ធី សុវណ្ណថា៖ បេសកកម្មដើម្បីការផ្លាស់ប្ដូរ ទាំងនៅវ័យក្មេង
- ដោយ: ក. សុខឃៀង ដោយ ក. ស៊ន សុខឃៀង ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤
- កែប្រែចុងក្រោយ: January 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ល្បីទាំងវ័យក្មេង - មានយុវជនដែលលេងហ្វេសប៊ុកតិចណាស់ ដែលមិនសូវស្គាល់កញ្ញា ធី សុវណ្ណថា យុវតីវ័យក្មេង ដែលមើលទៅហាក់ដូចជាដើរតួនាទីច្រើនដូចជា អ្នករាយការណ៍ព័ត៌មានទាន់ហេតុការណ៍ ពីទិដ្ឋភាពសង្គមខែ្មរ រាយការណ៍ពីសកម្មភាពគណបក្សសង្គ្រោះជាតិ ឬពេលខ្លះដើរតួជាអ្នករកមូលនិធិក្រៅប្រទេស សំរាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមប្រពន្ធ័ផ្សព្វផ្សាយហ្វេសប៊ុកផ្ទាល់ខ្លួន។ ហើយពេលខ្លះ គេក៏បានសង្កេតឃើញថា ការនិយាយស្តីរិះគន់ចំៗ និងធ្វើការវាយប្រហារដោយត្រង់ៗ ទៅរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការញញើត ឬភ័យខ្លាចសូម្បីបន្តិចណាឡើយ។
ក្នុងបទសម្ភាសន៍មួយ ជាមួយទស្សនាវដ្តី មនោរម្យព័រអាំងហ្វូ យុវតីស្រដីមុតរូបនេះ បានពន្យល់ថា «ស្របពេលគ្រប់អាយុបោះឆ្នោត ១៨ឆ្នាំ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ កន្លងទៅនេះ គឺដល់ពេលដែលសន្លឹកឆ្នោតរបស់ខ្ញុំ មានតំលៃ ក្នុងការបង្ហាញឆន្ទៈស្រលាញ់ពេញចិត្ត ទៅលើគោលនយោបាយទាំងប្រាំពីរ របស់គណបក្សសង្គ្រោះជាតិ ដោយចង់ប្តូរមេដឹកនាំថ្មី»។ ជាពិសេស សុវណ្ណថា បាននិយាយចំៗ មិនគាំទ្រ និងមិនពេញចិត្ត លើគណបក្សកាន់អំណាច ព្រោះតែឃើញពី ភាពអសកម្ម នៅក្នុងសង្គម អំពើអយុតិ្តធម៌ ការកេងប្រវណ្ឌ័បន្លំដីធ្លី រំលោភបំពានពីប្រជាពលរដ្ឋខែ្មរស្លូតត្រង់ បានកើតឡើងយ៉ាងព្រោងព្រាត នៅលើទឹកដីកំណើតរបស់នាង។
ស្ថិតក្នុងវ័យ១៨ ឈានចូល១៩ឆ្នាំ កំពស់ខ្ពស់ និងសម្បុរសស្រអែមទៀតនោះ ធីសុវណ្ណថា ជាយុវតីរៀនថ្នាក់ទី១១ នៅសាលាឯកជនបែបគ្រស្តិសាសនា (Cambodia Adventist School ) ថែមជាកូនច្បង ក្នុងចំណោមបងប្អូនប្រុស៣នាក់។ ហើយសព្វថៃ្ងនេះ នាងតែងឆ្លៀតពេលទំនេរពីការសិក្សា ធ្វើការអំពាវនាវ ពីសប្បរសជនក្រៅប្រទេស ទទួលទូរសព្ទ័ទៅទទួលលុយ និងយកលុយនោះទៅជូនដល់ជនរងគ្រោះ ដូចជានៅមន្ទីរពេទ្យ ឬតាមខេត្តនានាជាដើម។
នៅលើទំព័រហ្វេសប៊ុករបស់នាង ដែលមានអ្នកតាមដានច្រើនជិត ២០ម៉ឺននាក់នោះ គេបានសង្កេតឃើញមានពាក្យជេរប្រមាថ និងរិះគន់របស់អ្នកផ្តល់មតិ (COMMENT) ជាច្រើន ចំពោះនាង។ អ្នកខ្លះចោទប្រកាន់ថា ជាសាច់ញាតិរបស់បក្សសង្គ្រោះជាតិ ជាកូនរបស់លោកកឹមសុខា ឬ ជាក្មួយលោក សម រង្ស៉ី ដែលតាមពិត នាងគ្រាន់តែស្ថិតនៅក្នុងគ្រួសារ ជាអ្នកជំនួញសាមញ្ញតែប៉ុណ្ណោះ។ ហើយពេលខ្លះ គេថានាងតាំងខ្លួនចង់ល្បីក្នុងឆាកនយោបាយ និងលាបពណ៌នាងថាជាអ្នកញុះញង់ អោយខែ្មរឈ្លោះគ្នានោះថែមទៀត។
តែយ៉ាងណាក៏ដោយ ក៏សុវណ្ណថា កញ្ញានៅតែបន្តសកម្មភាពមនុស្សធម៌ សកម្មភាពស្រលាញ់ខែ្មរដូចគ្នា ដើម្បីសបញ្ជាក់ថា នាងមិនបានធ្វើអ្វី ដូចដែលគេយល់ច្រឡំនោះទេ។ ចំពោះការចូលរួមក្នុងរឿងនយោបាយ នាងបានអះអាងច្បាស់ៗថា ការចូលរួមនេះ ចង់អោយយុវជនទាំងអស់ ក្រោកឈរ ហ៊ាននិយាយ ហ៊ានតវ៉ារាល់អ្វី ដែលយុវជនទាមទារចង់បានពីរដ្ឋាភិបាល។
ចូលដល់សំនួរផ្ទាល់ខ្លួនថា សុវណ្ណថា មានសង្សារនៅ? នាងដូចនិយាយឆ្លើយតបទាំងអៀននិងបង្អូសសំលេងថា នាងអត់ទាន់គិតរឿងនេះទេ តែអោយមនុស្សប្រុសម្នាក់នោះជាខែ្មរដូចគ្នា និងមានឆន្ទះស្រលាញ់ជាតិដូចនាងដែរ។ ហើយនៅថៃ្ងអនាគត សុវណ្ណថា មានគំរោងចង់សិក្សាជំនាញទំនាក់ទំនងការទូត និងចង់ក្លាយជាអ្នកនយោបាយទៀតផង៕
--------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤