បក្ស​​នយោបាយ​ទាំង​ពីរ ជួប​​ចរចា​នៅ​ព្រឹទ្ធ​សភា ​ដោយ​​«បិទទ្វា»

កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅ​ដូចការ​គ្រោង​ទុក តែដំណើរការនៃកិច្ចចរចានយោបាយនេះ បានធ្វើឡើងដោយអសាធារណៈ ពោលគឺមិនអនុញ្ញាត​ឲ្យអ្នកណា​ម្នាក់ចូលក្នុងបន្ទប់ប្រជុំ ក្រៅពីសមាសភាពអ្នកចរចាទាំងពីរគណបក្សនោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅ​ដូចការ​គ្រោង​ទុក តែដំណើរការនៃកិច្ចចរចានយោបាយនេះ បានធ្វើឡើងដោយអសាធារណៈ ពោលគឺមិនអនុញ្ញាត​ឲ្យអ្នកណា​ម្នាក់ចូលក្នុងបន្ទប់ប្រជុំ ក្រៅពីសមាសភាពអ្នកចរចាទាំងពីរគណបក្សនោះទេ។


កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ចាប់ផ្ដើមដោយការចាប់ដៃ នៅមុខអ្នកកាសែត។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ដូចការគ្រោងទុក នៅម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ នេះ ក្រុមការងារមកពីគណបក្ស​សង្រ្គោះ​ជាតិ មានលោក សុន ឆ័យ លោក គួយ ប៊ុនរឿន និងលោក ញ៉ែម ប៉ុញ្ញាឬទ្ធិ។ រីឯក្រុមការងារមកពី​គណបក្ស​ប្រជាជន​កម្ពុជា មានលោក ព្រំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ។ ក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សទាំងពីរ  បានផ្តើមចរចានយោបាយក្នុងបន្ទប់ពិសេស នៅ​អាគារព្រឹទ្ធសភា  តែជាការចរចា ដែលបានប្រព្រឹត្តទៅដោយបិទទ្វារ គឺមិនអនុញ្ញាតឲ្យអ្នកការសែត ឬមន្រ្តីអង្គការសង្គមស៊ីវិល ចូលយកព័ត៌មាន ឬឃ្លាំមើលនោះទេ ពោលគឺគ្រាន់តែ​អនុញ្ញាត​ឲ្យផ្តិតយករូបភាពបន្តិចបន្តួចប៉ុណ្ណោះ។

មុនដើរចូលទៅក្នុងបន្ទប់ចរចា លោក ព្រំ សុខា សមាសភាព មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់​អ្នក​ការសែត យ៉ាងខ្លីថា លោក មិនទាន់អាចនិយាយអ្វីបានទេ នៅពេលការចរចាមិនទាន់ បានបញ្ចប់។ តែលោក ព្រំ សុខា កាលពីម្សិលមិញបានថ្លែងប្រាប់វិទ្យុក្នុងស្រុកថា ការចរចានៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នេះ គឺមិនលើក​យកការ​ទាមទារ ឲ្យបោះឆ្នោតមុនបញ្ចប់អាណត្តិ យកមកជជែកនោះទេ ព្រោះការទាមទារនោះ មានន័យស្មើនឹងមិន​ទទួល​ស្គាល់លទ្ធផលបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

ចំណែក លោក គួយ ប៊ុន រឿន សមាសភាព មកពីគណបក្សសង្រ្គោះជាតិ ក៏បានថ្លែងប្រាប់អ្នកការសែត មុនដើរ​ចូលក្នុងបន្ទប់ប្រជុំយ៉ាងខ្លីថា លទ្ធផលនៃកិច្ចចរចានៅព្រឹកនេះ នឹងលាតប្រដាងនៅក្រោយការប្រជុំ។ យ៉ាងណាក្តី ក៏គោលជំហររបស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ត្រូវបានគេដឹងរួចទៅហើយថា គឺចង់កែទម្រង់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងទទូចឲ្យមានការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ។

ជុំវិញករណីនេះលោក កែម ឡី ជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា ធ្លាប់បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា ការចរចានយោបាយជាថ្មីរបស់គណបក្សទាំងពីរ គឺមិនបរាជ័យទាំងស្រុងនោះទេ យ៉ាងហោច​ណាស់បានសម្រាលភាពតានតឹង និងជំរុញឲ្យមានការផ្លាស់ប្តូរ នូវចំណុចខ្វែងគំនិតគ្នា។ លោក កែម ឡី បន្ថែមថា ការចរចា គួរផ្តោតសំខាន់ទៅលើបញ្ហាស្នូល ដែលប្រទេសកម្ពុជា កំពុងប្រឈម និងបង្កផលប៉ះពាល់ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ ជៀសជាងគ្រាន់តែលើកពីការកែទម្រង់(គ.ជ.ប) និងការចែកអំណាចគ្នា នៅរដ្ឋសភា និងរដ្ឋាភិបាល៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...