កាសែត​បារាំង៖ អតីត​ជន​កុម្មុយនីស​បញ្ជា​ឲ្យ​ហៅ​ខ្លួន​ជា​«សម្ដេច»

ពិភពលោកទាំងមូល ច្បាស់ជាត្រូវបង្ខំចិត្តអាន និងស្វែងយល់ថា តើពាក្យ«សម្ដេច​អគ្គមហា​សេនា​ធិបតី តេជោ» ដែលជា​គោរមងារ​របស់​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ មានន័យ​យ៉ាងដូចម្ដេច ចាប់ពីដើមខែកក្កដាតទៅ។ គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​សារព័ត៌មាន​ទាំង​អស់ ដែល​មាន​ទីតាំង ឬអ្នកយកព័ត៌មាន​របស់ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​អាជ្ញាធរ​របស់​ប្រទេស​នេះ បង្គាប់​ឲ្យ​ហៅ​លោក ហ៊ុន សែន នៅ​ក្នុងសេចក្ដី​រាយការណ៍ ឬសរសេរ​ក្នុង​អត្ថបទ​របស់​ផង​ខ្លួន ដោយប្រើ​គោរមងារ​នេះជាកំហិត។ តើប្រព័ន្ធផ្សព្វផ្សាយនៅបរទេស ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយជាភាសាបារាំង យល់​ឃើញ​ដូចម្ដេច?
កាសែត​បារាំង៖ អតីត​ជន​កុម្មុយនីស​បញ្ជា​ឲ្យ​ហៅ​ខ្លួន​ជា​«សម្ដេច»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលលោកនៅជក់បារី។ (រូបថតសហការី)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៤ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 15, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាច្បាស់ជាចម្លែកណាស់ ប្រសិនបើគេចូលទៅអានអត្ថបទ របស់ទីភ្នាក់ងារព័ត៌មានល្បីៗ មួយចំនួន ដែល​មាន​ទីតាំងសរសេរ និងអ្នកយកព័ត៌មានពីក្នុងប្រទេសកម្ពុជា ដូចយ៉ាង «AFP» «Reuters» ឬក៏​«AP»ជា​ដើម​នោះ ហើយឃើញ​អត្ថបទ​សរសេរ​ជាភាសាអង់គ្លេស ឬបារាំង ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​គោរមងារ​របស់​លោក ជា​«សម្ដេច​អគ្គ​មហាសេនា​ធិបតី តេជោ» ខណៈការហៅរបៀបនេះ មិនមានពីមុនមកទេ។

ប៉ុន្តែចង់មិនចង់ ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា បានចេញឱសានវាទហើយ ដោយទុកពេលឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់ រហូតដល់ចុងខែមិថុនា ដើម្បីហាត់សមរៀននិយាយ ឬសរសេរគោរមងារ របស់លោក ហ៊ុន សែន នៅក្នុងសេចក្ដីរាយការណ៍ ឬអត្ថបទរបស់ពួកគេ។ ហួសពីរយៈពេលនេះទៅ ប្រសិនជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ណា មិនធ្វើតាមបទបញ្ជានេះទេ នោះក្រសួងព័ត៌មាននឹងមានវិធានការ ដូចជាមិនចេញអាជ្ញាបណ្ណ ឬហាម​មិន​ឲ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​ក្នុង​ស្រុក ជួលម៉ោងផ្សាយទៅឲ្យជាដើម។

តាមពិតទៅ បើសិនជាសារព័ត៌មាន​នៅបស្ចឹមលោក ហៅលោក ហ៊ុន សែន ទៅតាមតួនាទីរបស់លោក​​ជា​នាយក​រដ្ឋមន្ត្រី និងកុំឲ្យតែសារព័ត៌មានទាំងនោះ រំលឹករឿងរ៉ាវអតីតកាលរបស់លោក កាលពីលោក​នៅ​ជា​កម្មាភិបាល​ខ្មែរ​ក្រហម ឬជាអតីតជនកុម្មុយនីស ដែលត្រូវយួនលើកបន្តុបនោះ វាដូចជាគ្រប់គ្រាន់ និង​ស័ក្ដិសម​ណាស់​ទៅ​ហើយ។ ព្រោះបើគេបានចូលទៅអាន អត្ថបទជាច្រើនកន្លងមក ដែលចុះផ្សាយ​ដោយ​សារព័ត៌មាន​បារាំង ដូច​យ៉ាង​សារព័ត៌មាន​តំបន់ ឈ្មោះ «Ouest-Fance» នេះជាដើម សុទ្ធតែធ្លាប់សរសេរ​ហៅ​លោក ហ៊ុន សែន ច្បាស់ៗ​តែ​ម្ដង ថាលោកជានាយករដ្ឋមន្ត្រីកុម្មុយនីស។

ប៉ុន្តែនេះ រដ្ឋាភិបាលកម្ពុជា​បានបង្គាប់​ឲ្យអ្នកសារព័ត៌មាន​ទាំងឡាយ​ ហៅលោក ហ៊ុន សែន ទៅតាម​គោរមងារ​ជា«សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន» ក្រោមមូលហេតុថា ជាគោរមងារ​ដែលផ្ដល់​ដោយ​ព្រះ​មហាក្សត្រ និងជាប្រពៃណីរបស់ខ្មែរ។ គោរមងារនេះ គ្មាននៅក្នុងភាសាបារាំងទេ។ តែ​សម្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង (AFP) បានបកប្រែគោរមងារនេះ ទៅជាភាសាបារាំងក្រៅផ្លូវការថា «Glorieux, suprême Premier ministre et puissant commandant»។

ទស្សនាវដ្ដីបារាំង ឈ្មោះ «L'Express» បានរំលឹកយក​មកបញ្ជាក់ឡើងវិញ​​ពីបទបញ្ជានេះ ​ថាត្រូវបាន​ប្រកាស​ធ្វើឡើង នៅក្នុងអង្គប្រជុំមួយ នា​ទីស្ដីការ​ក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ និងបានវាយតម្លៃថា វា​ទំនង​ជា​បទ​បញ្ជា​មួយ ដែលបាញ់មុខព្រួញ ទៅ​រក​តែ​ប្រព័ន្ធផ្សព្វផ្សាយ​ស្និត​នឹង​គណបក្ស​ប្រឆាំង ឬប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និងសារព័ត៌មានបរទេស ដែល​មាន​ទីតាំង​សាខា ឬ​អ្នក​​យក​ព័ត៌មាន​របស់​ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា។ ទស្សនាវដ្ដីបានសរសេរបន្តថា នៅពេល​ជិត​ដល់​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៨​ខាងមុខ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលនិយមប្រើអំណាចផ្ដាច់ការ (L'autoritaire Premier Ministre) កំពុង​ប៉ុនប៉ង​ដុស​ខាត់ និងថ្នាក់ថ្នមយ៉ាងខ្លាំង នូវរូបភាពរបស់លោក នៅតាម​បណ្ដាញ​សង្គម និង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

សម្រាប់សារព័ត៌មានមួយចំនួនទៀត បានភ្ជាប់ករណីនេះ ថាដូចគ្នាទៅនឹងការបង្គាប់​បញ្ជា ដែល​គេ​ធ្លាប់​ឃើញ នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ​មួយចំនួន ដូចជាប្រទេសកូរ៉េខាងជើងជាដើម។ អ្នកស្រី សូហ្វី ប៊័សូរ ឌុយរ៉ូឆេ (Sophie Boisseau du Rocher) អ្នកស្រាវជ្រាវមួយរូប របស់វិទ្យាស្ថានបារាំងផ្នែកទំ​នាក់​ទំនង​អន្តរជាតិ និង​ជា​អ្នក​ជំនាញ​ទាក់ទងនឹង​តំបន់​អាស៊ី​អាគ្នេយ៍ ត្រូវបានវិទ្យុបារាំងអន្តរជាតិ «RFI» ដកស្រង់សំដីទាក់ទងនឹង​បទបញ្ជា​ថ្មី មក​បញ្ជាក់​ថា នេះជា​ជំហាន​មួយ​ទៀត​​ របស់​លោក ហ៊ុន សែន ក្នុងការក្ដោបក្ដាប់យកអំណាច ឲ្យប្រៀប​ស្មើរ​នឹង​ព្រះ​ចៅ​អធិរាជ (Editor's Note៖ «Dieu-Roi» ឬស្ដេច​ដែល​ទទួល​បាន​ការគោរព​ខ្លាំង ​ស្មើរនឹងអាទិទេព ដូច​ជា​ព្រះ​បាទ​សូរ្យវន្ម័នទី២ ឬព្រះបាទ​ជ័យវន្ម័នទី៧​ជា​ដើម)។

អ្នកស្រាវជ្រាវជាតិបារាំងរូបនេះ បានពន្យល់បន្តថា លោក ហ៊ុន សែន កំពុងបង្កើតឲ្យមាន នូវការ​បន្ត​ស្នង​ត្រកូល​នយោបាយ​ផ្ទាល់ខ្លួន ពីឪពុកទៅកូន (ជាឧទាហរណ៍ ដូចប្រទេសកូរ៉េខាងជើងសព្វថ្ងៃ) ដោយ​បាន​ដាក់​កូន​ប្រុស​​ទាំង​បី​របស់លោក ឲ្យកាន់តំណែងសំខាន់ៗ នៅក្នុងកងទ័ព នគរបាល និងនៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី បានថ្លែងឲ្យដឹងថា៖ «គេអាចបារម្ភពីល្បិចកិច្ចកលថ្មីទៀត របស់លោក ហ៊ុន សែន ដែល​គួរ​ឲ្យ​ស្ដាយ វា​មិន​ត្រឹម​តែ​ជា​ល្បិច​កិច្ចកលនោះទេ តែជាយុទ្ធសាស្ត្រនយោបាយ​របស់លោក ហ៊ុន សែន ដើម្បី​បង្កើត​ឲ្យ​មាន នូវ​ការ​ស្នង​ត្រកូល​នយោបាយមួយ តាមបែបផ្ដាច់ការ ដើម្បីបន្តកាន់អំណាច នៅកម្ពុជា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...