគត រួមទាំងការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ មានការចូលរួម ពីគ្រប់គណបក្ស ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯករាជ្យពិតប្រាកដ និងការចូលរួម ពីអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងការឃ្លាំមើល និងរាយការណ៍ អំពីការបោះឆ្នោត។

៨. រំលឹករដ្ឋាភិបាលកម្ពុជាថា ត្រូវតែបំពេញកាតព្វកិច្ច និងការប្តេជ្ញារបស់ខ្លួន ទាក់ទងនឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមូលដ្ឋាន ដែលជាធាតុផ្សំដ៏សំខាន់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុបនិងកម្ពុជា និងលក្ខខណ្ឌ នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA»។

៩. ស្វាគមន៍ចំពោះបេសកកម្ម ស្វែងរកការពិត របស់សហភាពអឺរ៉ុប នាពេលថ្មីៗនេះ (កាលពីដើមខែកក្កដា) នៅកម្ពុជា ក្រោមលក្ខខណ្ឌ នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» និងអញ្ជើញគណៈកម្មការអ៊ឺរ៉ុប ឱ្យបញ្ជូនរបាយការណ៍នេះ ទៅកាន់សភាអ៊ឺរ៉ុប ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន - អំពាវនាវ ឱ្យគណៈកម្មការអ៊ឺរ៉ុប ពិចារណាពីផលវិបាក ដែលអាចកើតមាន នៅក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (របស់សហភាពអ៊ឺរ៉ុប) ដែលកម្ពុជាទទួលបាន រួមទាំងការចាប់ផ្តើមស៊ើបអង្កេត ក្រោមយន្តការដែលមានចែងស្រាប់ នៅក្នុងប្រព័ន្ធអនុគ្រោះពន្ធ «EBA»។

១០. អំពាវនាវ ដល់ការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE) និងគណកម្មការអ៊ឺរ៉ុប ឲ្យបង្កើតបញ្ជីខ្មៅមួយ ដែលមានចុះឈ្មោះបុគ្គល ដែលទទួលខុសត្រូវ ចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងរដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់ទណ្ឌកម្ម ដោយកំហិតលើទិដ្ឋាការ (ចូលទឹកដីអ៊ឺរ៉ុប) និងបង្កកទ្រព្យសម្បត្តិ របស់ពួកគេ។

១១. អំពាវនាវ ដល់អនុប្រធានគណៈកម្មការ / តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ (គឺអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី - Federica Mogherini) ដើម្បីតាមដានយ៉ាងដិតដល់ នូវស្ថានភាពនៅកម្ពុជា - អំពាវនាវទៅការិយាល័យ «EEAS/SEAE» និងរដ្ឋជាសមាជិកនានា ឱ្យចាត់វិធានការ និងដឹកនាំកិច្ចខិតខំប្រឹងប្រែង នៅក្នុងកិច្ចប្រជុំលើកទី ៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ឆ្ពោះទៅការអនុម័តដំណោះស្រាយ ដ៏រឹងមាំមួយ ដែលដោះស្រាយស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។

១២. អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យចុះហត្ថលេខាជាថ្មី លើអនុស្សារណៈ នៃការយោគយល់ (MOU) ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលផុតកំណត់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ។

១៣. ចាត់ប្រធានសភាអ៊ឺរ៉ុប ឲ្យបញ្ជូនសេចក្ដីសំរេចនេះ ទៅក្រុមប្រឹក្សាអ៊ឺរ៉ុប, គណៈកម្មការអ៊ឺរ៉ុប, អនុប្រធានគណៈកម្មការ និងជាតំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ (គឺអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី - Federica Mogherini), ការិយាល័យ «EEAS/SEAE», អគ្គលេខាធិការអាស៊ាន, រដ្ឋាភិបាល និងសភា នៃរដ្ឋជាសមាជិក, និងរដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា។

សេចក្ដីសម្រេចដំណោះស្រាយខាងលើ ត្រូវបានអនុម័តដោយសភាអ៊ឺរ៉ុប ចុះលេខ «P8_TA(2018)0346» ហើយអាចរកពិគ្រោះបាន ជាច្រើនភាសា​ នៅទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...